លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានអះអាងថា បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ចចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងបេឡារុស្ស គោរពនិងចងចាំជានិច្ចនូវជំនួយដ៏ស្មោះស្ម័គ្រ និងមានប្រសិទ្ធភាពដែលប្រជាជនសហភាពសូវៀតកាលពីមុន រួមទាំងសាធារណរដ្ឋបេឡារុស្សដែលបានផ្តល់ជូនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិ និងឯកភាពប្រទេសជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ទទួលជួបលោកឧត្តមសេនីយ៍ត្រី Kasinsky Leonid Viktorovich

ដោយសម្តែងនូវការរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក លោកឧត្តមសេនីយ៍ឯក Trinh Van Quyet សង្ឃឹមថា កងទ័ពនៃប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារសតិអារម្មណ៍ ប្រព័ន្ធផ្សព្វផ្សាយយោធា ប្រវត្តិសាស្ត្រយោធា បណ្តុះបណ្តាលកម្មាភិបាល រៀបចំការតាំងពិព័រណ៍ស្តីពីសមិទ្ធិផលនានានៃប្រទេសទាំងពីរ និងកងទ័ពទាំងពីរ ... ដោយហេតុនោះ រួមចំណែកដល់ការឃោសនា និងអប់រំដល់យោធិនអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានសម្តែងនូវក្តីសង្ឃឹមថា ក្រសួងការពារជាតិបេឡារុស្សនឹងបន្តបណ្តុះបណ្តាលដោយឥតគិតថ្លៃសម្រាប់ក្រសួងការពារប្រទេសវៀតណាម។ ក្រសួងការពារប្រទេសវៀតណាមបានត្រៀមខ្លួនជាស្រេចទទួលនាយទាហានជាន់ខ្ពស់មកពីប្រទេសបេឡារុស្សទៅសិក្សាវគ្គបណ្តុះបណ្តាលអន្តរជាតិរយៈពេលខ្លីនៅវិទ្យាស្ថានការពារជាតិវៀតណាម; ភាគីវៀតណាមបន្តទទួលសិក្ខាកាម និងនាយទាហានបេឡារុស្សទៅសិក្សាភាសាវៀតណាមនៅវិទ្យាស្ថានវិទ្យាសាស្ត្រយោធា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងលោកឧត្តមសេនីយ៍ត្រី Kasinsky Leonid Viktorovich ផ្តល់វត្ថុអនុស្សាវរីយ៍

លោកឧត្តមសេនីយ៍ត្រី Kasinsky Leonid Viktorovich បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤។  លោកបានចែករំលែកព័ត៌មានមួយចំនួនអំពីសកម្មភាពរបស់គណៈប្រតិភូរដ្ឋមន្ត្រីក្រសួងការពារជាតិបេឡារុស្សដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម រួមទាំងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីទិសដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលបានលើកឡើងក្នុងកិច្ចពិភាក្សាគឺកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល អាស្រ័យហេតុនេះ ក្រសួងការពារជាតិបេឡារុស្សនឹងពិចារណាបន្តផ្តល់អាហារូបករណ៍ដល់សិក្ខាកាមយោធាវៀតណាមឡើងវិញ។

លោកឧត្តមសេនីយ៍ត្រី Kasinsky Leonid Viktorovich ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិបេឡារុស្សនឹងបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានការងារសតិអារម្មណ៍នៃក្រសួងការពារជាតិបេឡារុស្ស និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ជាពិសេសក្នុងវិស័យនយោបាយ និងសតិអារម្មណ៍។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Kasinsky Leonid Viktorovich បានសម្តែងនូវគោលបំណងស្វាគមន៍ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមទៅបំពេញទស្សនកិច្ចនៅប្រទេសបេឡារុស្ស ដើម្បីចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃទិវាជ័យជំនះដែលនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ៕

បកប្រែដោយ Huyen Trang