ពិធីបើកកម្មវិធីផ្លាស់ប្តូរតន្ត្រីយោធាឆ្នាំ២០២៤៖ តន្ត្រីតភ្ជាប់មិត្តភាព
កប.អនឡាញ - នាយប់ថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ ពិធីបើកកម្មវិធីផ្លាស់ប្តូរតន្ត្រីយោធាឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមប្រធានបទ “តន្ត្រីតភ្ជាប់មិត្តភាព” ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៤៤ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤) ខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៨៩ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤)។
កម្មវិធីផ្លាស់ប្តូរតន្ត្រីយោធាឆ្នាំ២០២៤ ប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែធ្នូ ដោយមានការចូលរួមពីក្រុមតន្ត្រីយោធានៃកងទ័ពប្រជាជនវៀតណាម នគរបាលប្រជាជន និងក្រុមតន្ត្រីយោធានៃកងទ័ពរបស់ប្រទេសឡាវ កម្ពុជា ចិន ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។
|
|
ការសម្ដែងរួមរបស់បណ្ដាប្រទេសដែលចូលរួមកម្មវិធី |
ថ្លែងមតិក្នុងពិធីបើក លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម ប្រធានគណៈកម្មាធិការរៀបចំកម្មវិធី បានសង្កត់ធ្ងន់ថា កម្មវិធីផ្លាស់ប្តូរតន្ត្រីយោធាមិនត្រឹមតែជាកម្មវិធីសម្ដែងសិល្បៈប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងកងកម្លាំងប្រដាប់អាវុធ និងរវាងបណ្ដាប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក។ តន្ត្រី និងការសម្តែងរបស់ក្រុមតន្រ្តីយោធាមកពីប្រទេសផ្សេងៗ គឺជាសារនៃសេចក្តីស្រឡាញ់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ជាខ្សែដែលតភ្ជាប់ដួងចិត្តរបស់យុទ្ធជន ដែលតែងតែមានក្តីប្រាថ្នាចង់កសាងពិភពលោកប្រកបដោយសន្តិភាព និងវិបុលភាព ចូលរួមចំណែកពង្រឹងថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងកងទ័ពប្រជាជនវៀតណាម និងកងទ័ពនៃបណ្ដាប្រទេសក្នុងតំបន់ និងលើពិភពលោក។ នេះក៏ជាឱកាសសម្រាប់ប្រតិភូមកទស្សនា និងស្វែងយល់បន្ថែមអំពីប្រទេស ប្រជាជនវៀតណាម និងប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាម។
ក្នុងពិធីបើក ប្រតិភូ ប្រជាជន និងភ្ញៀវទេសចរបានរីករាយជាមួយការសម្តែងសិល្បៈ និងក្បួនដង្ហែតាមដងផ្លូវ (Nguyen Tri Phuong, Dien Bien Phu, Doc Lap, Hoang Van Thu, Hoang Dieu) នៃក្រុមតន្ត្រីយោធានៃបណ្ដាប្រទេសដែលចូលរួមកម្មវិធី។
ការសម្ដែងនៃក្រុមយោធាទាំងឡាយ បង្ហាញពីស្មារតីនៃវិន័យ សាមគ្គីភាព និងឆន្ទៈដ៏មុតមាំ ដែលជាតម្លៃស្នូលនៃកងទ័ពរបស់ប្រទេសនីមួយៗ បង្ហាញពីស្មារតីសាមគ្គីភាព និងមិត្តភាពអន្តរជាតិ តាមប្រធានបទ "តន្ត្រីតភ្ជាប់មិត្តភាព" នៃកម្មវិធី៕
បកប្រែដោយ Thuy Anh