ជាឱកាសបង្ហាញសក្ដានុពលរបស់វៀតណាម

ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែធ្នូ នៅអាកាសយានដ្ឋាន Gia Lam (ទីក្រុងហាណូយ)។ នេះជាលើកទី២ហើយដែលវៀតណាមរៀបចំការតាំងពិព័រណ៍ការពារជាតិអន្តរជាតិ ចាប់តាំងពីលើកទី ១ ក្នុងឆ្នាំ២០២២។ យោងតាមលោកវរសេនីយ៍ឯក Viengxay Soulivong ឲ្យដឹងថា ការរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិគឺជាឱកាសដើម្បីបង្ហាញសមត្ថភាពបច្ចេកវិទ្យា សព្វាវុធ និងយុទ្ធោបករណ៍ដែលផលិតដោយវៀតណាម។ ការរួមចំណែកនិងការអភិវឌ្ឍន៍ឥតឈប់ឈរនៃឧស្សាហកម្មការពារជាតិវៀតណាម រួមចំណែកកសាងសក្តានុពលការពារជាតិ កម្លាំងការពារមាតុភូមិ កសាងទុកចិត្តក្នុងចំណោមប្រជាជន កងទ័ពនិងមិត្តភក្តិអន្តរជាតិ។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសសម្រាប់វៀតណាមស្វាគមន៍មិត្តអន្តរជាតិ ណែនាំអំពីវប្បធម៌ សិល្បៈ ទឹកដី និងប្រជាជនវៀតណាម - ប្រជាជាតិមួយស្រលាញ់សន្តិភាព និងរួសរាយរាក់ទាក់។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសចុះត្រួតពិនិត្យការត្រៀមរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤

ដោយសង្កត់ធ្ងន់ថា ការរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិមិនត្រឹមតែជាឱកាសដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យយោធា-ការពារជាតិរវាងវៀតណាមជា មួយប្រទេសនានាក្នុងតំបន់និងជុំវិញពិភពលោក លោកវរសេនីយ៍ឯក Viengxay Soulivong បានចាត់ទុកថា នេះជាឱកាសដ៏ល្អសម្រាប់អ្នកតាក់តែងគោលនយោបាយការពារជាតិ សហគ្រាសឧស្សាហកម្មការពារជាតិ និងសន្ដិសុខ បានជួបជុំ ផ្លាស់ប្តូរ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកពិភពមួយសន្តិភាព កិច្ចសហប្រតិបត្តិការនិងវិបុលភាព។ លោកវរសេនីយ៍ឯក Viengxay Soulivong បានសង្កត់ធ្ងន់ថា “ការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ ត្រូវបានធ្វើឡើងក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំង​មូល​ បានធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែមានអត្ថន័យ”។

រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Mick Jansen បានអះអាងថា ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ គឺជា “ព្រឹត្តិការណ៍សំខាន់ណាស់”។ លោកវរសេនីយ៍ឯក Mick Jansen បានវាយតម្លៃថា ការរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិលើកទី ២ បានបង្ហាញថា វៀតណាមមានសមត្ថភាពពេញលេញក្នុងការរៀបចំ​ព្រឹត្ដិការណ៍នេះ។

ចំណុចសំខាន់

ពិព័រណ៌ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ មានទ្រង់ទ្រាយធំជាងឆ្នាំ ២០២២។ លោកវរសេនីយ៍ឯក Viengxay Soulivong ឲ្យដឹងថា ប្រការនេះបង្ហាញពីភាពទាក់ទាញកាន់តែកើនឡើងនៃព្រឹត្តិការណ៍ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាម។ ការដែលគណៈប្រតិភូអន្តរជាតិជាន់ខ្ពស់ និងសហគ្រាសការពារជាតិបរទេសធំបានចុះឈ្មោះចូលរួមតាំងបង្ហាញ និងណែនាំផលិតផល និងបច្ចេកវិទ្យាថ្មីក្នុងវិស័យការពារជាតិ និងសន្តិសុខ គឺជាសក្ខីភាពនៃទំនុកចិត្ត ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ បង្ហាញមនោសញ្ចេតនាចំពោះវៀតណាម។ “ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ ត្រូវបានធ្វើឡើងក្នុងទ្រង់ទ្រាយធំ  ដោយបង្ហាញថា ការរៀបចំលើកដំបូងនៅឆ្នាំ ២០២២ ទទួលបានជោគជ័យយ៉ាងខ្លាំងដែលធ្វើឲ្យប្រទេសជាច្រើនចង់ត្រលប់​មក​វៀត​ណាមវិញដើម្បីបន្តស្វែងរកឱកាសដែលនាំមកពីការតាំងពិព័រណ៍ឆ្នាំនេះ។ ខ្ញុំគិតថា មតិសាធារណៈបានវាយតម្លៃខ្ពស់ចំពោះការរៀបចំលើកមុន  ហើយទន្ទឹងរង់ចាំជោគជ័យរបស់ការរៀបចំលើកនេះ”។

យោងតាមលោកវរសេនីយ៍ឯក Mick Jansen ការរៀបចំតាំងពិព័រណ៌ការពារជាតិអន្តរជាតិបង្ហាញពីគោលនយោបាយការពារជាតិសន្តិភាព និងស្វ័យការពាររបស់វៀតណាម ពាំនាំសារវៀតណាមជាមិត្តចំពោះប្រទេសទាំងអស់។ លោកវរសេនីយ៍ឯក Mick Jansen បានបញ្ជាក់ថា “វៀតណាមមានទំនាក់ទំនងជាមួយមិត្តភ័ក្តិនៅលើពិភពលោក។ សាជីវកម្មនិងគណៈប្រតិភូមកពីគ្រប់ទិសទីលើពិភពលោក គឺជាចំណុចសង្កត់ធ្ងន់នៃពិព័រណ៍ការពារជាតិអន្តរជាតិដែលរៀបចំដោយ​វៀតណាម”។

ដោយវាយតំលៃខ្ពស់ចំពោះការត្រៀមរៀបចំរបស់វៀតណាម រួមជាមួយនឹងការគាំទ្រ និងចំណាប់អារម្មណ៍ពីមិត្តអន្តរជាតិ លោកវរសេនីយ៍ឯក Viengxay Soulivong និងលោកវរសេនីយ៍ឯក Mick Jansen ជឿជាក់ថា ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ នឹងនាំមកនូវលទ្ធផលគួរឲ្យចាប់អារម្មណ៍។ លោកវរសេនីយ៍ឯក Mick Jansen បានបញ្ជាក់ថា "ខ្ញុំប្រាកដថា ការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ នឹងទទួលបានជោគជ័យ ហើយការតាំងពិព័រណ៍នឹងជាព្រឹត្ដិការណ៍មួយដែលគួរឲ្យទាក់ទាញ”៕

បកប្រែដោយ Pham Diep