លោក Le Hoai Trung បានឲ្យ​ដឹង​ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីរបស់លោកអគ្គលេខាបក្ស To Lam និងលោកជំទាវ មានសារៈសំខាន់ណាស់ ដើម្បីបន្តអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ ដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសជិតខាង និងអាស៊ាន។ ទន្ទឹមនឹងនោះ ម៉ាឡេស៊ីជាប្រទេសដែលមានមុខងារសំខាន់នៅអាស៊ីអាគ្នេយ៍ មានកិត្យានុភាព និងឥទ្ធិពលក្នុងអាស៊ាន ហើយនឹងកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំ ២០២៥។ ម៉ាឡេស៊ីក៏ត្រូវបានចាត់ទុកថាជាគំរូជោគជ័យមួយអំពីការអភិវឌ្ឍន៍ផងដែរ។

ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីរបស់លោកអគ្គលេខាបក្ស To Lam និងលោកជំទាវ បានធ្វើឡើងក្នុងបរិបទនៃការអភិវឌ្ឍដ៏រឹងមាំ និងទូលំទូលាយនៃទំនាក់ទំនងទ្វេភាគី ជាពិសេសចាប់តាំងពីប្រទេសទាំងពីរបានដំឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៥។ “វៀតណាមគឺជាប្រទេសអាស៊ានតែមួយគត់ដែលម៉ាឡេស៊ីបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត”។

leftcenterrightdel
លោក Le Hoai Trung បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន មុនពេលដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីរបស់លោកអគ្គលេខាបក្ស To Lam និងលោកជំទាវ

ថ្មីៗនេះ ទំនុកចិត្តផ្នែកនយោបាយរវាងវៀតណាម និងម៉ាឡេស៊ីត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។ ប្រទេសទាំងពីរតែងតែសម្របសម្រួលយ៉ាងជិតស្និទ្ធនូវជំហរនៅក្នុងវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ ជាពិសេសក្នុងអាស៊ាន។ វៀតណាម និងម៉ាឡេស៊ី គឺជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់គ្នាទៅវិញទៅមក។ ភាគីទាំងពីរបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងវិស័យជាច្រើនទៀត។ អាស្រ័យហេតុនេះ លោក Le Hoai Trung បានឲ្យ​ដឹងថា ដំណើរទស្សនកិច្ចនេះគឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ជូនដំណឹងអំពីស្ថានភាពរបស់ប្រទេសនីមួយៗ និងពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ បង្កើនការយោគយល់គ្នាទៅវិញទៅមក ដើម្បីលើកកំពស់ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី។ “ម៉ាឡេស៊ីកំពុងអភិវឌ្ឍយ៉ាងខ្លាំងលើបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាបៃតង ដែលជាសសរស្តម្ភនៃយុទ្ធសាស្ត្រ “Malaysia Madani” ដែលផ្តួចផ្តើមដោយលោកនាយករដ្ឋមន្ត្រី Anwar Ibrahim ដើម្បីប្រែក្លាយម៉ាឡេស៊ីទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព។ វៀតណាមកំពុងឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិដោយមានការតម្រង់ទិសដ៏ធំ ដែលក្នុងនោះទិដ្ឋភាពសេដ្ឋកិច្ចគឺដើម្បីរំដោះ និងលើកកម្ពស់កម្លាំងផលិតភាពថ្មីដែលទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាបៃតងដែលត្រូវបានប្រទេសម៉ាឡេស៊ីយកចិត្តទុកដាក់អភិវឌ្ឍ និងជាឧត្តមភាពរបស់ប្រទេសម៉ាឡេស៊ី។ នេះនឹងជាការរួមផ្សំគ្នាដ៏ល្អ ដែលតាមរយៈនោះ វៀតណាម និងម៉ាឡេស៊ី អាចបំពេញបន្ថែម និងបង្កើតកម្លាំងបន្ថែមទៀតសម្រាប់គ្នាទៅវិញទៅមក ដើម្បីឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍសម្រាប់ប្រទេសនីមួយៗ រួមចំណែកដល់ការអភិវឌ្ឍរបស់គ្នាទៅវិញទៅមក។

យោងតាមប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្ស ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស To Lam គ្រោងនឹងជួបប្រជុំជាមួយនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានសភា ប្រធានគណបក្សនយោបាយធំៗរបស់ម៉ាឡេស៊ី។ ក្នុងពេលជាមួយគ្នានោះ លោកអគ្គលេខាបក្ស To Lam នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅសាកលវិទ្យាល័យម៉ាឡាយ៉ា ដែលជាសាកលវិទ្យាល័យឈានមុខគេរបស់ប្រទេសម៉ាឡេស៊ី។ លោកអគ្គលេខាបក្ស To Lam នឹងជួបជាមួយតំណាងសហគ្រាស និងអាណិកជនវៀតណាម៕

បកប្រែដោយ Thanh Cong