ក្នុងបរិបទដែលប្រទេសទាំងពីរដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយកាលពីឆ្នាំមុន ដំណើរទស្សនកិច្ចការងាររបស់លោកឯកអគ្គរដ្ឋទូត Dinh Toan Thang នៅខេត្ត Hérault ប្រទេសបារាំងមានគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្កើតសក្កានុពលសហប្រតិបត្តិការ និងអភិវឌ្ឍន៍លើវិស័យជាច្រើន នាពេលខាងមុខ។
ក្នុងជំនួបធ្វើការជាមួយ លោក François Xavier Lauch អភិបាលខេត្ត Hérault លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមូលដ្ឋានដែលបានយកចិត្តទុកដាក់ចំពោះសហគមន៍វៀតណាមនៅទីនេះ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វត្តមានរបស់សហគមន៍វៀតណាមនៅតំបន់ភាគខាងត្បូងនៃប្រទេសបារាំងមិនត្រឹមតែរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីសំខាន់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន។
រីឯខ្លួនវិញ លោក François Xavier Lauch បានសម្តែងនូវសេចក្តីរីករាយក្នុងការទទួលស្វាគមន៍លោកឯកអគ្គរដ្ឋទូត Dinh Toan Thang និងវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងបារាំង។
លោក François Xavier Lauch បានមានប្រសាសន៍ថា សក្ដានុពល នៃកិច្ចសហប្រតិបត្តិការរវាងបារាំង និងវៀតណាមគឺធំធេងណាស់ មិនត្រឹមតែដោយសារទំនាក់ទំនងជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងដោយសារតែប្រទេសទាំងពីរមានសេដ្ឋកិច្ចយ៉ាងស្វាហាប់ និងប្រឈមមុខនឹងបញ្ហាប្រឈមរួមគ្នា។ បារាំង និងវៀតណាមត្រូវបន្តជំរុញដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់ និងពង្រឹងទំនាក់ទំនងរវាងធុរកិច្ច និងបុគ្គល ដើម្បីបង្កើតមូលដ្ឋានគ្រឹះប្រកបដោយនិរន្តរភាពសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង។
នៅទីក្រុង Béziers លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានជួបជាមួយ លោក Robert Ménard អភិបាលក្រុង និងជាប្រធានសហគមន៍បណ្តាទីក្រុង Béziers Méditerranée ផងដែរ។ Béziers គឺជាទីក្រុងចំណាស់ជាងគេមួយនៅក្នុងប្រទេសបារាំង ហើយត្រូវបានគេចាត់ទុកថាជា "រដ្ឋធានីស្រាទំពាំងបាយជូរ" នៃតំបន់។ ក្នុងជំនួបនេះ លោកអភិបាលក្រុង Robert Ménard បានសម្តែងនូវបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងទាក់ទាញនិស្សិតវៀតណាមកាន់តែច្រើនមកសិក្សានៅគ្រឹះស្ថានអប់រំរបស់ទីក្រុង។
នៅទីក្រុងឆ្នេរសមុទ្រ Valras-Plage លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានជួបពិភាក្សាការងារជាមួយអភិបាលក្រុង Daniel Ballester ក្នុងនោះ ភាគីទាំងពីរបានផ្តោតសំខាន់លើការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងចែករំលែកបទពិសោធន៍លើបញ្ហាសំណឹកនៅតំបន់ឆ្នេរសមុទ្រ ការជ្រាបចូទឹកប្រៃ និងការប្រែប្រួលអាកាសធាតុ។
ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Hérault លោកឯកអគ្គរដ្ឋទូត Dinh Toan Thang និងគណៈប្រតិភូមានសកម្មភាពជាច្រើន រួមទាំងជួបជាមួយធុរកិច្ចក្នុងស្រុក ទស្សនារោងចក្រកែច្នៃត្រីធូណារបស់សម្ព័ន្ធក្រុមហ៊ុន Barba ផ្លាស់ប្តូរជាមួយសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ IUT Béziers និងជួបជាមួយសហគមន៍វៀតណាមនៅភាគខាងត្បូងប្រទេសបារាំង។
បកប្រែដោយ Duy Hoan
Type the code from the image