គំរូ និងការអនុវត្តល្អក្នុងការផ្លាស់ប្តូរការគិត និងវិធីធ្វើការរបស់បងប្អូនជនរួមជាតិ
កប.អនឡាញ - ចលនា “ការផ្លាស់ប្តូរការគិត និងវិធីធ្វើការក្នុងចំណោមជនជាតិភាគតិច ដើម្បីរួចផុតពីភាពក្រីក្របន្តិចម្តងៗប្រកបដោយនិរន្តរភាព” (ការចលនា) ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Gia Lai ហើយត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងការអនុវត្តជាក់ស្តែង ដោយភ្ជាប់ភ្ជួនជាមួយកម្មវិធី និងគម្រោងកាត់បន្ថយភាពក្រីក្រពីថ្នាក់លើ និងតំបន់មូលដ្ឋានដើម្បីជួយជនរួមជាតិភាគតិចរាប់ពាន់គ្រួសារឱ្យរួចផុតពីភាពក្រីក្រប្រកបដោយនិរន្តរភាព និងកសាងជីវភាពរស់នៅប្រកបដោយវិបុលភាព វឌ្ឍនភាព និងសុភមង្គល។
អ្នកស្រី Siu H'Dung នៅភូមិ Blo Hung ឃុំ Ia Blang ស្រុក Chu Se មិននឹកស្មានថា ដីទំនេរនៅខាងក្រោយផ្ទះរបស់គាត់ដែលកាលពីមុនត្រូវទុកចោលឱ្យស្មៅដុះដោយសេរីយូរហើយ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់គ្រួសារគាត់។ ការផ្លាស់ប្តូរនោះបានចាប់ផ្តើមនៅដើមឆ្នាំ២០២៣ នៅពេលដែលគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំ Ia Blang បានផ្សព្វផ្សាយ ចលនា និងជួយគាំទ្រគ្រួសាររបស់លោកស្រីនូវសំណាញ់ គ្រាប់ពូជ និងការណែនាំបច្ចេកទេស ក្នុងការកសាងគំរូសួនបន្លែស្អាត។
“សួនបន្លែស្អាតមិនត្រឹមតែជួយគ្រួសារខ្ញុំមានបន្លែហូបរាល់ថ្ងៃប៉ុណ្ណោះទេ ថែមទាំងអាចរកចំណូលបានច្រើនពីការលក់បន្លែទៀតផង។ កម្មវិធី និងគំរូទាំងនោះបានជួយជនជាតិភាគតិចយ៉ាងច្រើនក្នុងការផ្លាស់ប្តូរការគិត វិធីធ្វើការងារ ការអភិវឌ្ឍសេដ្ឋកិច្ច និងការកសាងជីវិតរបស់ពួកគេ” លោកស្រី H’Dung អះអាងបែបនេះ។
|
|
ក្រុមហ៊ុន ៧៥ (អង្គទ័ពលេខ១៥) ជួយប្រជាជនអនុវត្តគំរូ "សួនបន្លែតស្អាត" ជួយគ្រួសារជាច្រើនឱ្យមានជីវភាពរស់នៅល្អប្រសើរឡើង |
ការលុបបំបាត់សួនច្បារទំនេទុកចោល ដើម្បីបង្កើតជាសួនបន្លែស្អាត ដាំដើមឈើហូបផ្លែ និងដើមឈើផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ គឺជាគំរូ និងវិធីសាស្រ្តមួយក្នុងចំណោមគំរូ និងវិធីសាស្រ្តជាច្រើនដែលត្រូវបានអនុវត្តដោយរណសិរ្សគ្រប់កម្រិត ដើម្បីឆ្លើយតបទៅនឹងចលនានេះ។
លោក Hoang Van Soan ជាបុគ្គលមានកិត្តិនាមនៃភូមិ Po Nang ឃុំ Kon Thup ស្រុក Mang Yang បាននិយាយថា ដើម្បីឆ្លើយតបនឹងចលនានេះ ចាប់ពីឆ្នាំ ២០១៩ ដល់បច្ចុប្បន្ន គណៈកម្មាធិការរណសិរ្ស និងគណៈកម្មាធិការប្រជាជនភូមិ Po Nang បានសម្របសម្រួលរៀបចំបានកិច្ចប្រជុំចំនួន ៣៦ លើក ដើម្បីផ្សព្វផ្សាយប្រជាជនឱ្យផ្លាស់ប្តូរបន្តិចម្តងៗនូវការគិតនិងវិធីធ្វើការងារ និងការធ្វើផលិតកម្ម។ ក្រុមការងារភូមិបានចលនាឱ្យប្រជាពលរដ្ឋកែលំអ ធ្វើឱ្យប្រសើរឡើងនូវសួនច្បារទំហំជាង ២០ ហិកតា ដើម្បីដាំដើមកាហ្វេ និង៨៦គ្រួសារឱ្យផ្លាស់ប្តូរដំណាំគ្មានប្រសិទ្ធភាពទៅជាដំណាំមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ នៅឆ្នាំ ២០២១ ភូមិនេះមាន ១២៤ គ្រួសារក្រីក្រ ស្មើនឹង ៤០.៧៨% នៃចំនួនប្រជាជន ដែលឥឡូវនេះមានតែ ៧៩ គ្រួសារក្រីក្រ ស្មើនឹង ២១.៦៤% (ថយចុះចំនួន ៤៥ គ្រួសារ) ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់នៅឆ្នាំ២០២៣ នឹងកើនឡើងដល់ ២៩ លាន ដុង/ឆ្នាំ។
លោក Dinh Huoc ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Gliek ទីប្រជុំជន Dak Po ស្រុក Dak Po បានមានប្រសាសន៍ថា ចលនានេះមានប្រសិទ្ធភាព ព្រោះបានប្រមូលផ្តុំកម្លាំងនៃមហាសាមគ្គីភាពជាតិជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ កៀរគរធនធានជាច្រើន បង្កើតគំរូជាក់ស្តែងជាច្រើន ជួយប្រជាជនអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការផលិត បំប្លែងដំណាំ និងបសុសត្វ បង្កើនប្រាក់ចំណូល និងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។
ចលនានេះត្រូវបានបំផុសឡើង និងអនុវត្តដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Gia Lai ពីឆ្នាំ ២០១១ ដល់បច្ចុប្បន្ន ហើយបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការគិត និងវិធីធ្វើការរបស់បងប្អូនជនជាតិភាគតិច។ ជាពិសេសចាប់តាំងពីការចេញសេចក្តីណែនាំលេខ ១២-CT/TU ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត Gia Lai ស្តីពី “ការពង្រឹងការដឹកនាំរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ក្នុងការកសាងជនបទថ្មីក្នុងចំណោមបងប្អូនជនជាតិភាគតិចក្នុងខេត្ត" ចលនានេះត្រូវបានរួមបញ្ចូលជាមួយកម្មវិធីគោលដៅជាតិ និងគម្រោងកាត់បន្ថយភាពក្រីក្រនៃថ្នាក់កណ្តាល និងមូលដ្ឋាន។
ផ្នែកមួយនៃប្រជាជនលែងមានផ្នត់គំនិតពឹងពាក់លើជំនួយគាំទ្រពីរដ្ឋទៀតហើយ។ គ្រួសារជាច្រើនដឹងពីរបៀបរៀបចំកម្លាំងពលកម្ម និងផលិតកម្មឱ្យបានត្រឹមត្រូវសមស្រប ហ៊ានបង្កើតវិធីធ្វើអាជីវកម្មថ្មីដោយអនុវត្តនូវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការផលិត និងផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ និងការចិញ្ចឹមបសុសត្វ ដឹងពីរបៀបចំណាយឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពក្នុងការប្រើប្រាស់ជំនួយរបស់រដ្ឋក្នុងការវិនិយោគក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលុបបំបាត់ទំនៀមទម្លាប់ហួសសម័យបន្តិចម្តងៗ និងកសាងរបៀបរស់នៅបែបស៊ីវិល័យ។
គំរូល្អៗ និងវិធីធ្វើការប្រកបដោយភាពច្នៃប្រឌិតជាច្រើនក្នុងការអនុវត្តយុទ្ធនាការត្រូវបានបង្កើតឡើង និងពង្រីកឥទ្ធិពលយ៉ាងទូលំទូលាយនៅក្នុងសហគមន៍។ គិតត្រឹមក្នុងរយៈពេល ២០១៩-២០២៤ រណសិរ្សគ្រប់លំដាប់ថ្នាក់ និងអង្គការជាសមាជិកនានាបានកសាងគំរូបានចំនួន ៧១៣ ដែលមាន ៨០,៣៧៧ គ្រួសារចូលរួមអនុវត្ត។ ចម្លងគំរូចំនួន ៣២៤ ដោយមាន ១៤,២៣៨ គ្រួសារចូលរួមអនុវត្ត។ រួមចំណែកដល់ខេត្ត Gia Lai សម្រេចបានសមិទ្ធផលជាច្រើនក្នុងការកសាងជនបទថ្មីជាមួយ ៣ ស្រុក-ខណ្ឌ ៩៦ ឃុំ ១៥៨ ភូមិ បំពេញបានតាមស្តង់ដារជនបទថ្មី និងមាន ១៩ សង្កាត់ និងទីប្រជុំជនសម្រេចបានស្តង់ដារទីប្រជុំជនស៊ីវិល័យ។ គ្រួសារក្រីក្រថយចុះយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព នៅចុងឆ្នាំ ២០២៣ មានតែ ៨.១១% នៃគ្រួសារក្រីក្រក្នុងខេត្ត៕
បកប្រែដោយ Minh Trung