១. ក្នុងអំឡុងពេល ៨០ ឆ្នាំចាប់តាំងពីការបង្កើតឡើង កងទ័ពប្រជាជនវៀតណាមត្រូវបានពិភពលោកស្គាល់ថាជាកិត្តិនាមកងទ័ពលោក អ៊ំ ហូ។ ឈ្មោះនេះមិនត្រឹមតែរំលឹកដល់លោកប្រធានហូជីមិញ ដែលជាស្ថាបនិកនៃក្រុមឃោសនារំដោះវៀតណាមនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ បច្ចុប្បន្នជាកងទ័ពប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីប្រពៃណី និងគោលការណ៍ស្របតាមគ្រប់កាលៈទេសៈក្នុងការកសាងកងកម្លាំងប្រដាប់អាវុធដែលបានកំណត់ដោយប្រធានរដ្ឋដំបូងនៃប្រទេសវៀតណាម។
គោលការណ៍ដែលលោក អ៊ំ ហូ បានកំណត់ក្នុងសុន្ទរកថានៅឱកាសរំលឹកខួបលើកទី ២០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៦៤ នៅតែមានតម្លៃដល់សព្វថ្ងៃនេះ៖ “កងទ័ពរបស់យើងស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះប្រជាជន ត្រៀមខ្លួនជាស្រេចដើម្បីតស៊ូ និងលះបង់ដើម្បីឯករាជ្យភាព និងសេរីភាពនៃមាតុភូមិ និងដើម្បីសង្គមនិយម។ បំពេញរាល់ភារកិច្ចទាំងអស់ ជម្នះរាល់ការលំបាកទាំងអស់ វាយឈ្នះលើសត្រូវទាំងអស់។ គំរូលោកប្រធានហូជីមិញអំពីការលះបង់អស់មួយជីវិតចំពោះមាតុភូមិ និងប្រជាជនគឺជាប្រភពនៃការបំផុសគំនិតសម្រាប់កម្មាភិបាល យុទ្ធជននៃកងទ័ពប្រជាជនវៀតណាមក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក។
ឆន្ទៈតស៊ូ និងសមត្ថភាពប្រយុទ្ធរបស់កងទ័ពវៀតណាមត្រូវបានហាត់ពត់ និងលត់ដំក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ប្រទេស។ នោះគឺរាប់រយឆ្នាំមកនេះ ប្រជាជនវៀតណាមត្រូវប្រឈមមុខនឹងការឈ្លានពានរបស់ពួកឈ្លានពានបរទេសរាប់មិនអស់ ហើយឈ្នះក្នុងការតស៊ូយ៉ាងស្វិតស្វាញដើម្បីឯករាជ្យភាព និងសេរីភាពនៃមាតុភូមិ។ ស្មារតីប្រយុទ្ធបានហាត់ពត់ លត់ដំ ឆ្លងកាត់បញ្ហាប្រឈមជាច្រើនរាប់មិនអស់ និងបានបង្កើតឡើងប្រពៃណីដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាមនាពេលបច្ចុប្បន្ននេះ។
|
|
ក្រុមវប្បធម៌នៃកងទ័ពប្រជាជនវៀតណាមសម្តែងនៅ Army Games ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅសហព័ន្ធរុស្ស៊ី |
សមិទ្ធិផលបច្ចេកទេសយោធាជឿនលឿន និងបទពិសោធន៍ របស់សហភាពសូវៀត (រុស្ស៊ីនាសព្វថ្ងៃ) បានជួយប្រទេសជាបងប្អូនវៀតណាមឱ្យឈរជើងយ៉ាងរឹងមាំ និងយកឈ្នះលើការតស៊ូជាច្រើនឆ្នាំដើម្បីប្រឆាំងនឹងមហាអំណាចឈ្លានពាន និងចក្រពត្តិនិយម។ សហភាពសូវៀតមិនត្រឹមតែផ្តល់សព្វាវុធ និងសម្ភារៈយោធាប៉ុណ្ណោះទេ ថែមទាំងជួយបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងទ័ពវៀតណាមទៀតផង។ អ្នកជំនាញយោធាសូវៀតបានចូលរួមដោយផ្ទាល់ក្នុងការការពារដែនអាកាសរបស់វៀតណាមប្រឆាំងនឹងការវាយប្រហារដោយយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែករបស់សត្រូវ។ នៅក្នុងសៀវភៅអនុស្សាវរីយ៍របស់ខ្លួន អ្នកជំនាញសូវៀតបានកត់ត្រានូវការចងចាំ "ថ្ងៃនៅលើជួរមុខ"។ ក្រុមប្រឹក្សាយោធាសូវៀតបានធ្វើការប្រកបដោយប្រសិទ្ធភាពក្នុងប្រទេសវៀតណាមក្នុងអំឡុងពេលការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិកដើម្បីសង្គ្រោះជាតិ។
ក្នុងអំឡុងឆ្នាំនោះ កងទ័ពវៀតណាមបានអនុវត្តយ៉ាងសកម្ម និងប្រកបដោយភាពច្នៃប្រឌិតនូវសមិទ្ធិផល និងបទពិសោធន៍ក្នុងយុទ្ធសាស្ត្ររបស់កងទ័ពសូវៀត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងជ័យជម្នះលើពួកហ្វាស៊ីសអាល្លឺម៉ង់ និងយោធានិយមជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ អ្នកជំនាញសូវៀតជាច្រើនមានបទពិសោធន៍ប្រយុទ្ធដ៏សម្បូរបែបនៅលើសមរភូមិក្នុងអំឡុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ (១៩៤១-១៩៤៥)។ យើងខ្ញុំពិតជាមានអំណរគុណ និងសប្បាយរីករាយជាខ្លាំងដោយបានថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមចងចាំនូវជំនួយដ៏ធំធេង និងបរិសុទ្ធរបស់អ្នកជំនាញសូវៀតជានិច្ច។
២. សព្វថ្ងៃនេះ កងទ័ពប្រជាជនវៀតណាម និងកងកម្លាំងប្រដាប់អាវុធរុស្ស៊ីចែករំលែកតម្លៃរួមជាច្រើនដូចជា៖ ភាពស្មោះត្រង់គ្មានដែនកំណត់ចំពោះប្រជាជន និងអាជ្ញាធររដ្ឋ ត្រៀមខ្លួនជាស្រេចដើម្បីការពារសេរីភាព ឯករាជ្យភាព និងផលប្រយោជន៍ជាតិរបស់មាតុភូមិ។ កងទ័ពនៃប្រទេសទាំងពីរមានលក្ខណៈរួមគឺគុណធម៌ខ្ពស់ ត្រៀមខ្លួនជាស្រេចគាំទ្រគ្នាទៅវិញទៅមក មានវិន័យតឹងរ៉ឹង និងស្មារតីលះបង់ដោយមិនគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួន។ យើងចងភ្ជាប់ជាមួយគ្នាដោយការគោរពអតីតកាល និងគុណូបការៈរបស់បុព្វបុរសរបស់យើងដែលបានតស៊ូដើម្បីសេរីភាព និងឯករាជ្យភាពនៃមាតុភូមិ។
ក្នុងបរិបទដែលប្រទេសមួយចំនួនគ្រោងនឹងសរសេរឡើងវិញនូវប្រវត្តិសាស្ត្រនៃសតវត្សទី ២០ និងវាយកម្ទេចស្តូបយុទ្ធជនរំដោះសូវៀតនៅបណ្តាប្រទេសនៅអឺរ៉ុបខាងកើត និងរុស្ស៊ី វៀតណាមចងចាំជានិច្ចនូវជ័យជំនះវីរភាពនៃជំនាន់មុនៗដែលបានប្រយុទ្ធ និងលះបង់ដើម្បីការពារប្រទេសរបស់យើង។ យើងមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តវៀតណាមរបស់យើង ដែលតែងតែចងចាំនូវអនុស្សាវរីយ៍ប្រវត្តិសាស្ត្រ និងរក្សាបាននូវស្តូបអនុស្សាវរីយ៍របស់អ្នកជំនាញសូវៀត និងរុស្ស៊ីដែលបានពលីជីវិតនៅវៀតណាម ក្នុងអំឡុងពេលបំពេញបេសកកម្មនៅជិតអាកាសយានដ្ឋាន Cam Ranh ខេត្ត Khanh Hoa នៅលើទីតាំងស្ថានីយ៍ធានាភ័ស្តុភាររបស់កងទ័ពជើងទឹកសូវៀតកាលពីមុន។ ព្រឹត្ដិការណ៍គួរឱ្យកត់សម្គាល់មួយគឺថានៅខែសីហា ឆ្នាំ២០២៤ នៅឧទ្យានយោធាស្នេហាជាតិក្នុងតំបន់មូស្គូ បានកសាងស្តូបមួយរំលឹកដល់អ្នកស្ម័គ្រចិត្តវៀតណាមដែលបានប្រយុទ្ធក្នុងជួរកងទ័ពសូវៀនៅរដូវស្លឹកឈើជ្រុះឆ្នាំ១៩៤១។ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួមពិធីសម្ពោធស្តូបនេះ។
ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ ពិភពលោកបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន។ និម្មាបនកម្មសន្តិសុខដែលបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទីពីរកំពុងត្រូវបានបំផ្លាញនៅចំពោះមុខយើង។ ស្ថានភាពពិភពលោកបច្ចុប្បន្នបង្កបញ្ហាប្រឈម និងការគំរាមកំហែងថ្មីៗដល់យើង ដែលអាចដោះស្រាយបានតែតាមរយៈការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ពិភពលោកទាំងមូល។
ក្រោមលក្ខខណ្ឌទាំងនេះ កងទ័ពប្រជាជនវៀតណាមបានបន្ស៊ាំខ្លួនយ៉ាងឆាប់រហ័ស និងបត់បែនទៅនឹងការពិតថ្មី ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាព និងស្ថិរភាពនៅកន្លែងជាច្រើនជុំវិញពិភពលោក។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ យុទ្ធជននៃកងទ័ពប្រជាជនវៀតណាមចូលរួមបេសកកម្មកសាងឡើងវិញនៅទ្វីបអាហ្វ្រិក និងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនក្នុងតំបន់។ មេបញ្ជាការនៃស្ថានបេសកកម្មរក្សាសន្តិភាព អាជ្ញាធរនៃប្រទេសសាមី ក៏ដូចជាតំណាងអង្គការសហប្រជាជាតិ បានទទួលស្គាល់ម្តងហើយម្តងទៀតនូវស្នាដៃរបស់កងទ័ពប្រជាជនវៀតណាមក្នុងការបំពេញភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ។ វៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យរក្សាសន្តិភាពជាមួយប្រទេសមួយចំនួនរួមទាំងសហព័ន្ធរុស្ស៊ីផងដែរ បានបង្ហាញយ៉ាងច្បាស់នូវការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំយោធាជាន់ខ្ពស់របស់វៀតណាមក្នុងប្រធានបទនេះ។
ក្នុងសម័យកាលបច្ចុប្បន្ន ទំនាក់ទំនងទ្វេភាគីលើវិស័យយោធារវាងរុស្ស៊ី និងវៀតណាមត្រូវបានអនុវត្តលើប្រធានបទ និងវិស័យផ្សេងៗគ្នាជាច្រើន។ មូលដ្ឋានរឹងមាំនៃអន្តរកម្មនេះត្រូវបានពូនជ្រំដោយប្រពៃណីមិត្តភាពយូរអង្វែង ការយល់ដឹងគ្នាទៅវិញទៅមក ក៏ដូចជាបទពិសោធន៍ដ៏សម្បូរបែបក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ យើងទទួលស្គាល់ការចូលរួមជាប្រចាំរបស់ដៃគូវៀតណាមក្នុងព្រឹត្តិការណ៍សំខាន់ៗដែលរៀបចំដោយភាគីរុស្ស៊ី រួមទាំងវេទិកាបច្ចេកទេស - យោធាអន្តរជាតិ ARMY-2024 និងពិព័រណ៍កងទ័ពជើងទឹកអន្តរជាតិនៅទីក្រុង St. Petersburg។ ក្រុមនានារបស់វៀតណាមបានសម្តែងដោយជោគជ័យក្នុងការប្រកួតកីឡាយោធាអន្តរជាតិ (Army Games) ហើយទទួលបានពានរង្វាន់ជាច្រើន។ ចាប់ពីឆ្នាំ ២០២១ ការប្រកួតលើវិញ្ញាសាមួយចំនួនក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាអន្តរជាតិ ក៏នឹងប្រព្រឹត្តទៅនៅលើទឹកដីវៀតណាមផងដែរ។ នាពេលខាងមុខ សហព័ន្ធរុស្ស៊ីនឹងមានតំណាងចូលរួមពិធីរំលឹកខួបលើកទី៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី ២ ឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
ខ្ញុំជឿជាក់ថា ជាមួយប្រវតិ្តសាស្រ្តប្រពៃណីវីរភាពក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក យុទ្ធជនដ៏អង់អាចក្លាហាននៃកងទ័ពប្រជាជនវៀតណាមនឹងបន្តការពារអធិបតេយ្យភាព ឯករាជ្យភាព សេរីភាព និងសន្តិភាពនៃមាតុភូមិ។ សូមគោរពជូនពរកម្មាភិបាល និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាមជានិច្ចកាលសក្តិសមនឹងកិត្តិនាមដ៏ថ្លៃថ្នូជាកងទ័ពលោក អ៊ំ ហូ ដែលប្រជាជនវៀតណាមបានទទួលស្គាល់ និងកោតសរសើរ៕
បកប្រែដោយ Huyen Trang