អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងអំពីគោលបំណង និងអត្ថន័យនៃពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ បានទេ?

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien៖ ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាបុណ្យការពារជាតិដោយប្រជាជនទាំងមូល។ នេះជាព្រឹត្តិការណ៍មួយដែលបញ្ជាក់ពីការរីកចម្រើនរបស់កងទ័ពប្រជាជនវៀតណាមក្នុងរយៈពេល ៨០ ឆ្នាំកន្លងទៅ។

ពិព័រណ៍នេះមានគោលបំណងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីឧស្សាហកម្មការពារជាតិ; ចែករំលែកបទពិសោធន៍ ទទួល និងផ្ទេរបច្ចេកវិទ្យា; ចាប់យកនិន្នាការបច្ចេកវិទ្យាជឿនលឿននៅលើពិភពលោក ដើម្បីឱ្យយើងអាចស្រាវជ្រាវ រចនា និងផលិតអាវុធ និងឧបករណ៍បច្ចេកទេស ដើម្បីបំពេញតម្រូវការ និងភារកិច្ចយោធា និងការពារជាតិក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ ពិព័រណ៍នឹងផ្សព្វផ្សាយ និងណែនាំផលិតផល និងម៉ាកផលិតផលឧស្សាហកម្មការពារជាតិវៀតណាម; ជំរុញពាណិជ្ជកម្ម ស្វែងរកដៃគូ ឱកាសសហប្រតិបត្តិការ ការជ្រៀតចូលទីផ្សារសក្តានុពល ដើម្បីចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលឧស្សាហកម្មការពារជាតិនៅទីផ្សារជុំវិញពិភពលោក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ប្រធានគណៈកម្មការដឹកនាំការតាំងពិព័រណ៍

នេះក៏ជាឱកាសដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយអំពីទឹកដី វប្បធម៌ មនុស្សវៀតណាម វប្បធម៌យោធារបស់កងទ័ពប្រជាជនវៀតណាម កសាងទំនុកចិត្ត ការយល់ដឹងគ្នាទៅវិញទៅមក ជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងនៅលើពិភពលោក។  ដាស់តឿន និងរីកសាយភាយមោទនភាពជាតិ និងស្មារតីទទួលខុសត្រូវក្នុងចំណោមកម្មាភិបាល យុទ្ធជននៃកងទ័ពទាំងមូល និងប្រជាជនទាំងមូល ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាមសង្គមនិយម។ ទន្ទឹមនឹងនោះ ប្រមូលផ្តុំបទពិសោធន៍ និងមេរៀនជាក់ស្តែង ដើម្បីកសាង និងផ្សព្វផ្សាយម៉ាកពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម។

អ្នកយកព័ត៌មាន៖ នេះជាលើកទី២ ហើយដែលក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិ។ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងអំពីចំណុចលេចធ្លោនៃពិព័រណ៍លើកនេះបានទេ?

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien៖ ពិព័រណ៍នេះមានទ្រង់ទ្រាយធំជាងលើកទីមួយដែលយើងបានប្រារព្ធឡើងក្នុងឆ្នាំ២០២២ ជាពិសេស៖ ចំនួនអាវុធ និងយុទ្ធោបករណ៍របស់កងទ័ពប្រជាជនវៀតណាមត្រូវបានតាំងបង្ហាញក្នុងបរិមាណធំជាង  និងសម្បូរបែបជាង; ចំនួនផលិតផលឧស្សាហកម្មការពារជាតិ ភស្តុភារ និងបច្ចេកទេសដែលត្រូវបានផលិតក្នុងស្រុក ត្រូវបានបង្ហាញកាន់តែច្រើន; ទាក់ទាញការចូលរួមពីក្រុមហ៊ុនជាច្រើនរបស់បណ្តាប្រទេស រួមទាំងប្រទេសដែលមានសក្ដានុពលយោធា និងឧស្សាហកម្មការពារជាតិដែលមានការអភិវឌ្ឍឈានមុខគេលើពិភពលោក ដូចជា៖ អាមេរិក រុស្ស៊ី អង់គ្លេស បារាំង អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ ឥណ្ឌា ចិន អ៊ីស្រាអែល។ល។ ផ្ទៃដីសរុបនៃតំបន់តាំងពិព័រណ៍បានកើនឡើងទ្វេដង (ច្រើនជាង ១០០,០០០ ម៉ែត្រការ៉េ); ផ្ទៃដីនៃមណ្ឌលតាំងបង្ហាញនៅកណ្តាលវាលក៏ដូចជាស្តង់ក្នុងផ្ទះគឺធំជាងការតាំងពិព័រណ៍លើកដំបូង។

leftcenterrightdel
ទិដ្ឋភាពនៃការពិនិត្យចុងក្រោយនៃពិធីបើកការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤

វិសាលភាពនៃការតាំងពិព័រណ៍ឆ្នាំនេះបានបង្ហាញថា យើងដើរលើផ្លូវត្រឹមត្រូវក្នុងកិច្ចខិតខំប្រឹងប្រែងកសាងម៉ាកយីហោនៃការតាំងពិព័រណ៍ការពារជាតិរបស់វៀតណាម ដូច្នេះហើយនេះនឹងក្លាយជាកន្លែងជួបប្រជុំពីរឆ្នាំម្តងគួរឲ្យទាក់ទាញសម្រាប់សាជីវកម្ម ក្រុមហ៊ុន អ្នកស្រាវជ្រាវផលិតកម្មឧបករណ៍ការពារជាតិ ស្ថាប័ន អង្គភាព និងកងកម្លាំងប្រដាប់អាវុធ ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការ ផ្លាស់ប្តូរ ដែលនាំមកនូវផលប្រយោជន៍ដល់គ្រប់ភាគី។

ភ្ញៀវអន្តរជាតិដែលចូលរួមក្នុងការតាំងពិព័រណ៍នេះ ក្រៅពីគណៈប្រតិភូថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏មានគណៈប្រតិភូថ្នាក់នាយសេនាធិការ អគ្គមេបញ្ជាការ អនុរដ្ឋមន្ត្រីការពារជាតិ មេបញ្ជាការអង្គភាព... នៃបណ្តាប្រទេស។ ទាំងអស់នេះបញ្ជាក់ពីការទុកចិត្តរបស់មិត្តអន្តរជាតិចំពោះវៀតណាម។ ពួកគេចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាម រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិផងដែរ។

អ្នកយកព័ត៌មាន៖ តើក្រសួងការពារប្រទេសនឹងធ្វើអ្វីដើម្បីជំរុញគោលដៅធ្វើឱ្យពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមក្លាយជាម៉ាកសញ្ញាជាតិដែលស្មើជាមួយតំបន់ និងពិភពលោក?

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien៖ ដើម្បីប្រែពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ក្លាយទៅជាម៉ាកសញ្ញាជាតិដែលស្មើជាមួយតំបន់ និងពិភពលោក ជាដំបូងយើងត្រូវបង្កើនជំនាញវិជ្ជាជីវៈក្នុងការរៀបចំ និងផ្លាស់ប្តូរថ្មីដោយឥតឈប់ឈរនូវខ្លឹមសារ និងវិធីសាស្ត្ររៀបចំ បង្កើតឱ្យមានលក្ខណៈពិសេសនិងការប្រកួតប្រជែង ដើម្បីឲ្យពិព័រណ៍នេះមិនត្រឹមតែជាកន្លែងសម្រាប់បង្ហាញឧបករណ៍យោធាទំនើបបំផុតរបស់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងនាំមកនូវដំណោះស្រាយបច្ចេកវិទ្យា រួមគ្នាចែករំលែកបទពិសោធន៍ និងជំរុញពាណិជ្ជកម្មយោធា។ ទន្ទឹមនឹងនោះ ជាកន្លែងសម្រាប់ភ្ញៀវអាចទស្សនាសមិទ្ធិផលនៃវិស័យឧស្សាហកម្មការពារជាតិដែលកំពុងរីកចម្រើនលើពិភពលោក ក៏ដូចជាទស្សនាជាក់ស្តែងនូវផលិតផលឧស្សាហកម្មការពារជាតិនៃបណ្តាប្រទេស និងវៀតណាម។

វាមានសារៈសំខាន់ណាស់ដែលយើងត្រូវកសាងឧស្សាហកម្មការពារជាតិរបស់វៀតណាមឱ្យមានភាពម្ចាស់ការ ខ្លួនទីពឹងខ្លួន  ពហុបំណងនិងទំនើប; ជំរុញការផ្សព្វផ្សាយម៉ាកសញ្ញានៃពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម; មានយន្តការ និងគោលនយោបាយដើម្បីកៀរគរធនធាន និងលើកទឹកចិត្តសាជីវកម្ម ក្រុមហ៊ុន និងធុរកិច្ចក្នុងស្រុក និងបរទេស ដើម្បីចូលរួមក្នុងការតាំងពិព័រណ៍នេះ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Huyen Trang