ជំរុញទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអូស្ត្រាលី
កប.អនឡាញ - នាថ្ងៃទី ២០ ខែធ្នូ នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Andrew Goledzinowski ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំនៅវៀតណាម អញ្ជើញចូលជួបស្តែងការគួរសម និងជម្រាបលា ក្នុងឱកាសនៃការបញ្ចប់អាណត្តិការងាររបស់លោកនៅវៀតណាម
    |
 |
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Andrew Goledzinowski |
នៅក្នុងជំនួប លោកប្រធានរដ្ឋ Luong Cuong បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូតបានសម្រេចដោយជោគជ័យនូវអាណត្តិការងារនៅវៀតណាម និងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់លោកឯកអគ្គរដ្ឋទូតចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ហើយនិងសង្ឃឹមថា អូស្ត្រាលីនឹងបន្តសម្រេចបានសមិទ្ធិផលបន្ថែមទៀតក្នុងការអភិវឌ្ឍន៍ប្រទេស។
លោកប្រធានរដ្ឋ Luong Cuong បានឲ្យដឹងថា វៀតណាមជានិច្ចកាលចាត់ទុកអូស្ត្រាលីជាដៃគូដ៏សំខាន់បំផុតមួយក្នុងតំបន់។ ប្រទេសទាំងពីរមានទំនុកចិត្តជាយុទ្ធសាស្ត្រខ្ពស់ និងចែករំលែកចក្ខុវិស័យ និងទស្សនៈរួមលើបញ្ហាតំបន់ និងអន្តរជាតិជាច្រើន។ វៀតណាមមានបំណងចង់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលីបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ ក៏ដូចជារួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ជាពិសេស ការដំឡើងទំនាក់ទំនងនៃប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែមីនា ឆ្នាំ២០២៤ មានសារសំខាន់ ហើយក្របខណ្ឌទំនាក់ទំនងថ្មីនេះនឹងបង្កើតលក្ខខណ្ឌដើម្បីប្រទេសទាំងពីរពង្រីក និងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងទ្វេភាគី ព្រមទាំងការសម្របសម្រួលគ្នានៅវេទិកាពហុភាគី។
ថ្លែងអំណរគុណចំពោះលោកប្រធានរដ្ឋ Luong Cuong ដែលបានចំណាយពេលទទួលជួប លោកឯកអគ្គរដ្ឋទូត Andrew Goledzinowski បានមានប្រសាសន៍ថា ក្នុងអាណត្តិកន្លងមក ទំនាក់ទំនងអូស្ត្រាលី-វៀតណាមទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ លោកឯកអគ្គរដ្ឋទូត Andrew Goledzinowski សង្កត់ធ្ងន់ថា ទោះជាទទួលបេសកកម្មថ្មីនៅទីណាក៏ដោយក៏ លោកតែងតែរក្សាការចាប់អារម្មណ៍ល្អ និងខិតខំពូនជ្រំទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
បកប្រែដោយ Duy Hoan