ប៉ុន្មានថ្ងៃនេះ កម្មាភិបាលនិងយុទ្ធជនជាង ២ ពាន់នាក់នៃកងទ័ពប្រជាជនវៀតណាមកំពុងហ្វឹកហាត់ទាំងយប់ទាំងថ្ងៃ ដើម្បីអាចសំដែងល្អក្នុងថ្ងៃបើកពិព័រណ៍។ ឆ្លៀតម៉ោងសម្រាក យើងបានសំណេះសំណាលជាមួយលោកវរសេនីយ៍ឯកបំរុង Pham Anh Thong ប្រធានក្រុមសិល្បៈនៃអង្គភាពការពារដែនអាកាស និងទ័ពជើងអាកាស លោកឲ្យដឹងថា៖ "ឆ្នាំនេះ កម្មវិធីសិល្បៈបើកតាំងពិព័រណ៍មានរយៈពេលប្រហែល ៣០ នាទី ជាមួយនឹងការសម្តែងសិល្បៈប្លែកៗ បង្ហាញពីអត្តសញ្ញាណវប្បធម៌របស់ប្រទេស និងប្រជាជនវៀតណាម ប្រពៃណីវីរភាពរបស់កងទ័ពប្រជាជនវៀតណាម។ ជាពិសេសកម្មវិធីឆ្នាំនេះមានទំហំធំ​ជាងឆ្នាំ២០២២ និងបានសំដែងក្នុងបរិវេណធំទូលាយ"។

leftcenterrightdel
ហ្វឹកហាត់រួមគ្នាដើម្បីត្រៀមរៀបចំពិធីបើកតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤

ដោយប្រធានបទ “វៀតណាម - សន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍” កម្មវិធីគ្រោងនឹងរួមបញ្ចូលការសម្តែងចំនួន ៤ ដែលចាប់ផ្តើមដោយការសំដែងចំណងជើងថា “ដើមឫស្សីវៀតណាម” សំដែងដោយយុទ្ធជន ៥០០ នាក់ រួមជាមួយនឹងយុទ្ធជនសម្តែងស្គរចំនួន ១៦៥ នាក់ និងយុទ្ធជនសម្តែងទង់ ២០០ នាក់។ ការសម្តែងត្រូវបានបំផុសគំនិតដោយរូបភាពដើមឬស្សីក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌វៀតណាមដែលបង្ហាញពីភាពរឹងមាំ ភាពឧស្សាហ៍ព្យាយាម ឆន្ទៈតស៊ូ ស្នេហាជាតិ និងសាមគ្គីភាពរបស់ប្រជាជនវៀតណាម។ រូបភាពដើមឬស្សីដែលមាន “ឫសរឹងមាំ មែកទន់” ក៏ឆ្លុះបញ្ចាំងនូវគោលនយោបាយការបរទេសពហុភាគី និងពិពិធកម្មរបស់វៀតណាម។ បង្ហាញពីភាពខ្ជាប់ខ្ជួន ភាពបត់បែន ភាពទន់ ភាពម្ចាស់ការ និងលទ្ធភាពឆ្លើយតបរបស់ការទូតវៀតណាមក្នុងបរិបទដែលពិភពលោកមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ ការសម្តែងបើកឆាកដ៏គួរឱ្យចាប់អារម្មណ៍នឹងរួមចំណែកក្នុងការបញ្ជូនសារមនុស្សធម៌ដ៏ជ្រាលជ្រៅ ព្រមទាំងបង្ហាញពីស្មារតីវីរភាព​ក្នុងការកសាងនិងការពារប្រទេសរបស់ប្រជាជាតិវៀតណាម។

ក្រៅពី "ដើមឫស្សីវៀតណាម" កម្មវិធីសិល្បៈបើកឆាកក៏មានការសម្តែងពិសេសចំនួន ៣ ផ្សេងទៀតផង រួមមាន៖ "វៀតណាម-ទឹកដី-ប្រជាជន", "វៀតណាមចម្រុះពណ៌" និង "បំណងប្រាថ្នាដើម្បីសន្តិភាព-ការតភ្ជាប់ទ្វីបទាំងប្រាំ"។ ការសម្តែងសិល្បៈនីមួយៗត្រូវបានរួមបញ្ចូលបច្ចេកទេសទំនើបក្នុងការសម្តែង បង្ហាញពីភាពជិតស្និទ្ធ សាមញ្ញ ប៉ុន្ដែនាំមកនូវភាពអស្ចារ្យ និង​ពិសិដ្ឋ។ ការសម្តែងទាំងអស់គឺការណែនាំអំពីទឹកដីវៀតណាមដែលសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ ជឿនលឿន ទំនើប និងស្រលាញ់សន្តិភាព ហើយទន្ទឹមនឹងនោះជាការបញ្ជាក់អំពីភាពក្លាហាន និងកម្លាំងរបស់កងទ័ពប្រជាជនវៀតណាម។

ដើម្បីឱ្យកម្មវិធីទទួលបានជោគជ័យ ការត្រៀមរៀបចំដើរតួនាទីយ៉ាងសំខាន់។ យោងតាមលោកវរសេនីយ៍ឯកបំរុង Pham Anh Thong ផែនការហ្វឹកហាត់ត្រូវបានកសាងយ៉ាងលម្អិតនិងវិទ្យាសាស្ត្រ ម្យ៉ាងទៀត សមាជិកទាំងអស់នៃកម្លាំងសម្តែងមានប្ដេជ្ញាចិត្តខ្ពស់ និងមានការតាំងចិត្តខ្ពស់ ដូច្នេះការហ្វឹកហាត់បានប្រព្រឹត្តទៅដោយរលូន។

ចាប់ពីពេលនេះរហូតដល់កម្មវិធីចាប់ផ្តើមនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នេះក៏ជាពេលដែលត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងលើការហ្វឹកហាត់ និងកែតម្រូវចំណុចខ្វះខាតឱ្យបានទាន់ពេលវេលា ដើម្បីការសម្តែងនៅក្នុងពិធីបើកពិព័រណ៍ប្រកបដោយជោគជ័យ។ ថ្វីត្បិតតែអាកាសធាតុត្រជាក់ខ្លាំងក៏ដោយ ក៏វាមិនប៉ះពាល់ដល់បរិយាកាសហ្វឹកហាត់យ៉ាងសកម្មរបស់កម្មាភិបាល យុទ្ធជន និងសិល្បករនោះទេ។ សង្កេតមើលមុខដែលបែកញើសក្នុងអាកាសធាតុរដូវរងា យើងមើលឃើញពីការតាំងចិត្ត និងបំណងប្រាថ្នាក្នុងក្រអៅបេះដូងរបស់ពួកគេ៕

បកប្រែដោយ Pham Diep