ខេត្ត Dak Lak ឧបត្ថម្ភផ្ទះដល់គ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិច
កប.អនឡាញ - ដោយអនុវត្តសេចក្តីសម្រេចលេខ ១៧១៩/QD-TTg ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ របស់នាយករដ្ឋមន្ត្រីស្តីពី "ការអនុម័តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥" (ហៅកាត់ថាកម្មវិធីលេខ ១៧១៩) រហូតមកដល់ពេលនេះ គ្រួសារជនជាតិភាគតិចក្រីក្ររាប់ពាន់គ្រួសារក្នុងខេត្ត Dak Lak តំបន់ខ្ពង់រាបកណ្តាលវៀតណាម ត្រូវបានជួយសាងសង់ផ្ទះរឹងមាំ និងធំទូលាយ។
នាពេលថ្មីៗនេះ យើងមានឱកាសបានស្វែងយល់ពីស្ថានភាពជាក់ស្តែងនៅភូមិ M’um ឃុំ Cu Prong ស្រុក Ea Kar។ ភូមិនេះមានគ្រួសារចំនួន ៤៧ គ្រួសារ ជាមួយជនរួមជាតិ Ede ចំនួន ២០៩ នាក់ ដែលក្នុងនោះមានគ្រួសារក្រីក្រចំនួន ២៨ គ្រួសារ គ្រួសារជិតបន្ទាត់ក្រីក្រចំនួន ៩ គ្រួសារ ហើយគ្រួសារជាច្រើនដែលមានការលំបាកអំពីលំនៅឋាន។ លោក Y Dem Mlo មេភូមិ M’um បានឲ្យដឹងថា នៅឆ្នាំ២០២៣ ភូមិ M’um មាន ៥ គ្រួសារ ទទួលបានការជួយសាងសង់ផ្ទះ រហូតមកដល់ពេលនេះ ផ្ទះទាំង ៥ ខ្នង ត្រូវបានសាងសង់រួច។ ក្រៅពីគ្រួសារដែលបានទទួលការឧបត្ថម្ភផ្ទះនោះ គ្រួសារជាច្រើនទៀតនៅក្នុងភូមិក៏ត្រូវបានកម្មវិធីលេខ១៧១៩ ឧបត្ថម្ភសត្វគោ និងពូជដំណាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ជំនួយពីរដ្ឋ ជាកម្លាំងចលករសម្រាប់គ្រួសារក្រីក្រអភិវឌ្ឍសេដ្ឋកិច្ចជាបណ្តើរៗ និងរក្សាលំនឹងជីវភាពរស់នៅ។
|
|
គ្រួសាររបស់លោកស្រី H'Blanh ភូមិ M'um ឃុំ Cu Prong (ស្រុក Ea Kar ខេត្ត Dak Lak) មានផ្ទះធំទូលាយ |
Cu Prong ជាឃុំមានការលំបាកខ្លាំង។ ឃុំទាំងមូលមាន ១,១៧២ គ្រួសារ ដែល ៨០% ជាជនជាតិភាគតិច ហើយភាគច្រើនមកពីភាគខាងជើងចូលមកតាំងទីលំនៅ។ ដោយអនុវត្តកម្មវិធី ១៧១៩ ចាប់ពីឆ្នាំ ២០២៣ រហូតមកដល់បច្ចុប្បន្ន ឃុំ Cu Prong បានសាងសង់ផ្ទះចំនួន ៣៦ ខ្នងជូនគ្រួសារជនជាតិភាគតិចក្រីក្រ។ លោក Hoang Quoc Viet អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Cu Prong បានអះអាងថា លទ្ធផលនោះគឺអាស្រ័យការខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយទាំងមូល គ្រប់លំដាប់ថ្នាក់ និងគ្រប់ស្ថាប័នពីខេត្តដល់ភូមិ។ តាមរយៈការពិនិត្យ ក្នុងឃុំមានគ្រួសារជនជាតិភាគតិចក្រីក្រចំនួន ២៦៨ គ្រួសារដែលមានតម្រូវការលំនៅឋាន ប៉ុន្តែចំនួនផ្ទះដែលត្រូវបានផ្ដល់ជូននៅមានចំនួនតិច។ មូលដ្ឋានផ្ដល់ផ្ទះតាមភូមិនីមួយៗ គ្រួសារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងធ្វើមុនគេ គ្រួសារដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងធ្វើនៅពេលក្រោយ។
ដោយមានថវិកាឧបត្ថម្ភ ៤០ លានដុង/គ្រួសារ ពីកម្មវិធីលេខ១៧១៩ ធនាគារគោលនយោបាយសង្គមផ្តល់កម្ចីអនុគ្រោះចំនួន ៤០ លានដុងសម្រាប់រយៈពេល ៥ ឆ្នាំ ហើយទទួលបានថវិកាចំនួន ៤ លានដុងពីខេត្ត នៅក្នុងឆ្នាំ ២០២៣ និង ២០២៤ ស្រុក Ea Kar បានសាងសង់ផ្ទះសម្រាប់គ្រួសារជនជាតិភាគតិចចំនួន ២៥០ គ្រួសារ។
លោក Le Ngoc Vinh អនុប្រធានគណៈកម្មការជនជាតិខេត្ត Dak Lak បានសង្កត់ធ្ងន់ថា តាមរយៈការត្រួតពិនិត្យ តម្រូវការជាក់ស្តែងអំពីលំនៅដ្ឋាន ដីលំនៅដ្ឋាន និងដីផលិតកម្មសម្រាប់ជនជាតិភាគតិចនៅខេត្ត Dak Lak គឺធំណាស់។ ប៉ុន្តែ ថវិកាដែលបានបែងចែកមិនទាន់បំពេញបានតម្រូវការ ហើយការកំណត់ប្រភពដើមដី និងលក្ខខណ្ឌសាងសង់នៅតែមិនច្បាស់លាស់នៅឡើយ ដូច្នេះការអនុវត្តត្រូវប្រឈមមុខនឹងការលំបាក និងឧបសគ្គជាច្រើន។
មូលដ្ឋានជាច្រើនក្នុងខេត្ត Dak Lak ក៏មានដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងជាក់ស្តែងដើម្បីសាងសង់លំនៅដ្ឋានសម្រាប់គ្រួសារក្រីក្រ។ លទ្ធផលដែលសម្រេចបានបង្ហាញពីសាមគ្គីភាព និងការខិតខំប្រឹងប្រែងដើម្បីជំនះការលំបាក និងបញ្ហាប្រឈមរបស់ប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនគ្រប់ស្រទាប់៕
បកប្រែដោយ Thanh Cong