លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុប្រធានប្រចាំការនៃ VINASARCOM មានសេចក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍លោក Zaqy Mohamad អញ្ជើញមកទស្សនកិច្ចនៅ VINASARCOM; ហើយបានថ្លែងអំណរគុណចំពោះលោករដ្ឋលេខាធិការក្រសួងការពារជាតិសិង្ហបុរីដែលបានចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប​

នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh បានឲ្យដឹងថា កងទ័ពប្រជាជនវៀតណាមត្រូវបានប្រគល់ភារកិច្ចជាស្នូលក្នុងការឆ្លើយតបនឹងឧប្បត្តិហេតុ គ្រោះមហន្តរាយធម្មជាតិ និងការស្វែងរកនិងជួយសង្គ្រោះ ហើយបានសង្កត់ធ្ងន់ថា នេះជាកិច្ចការដ៏ធ្ងន់មួយក្នុងបរិបទដែលវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយគ្រោះមហន្តរាយធម្មជាតិ។ ទន្ទឹមនឹងការគាំទ្រពីអន្តរជាតិជូនចំពោះវៀតណាមក្នុងការឆ្លើយតបនឹងឧបទ្ទវហេតុ គ្រោះមហន្តរាយធម្មជាតិ និងការស្វែងរកនិងជួយសង្គ្រោះ វៀតណាមក៏បង្ហាញនូវស្មារតីទទួលខុសត្រូវរបស់ខ្លួនចំពោះសហគមន៍អន្តរជាតិផងដែរ។ ជាពិសេស នៅដើមឆ្នាំ ២០២៣ វៀតណាមបានបញ្ជូនកងកម្លាំងដើម្បីគាំទ្រទួរគីយក្នុងការជំនះលើផលវិបាកនៃគ្រោះមហន្តរាយរញ្ជួយដី។

ដោយសង្កត់ធ្ងន់លើតួនាទីសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh បានចាត់ទុកថា វៀតណាមចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយសិង្ហបុរីក្នុងការឆ្លើយតបនឹងឧប្បត្តិហេតុ គ្រោះមហន្តរាយធម្មជាតិ និងការស្វែងរក និងជួយសង្គ្រោះ ជាពិសេសការបណ្តុះបណ្តាល ចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ អាស្រ័យលើនេះ រួមចំណែករឹតបន្តឹងទំនាក់ទំនងទ្វេភាគីថែមទៀត។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh បានថ្លែងអំណរគុណចំពោះសិង្ហបុរីដែលបានជួយឧបត្ថម្ភវៀតណាមក្នុងការជំនះផលវិបាកនៃព្យុះទីហ្វុង Yagi នាពេលថ្មីៗនេះ និងបានទទួលកម្មាភិបាលកងទ័ពប្រជាជនវៀតណាមនៅមជ្ឈមណ្ឌលចែករំលែកព័ត៌មាន (IFC) មជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្ស និងជួយសង្គ្រោះគ្រោះមហន្តរាយ (RHCC)។

leftcenterrightdel
ប្រតិភូថតរូបជុំគ្នា

រីឯខ្លួនវិញ លោក Zaqy Mohamad បានសម្តែងនូវសេចក្តីរីករាយដែលបានចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ ព្រមទាំងបានអញ្ជើញទៅទស្សនកិច្ចនៅ VINASARCOM ផងដែរ។ លោក Zaqy Mohamad បានសង្កត់ធ្ងន់ថា សិង្ហបុរី និងវៀតណាម មានទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់នាយទាហានកងទ័ពប្រជាជនវៀតណាមនៅ IFC និង RHCC។ លោក Zaqy Mohamad វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះរវាង RHCC និង VINASARCOM និងអះអាងថា សិង្ហបុរីត្រៀមខ្លួនជាស្រេចពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការឆ្លើយតបនឹងឧប្បត្តិហេតុ គ្រោះមហន្តរាយធម្មជាតិ និងការស្វែងរកនិងជួយសង្គ្រោះ៕

បកប្រែដោយ Duy Hoan