ពិនិត្យជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាជនជាង ២០០ នាក់នៅតំបន់ព្រំដែន Thanh Hoa – Huaphanh
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្លាស់ប្តូរការពារជាតិរបស់កងកម្លាំងប្រដាប់អាវុធនៅខេត្ត Thanh Hoa និងខេត្ត Huaphanh (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ) នារសៀលថ្ងៃទី ១៥ ខែធ្នូ ក្រុមគ្រូពេទ្យខេត្ត Thanh Hoa បានសហការជាមួយពេទ្យយោធានៃកងទ័ពប្រជាជនឡាវ ពិនិត្យជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃសម្រាប់ប្រជាជននៅតំបន់ព្រំដែនភូមិ Doi ស្រុក Viengxay ខេត្ត Huaphanh (ប្រទេសឡាវ)។
ចូលរួមការពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃនេះ មានគ្រូពេទ្យ និងគិលានុបដ្ឋាយិកាជាង ៣០ នាក់ មកពីមន្ទីរសុខាភិបាល បញ្ជាការដ្ឋានយោធាខេត្ត Thanh Hoa បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Thanh Hoa មន្ទីរពេទ្យមជ្ឈិមលេខ៧១ កងកម្លាំងពេទ្យយោធានៃកងទ័ពឡាវ បុគ្គលិកសុខាភិបាលមកពីមូលដ្ឋានចំនួន២ នៅតំបន់ព្រំដែន រួមជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រទំនើបៗ។
នៅសាលាបឋមសិក្សាភូមិ Doi ស្រុក Viengxay ប្រជាជនជាង ២០០ នាក់បានចូលគ្លីនិកឯកទេសតាមណែនាំរបស់គ្រូពេទ្យនៃខេត្តទាំងពីរ។ តាមរយៈការពិនិត្យនេះ ប្រជាជនទទួលបានការណែនាំពីគ្រូពេទ្យយោធា អំពីការថែទាំសុខភាព អនាម័យ និងការការពារជំងឺ។
|
|
ប្រជាជនជាង ២០០ នាក់ ត្រូវបានពិនិត្យ និងចែកថ្នាំដោយឥតគិតថ្លៃ |
ដោយមានបាវចនាថា «ធ្វើអស់ពីសមត្ថភាព ដើម្បីបម្រើប្រជាជន» គ្រូពេទ្យ និងគិលានុបដ្ឋាយិកាខេត្ត Thanh Hoa - Huaphanh រៀបចំការផ្សព្វផ្សាយអំពីការថែទាំសុខភាព ការការពារជំងឺជូនប្រជាជន។ ទន្ទឹមនឹងការពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ កងកម្លាំងប្រដាប់អាវុធខេត្ត Thanh Hoa ក៏បានផ្តល់អំណោយដល់សិស្សានុសិស្សចំនួន ៣០ នាក់ដែលមានស្ថានភាពលំបាក និងមានលទ្ធផលល្អក្នុងការសិក្សា។
យោងតាមលោកវរសេនីយ៍ឯក Le Van Trung ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Thanh Hoa បានឲ្យដឹងថា សកម្មភាពពោលខាងលើរបស់កងកម្លាំងប្រដាប់អាវុធខេត្ត Thanh Hoa បានរួមចំណែកពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសរវាងគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតាមតំបន់ព្រំដែន ព្រមទាំង ក៏បានលើកកំពស់ស្មារតីទទួលខុសត្រូវរបស់កងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ ក្នុងកិច្ចសហការគ្រប់គ្រង និងការពារព្រំដែន បង្គោលព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ កសាងព្រំដែនរវាងខេត្ត Thanh Hoa និងខេត្ត Huaphanh ប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព និងសុខដុមរម។
កម្មវិធីផ្លាស់ប្តូរការពារជាតិរបស់កងកម្លាំងប្រដាប់អាវុធខេត្ត Thanh Hoa - Huaphanh ជាមួយសកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល ប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែធ្នូ នៅច្រកទ្វារព្រំដែនអន្តរជាតិ Na Meo ស្រុក Quan Son ខេត្ត Thanh Hoa៕
បកប្រែដោយ Thuy Anh