ភស្តុតាងដ៏រស់រវើកនៃសាមគ្គីភាព និងមិត្តភាពជាមួយវៀតណាម
នារសៀលថ្ងៃទី ១៩ ខែធ្នូ នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទទួលជួបថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសនានាក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤។
ក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ពិព័រណ៍ឆ្នាំនេះបន្តទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីដៃគូ មិត្តភ័ក្តិអន្តរជាតិ និងសហគ្រាសការពារជាតិជាច្រើន បង្ហាញពីសាមគ្គីភាព និងមិត្តភាពរវាងក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងឡាយជាមួយវៀតណាមនិយាយរួម និងជាមួយកងទ័ពប្រជាជនវៀតណាមនិយាយដោយឡែក។
ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានឲ្យដឹងថា វៀតណាមមានបំណងចង់ឲ្យសហគ្រាសការពារជាតិវៀតណាម និងប្រទេសទាំងឡាយផ្លាស់ប្តូរព័ត៌មាន ណែនាំសមត្ថភាព វិស័យដែលជាប្រៀបខ្លាំងនៃសហគ្រាសនីមួយៗ ដើម្បីលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក ស្វែងរកឱកាសសហប្រតិបត្តិការនាពេលខាងមុខ លើកឡើងនូវគំនិតផ្តួចផ្តើម និងគម្រោងសហប្រតិបត្តិការដែលមានយថាទស្សន៍។
វៀតណាមស្វាគមន៍សាជីវកម្ម និងសហគ្រាសឧស្សាហកម្មការពារជាតិមកពីប្រទេសនានា ផ្ដល់យោបល់ និងផ្តល់អនុសាសន៍ដល់ក្រសួងការពារប្រទេស និងរដ្ឋាភិបាលវៀតណាមអំពីវិធានការកសាងយន្តការ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរវាងវៀតណាមនិងប្រទេសផ្សេងៗ រួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយដៃគូដោយឈរលើមូលដ្ឋានសមភាព នាំមកនូវផលប្រយោជន៍ទៅវិញទៅមក ស្របតាមគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។
ឱកាសដើម្បីលើកកម្ពស់ឧស្សាហកម្មការពារជាតិក្នុងតំបន់ និងពិភពលោក
ក្នុងជំនួប តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងទ័ពនៃបណ្ដាប្រទេសដែលចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក Khamlieng Outhakaysone រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានអបអរសាទរវៀតណាម និងអរគុណវៀតណាមចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ហើយកោតសរសើរចំពោះក្រសួងការពារប្រទេសវៀតណាម ដែលរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះប្រកបដោយជោគជ័យ។
លោកឧត្តមសេនីយ៍ឯក Khamlieng Outhakaysone បានឲ្យដឹងថា ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ បាននាំមកនូវតម្លៃ និងឱកាសសម្រាប់ផ្នែកឧស្សាហកម្មការពារជាតិក្នុងតំបន់ និងសកលលោក ស្វែងយល់អំពីបច្ចេកវិទ្យាការពារជាតិ និងបច្ចេកវិទ្យាយោធា និងជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងផលិតកម្មឧស្សាហកម្មការពារជាតិ ផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ដើម្បីសន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។
|
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសនានាដែលចូលរួមពិព័រណ៍ |
រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ត្រី Pehin Halbi រដ្ឋមន្ត្រីក្រសួងការពារជាតិទី២ នៃប្រទេសប្រ៊ុយណេដារូសាឡឹម បានសម្តែងការចាប់អារម្មណ៍ចំពោះពិធីបើកនៃពិព័រណ៍ ដោយបញ្ជូនសារដ៏មានអត្ថន័យថា “សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួម” ហើយសន្យាថា ប្រ៊ុយណេនឹងសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត ដើម្បីរក្សាសន្តិភាពក្នុងតំបន់អាស៊ាន។ លោកសង្ឃឹមថានឹងមានឱកាសជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម បណ្តាប្រទេសអាស៊ាន និងប្រទេសក្រៅតំបន់។
លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ ចាត់ទុកថា នេះជាឱកាសដើម្បីស្វែងយល់អំពីប្រទេសវៀតណាម លើកកម្ពស់ការយល់ដឹង ផ្លាស់ប្តូរបទពិសោធន៍ ពីនោះ អភិវឌ្ឍទំនាក់ទំនងក្នុងវិស័យការពារជាតិ។
វៀតណាម និងទួរគី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ
នារសៀលថ្ងៃដដែល នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Pham Hoai Nam សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក Musa Heybet អនុរដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី។ លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានថ្លែងអំណរគុណចំពោះលោក Musa Heybet ដែលចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤។
|
|
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក Musa Heybet |
ចំពោះទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគី លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានវាយតម្លៃថា នាពេលកន្លងមកនេះ ភាគីទាំងពីរបានអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ ការគាំទ្រនិងចូលរួមពិព័រណ៍ឧស្សាហកម្មការពារជាតិដែលរៀបចំដោយភាគីនីមួយៗ។ លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តជំរុញខ្លឹមសារសហប្រតិបត្តិការដូចជា៖ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការបណ្ដុះបណ្ដាល ឧស្សាហកម្មការពារជាតិ... តាមរយៈនោះ នាំមកនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្ដែង។
លោក Musa Heybet បានអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម។ លោក Musa Heybet បានបញ្ជាក់ថា ទួរគីមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាម ហើយស្នើឲ្យវៀតណាម ជួយគាំទ្រទួរគីក្នុងការជម្រុញទំនាក់ទំនងជាមួយអាស៊ាន។ លោក Musa Heybet បានឲ្យដឹងថា ការចូលរួមក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ មានគោលបំណងលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនឹងមានការអភិវឌ្ឍថ្មីៗនាពេលខាងមុខ៕
បកប្រែដោយ Thanh Cong