បន្តពង្រឹងនិងអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-សហព័ន្ធរុស្ស៊ី
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមពិធីព្យុហយាត្រា ក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមារបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងលោកជំទាវ ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នាថ្ងៃទី ១០ ខែឧសភា នៅទីក្រុងមូស្គូ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Andrey Removich Belousov រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ី បានចុះហត្ថលេខាលើផែនការភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-រុស្ស៊ី ក្នុងវិស័យការពារជាតិ ដំណាក់កាល ២០២៦-២០៣០។ នេះគឺជាឯកសារសហប្រតិបត្តិការដ៏សំខាន់មួយ ដែលតំរង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
នាថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Phan Van Giang មានជំនួបជាមួយលោកឧត្តមសេនីយ៍ឯក Alexander Vasilyevich Fomin អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបជាមួយលោកឧត្តមសេនីយ៍ឯក Alexander Vasilyevich Fomin អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី |
នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរចំពោះប្រជាជន និងកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី ក្នុងឱកាសខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា ហើយអះអាងថា នេះគឺជាជ័យជំនះដ៏មានអត្ថន័យចំពោះប្រវត្តិសាស្ត្រមនុស្សជាតិ។ លោកបានសង្កត់ធ្ងន់ថា ការបញ្ជូនក្រុមបេសកកម្មរបស់ក្រសួងការពារប្រទេសវៀតណាមទៅចូលរួមពិធីព្យុហយាត្រានៅទីលានក្រហមជាលើកដំបូង គឺជាការបង្ហាញយ៉ាងរស់រវើកនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់វិស័យរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី បង្ហាញពីចំណងសាមគ្គីភាព និងភាពជិតស្និទ្ធរវាងកងទ័ពនៃប្រទេសទាំងពីរ។
ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិរុស្ស៊ី ដែលបានបញ្ជូនគណៈប្រតិភូទៅចូលរួមពិធីខួបទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិរបស់វៀតណាម រួមចំណែកដល់ជោគជ័យនៃព្រឹត្តិការណ៍នយោបាយសំខាន់នេះ។
លោកឧត្តមសេនីយ៍ឯក Alexander Vasilyevich Fomin បានឲ្យដឹងថា ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមពិធីខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមារបស់លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងរួមចំណែកធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកក៏បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាមដែលបានបញ្ជូនក្រុមបេសកកម្មរបស់ក្រសួងការពារប្រទេសវៀតណាមមកចូលរួមពិធីព្យុហយាត្រានៅទីលានក្រហម និងរួមចំណែកដល់ជោគជ័យនៃព្រឹត្តិការណ៍នេះ។
ពិភាក្សាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនាពេលកន្លងមកនេះ ភាគីទាំងពីរបានវាយតម្លៃថា ទន្ទឹមនឹងការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិតែងតែទទួលបានការយកចិត្តទុកដាក់ ត្រូវបានពង្រឹងនិងអភិវឌ្ឍ ហើយក្លាយជាសសរស្តម្ភក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅថែមទៀត ភាគីទាំងពីរបានឯកភាពបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខា និងយន្តការសហប្រតិបត្តិការដែលមានស្រាប់ បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គភាពនៃកងទ័ពរបស់ប្រទេសទាំងពីរ បង្កើនការបណ្តុះបណ្តាលកម្មាភិបាល ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ការប្រើប្រាស់ និងការផ្ទេរបច្ចេកវិទ្យាក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលត្រូពិច វៀតណាម-រុស្សី ដើម្បីកសាងមជ្ឈមណ្ឌលក្លាយជាគំរូ និងនិមិត្តរូបនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយរក្សាកិច្ចសហការ និងការពិគ្រោះយោបល់ប្រកបដោយប្រសិទ្ធភាពនៅ អង្គការនិងវេទិកាពហុភាគីអន្តរជាតិស្ដីពីការពារជាតិ ជាពិសេសគឺយន្តការដឹកនាំដោយអាស៊ាន រួមទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) បន្តគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពពហុភាគី ដែលរៀបចំដោយក្រសួងការពារជាតិនៃប្រទេសនីមួយៗនាពេលខាងមុខ...៕
បកប្រែដោយ Thuy Anh