អញ្ជើញថ្លែងក្នុងជំនួបនេះ លោកប្រធានរដ្ឋ Luong Cuong បានអះអាងថា បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងបេឡារុស្សដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ។

លោកប្រធានរដ្ឋ បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានឃើញថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរកំពុងត្រូវបានពង្រឹង និងអភិវឌ្ឍន៍កាន់តែខ្លាំងឡើង។ ជាពិសេសទំនាក់ទំនងនយោបាយ និងការទូតរវាងប្រទេសទាំងពីរបន្តត្រូវបានលើកតម្កើង បង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា វិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អប់រំ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ ទេសចរណ៍ និងប្រជាជន - ការផ្លាស់ប្តូរប្រជាជននិងប្រជាជន។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោកឧត្តមសេនីយ៍ទោ Khrenin Viktor Gennadievich រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋបេឡារុស

ជម្រាបជូនលោកប្រធានរដ្ឋអំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយលោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោករដ្ឋមន្ត្រី Khrenin Viktor Gennadievich រដ្ឋមន្ត្រីក្រសួងការពារជាតិបេឡារុស បានឲ្យដឹងថា កិច្ចពិភាក្សាបានបើកទិសដៅថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ រួមចំណែកដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ។

ដោយវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនិងបេឡារុស លោកប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា នាពេលកន្លងមក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី បានបន្តមានការអភិវឌ្ឍន៍ថ្មី និងប្រកបដោយប្រសិទ្ធភាព និងស្របនឹងឯកសារដែលបានចុះហត្ថលេខា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ; ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋវៀតណាមស្នើឱ្យភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; រក្សាបាននូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងជំរុញកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាល វេជ្ជសាស្ត្រយោធា ប្រវត្តិសាស្ត្រយោធា ...

* នាព្រឹកថ្ងៃទី១៧ ខែធ្នូ នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការលោកឧត្តមសេនីយ៍ទោ Khrenin Viktor Gennadievich រដ្ឋមន្ត្រីក្រសួងការពារជាតិបេឡារុសបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិបេឡារុសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤។ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការ រដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សាការងារ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

នៅក្នុងកិច្ចពិភាក្សានោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក  កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-បេឡារុស្សបានអនុវត្តប្រកបដោយប្រសិទ្ធភាព ស្របនឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងសន្ធិសញ្ញាអន្ដរជាតិ និងកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខា និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

លោកនាយឧត្តមសេនីយ៍ Phan Van Giang មានបំណងថា នាពេលខាងមុខ ក្នុងស្មារតីមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង​វៀតណាមនិងបេឡារុស្ស ភាគីទាំងពីរបន្តសម្របសម្រួល និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលបានព្រមព្រៀងគ្នា ដោយផ្តោតលើវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ; សហការក្នុងការបណ្តុះបណ្តាលវេជ្ជសាស្ត្រយោធា ប្រវត្តិសាស្ត្រយោធា សារព័ត៌មានយោធា និងបន្តគាំទ្រ និងបញ្ជូនគណៈប្រតិភូទៅចូលរួមសកម្មភាពពហុភាគីអន្តរជាតិដែលរៀបចំដោយភាគីនីមួយៗ...

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ បញ្ហាដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមកផងដែរ។ អំពីបញ្ហាសមុទ្រ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងនូវគោលជំហរឥតងាករេរបស់វៀតណាមក្នុងការដោះស្រាយជំលោះដោយសន្តិវិធី ដោយ​ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ អនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់បញ្ចប់ការចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រ (COC) មានប្រសិទ្ធភាព និងស្របនឹងច្បាប់អន្តរជាតិ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ទោ Khrenin Viktor Gennadievich ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ

រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ទោ Khrenin Viktor Gennadievich បានសម្តែងការពេញចិត្ដចំពោះរាល់បញ្ហាដែលភាគីទាំងពីរបានពិភាក្សា និងលើកសំណើក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី។ ព្រមទាំងអះអាងថា ក្រសួងការពារជាតិបេឡារុស្សនឹងដឹកនាំ និងសហការយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាមអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារដែលបានព្រមព្រៀងដោយក្រសួងការពារជាតិទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងបេឡារុស្ស-វៀតណាមឲ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ Khrenin Viktor Gennadievich បានគោរពអញ្ជើញលោកនាយឧត្តមសេនីយ៍ Phan Van Giang មកបំពេញទស្សនកិច្ចជាផ្លូវការនៅបេឡារុស្ស និងចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិបេឡារុស្សឆ្នាំ២០២៥។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ទោ Khrenin Viktor Gennadievich បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong