ជំរុញកិច្ចសហប្រតិបត្តិការរវាងកងឆ្មាំសមុទ្រវៀតណាម និងកងកម្លាំងអនុវត្តច្បាប់នៅសមុទ្រនៃប្រទេសនានា
កប.អនឡាញ - នារសៀលថ្ងៃទី១៨ ខែធ្នូ នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំកម្លាំងអនុវត្តច្បាប់នៃប្រទេសនានាដែលចូលរួមកម្មវិធីជួបប្រាស្រ័យមិត្តភាព “កងឆ្មាំសមុទ្រវៀតណាម និងមិត្តភ័ក្ក” លើកទី២ ឆ្នាំ២០២៤។
នៅឯជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកងកម្លាំងអនុវត្តច្បាប់លើសមុទ្រនៃប្រទេសនានាដែលបានអញ្ជើញមកវៀតណាមចូលរួមកម្មវិធីជួបប្រាស្រ័យ ហើយនិងអះអាងថា ការចូលរួមរបស់តំណាងនៃប្រទេសនានាគឺជាសក្ខីភាពនៃចំណងសាមគ្គីភាព និងបំណងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់លើសមុទ្រនៃប្រទេសនានា; ទន្ទឹមនឹងនេះដែរ វាជាកត្តាសំខាន់ដែលសម្រេចភាពជោគជ័យនៃកម្មវិធីជួបប្រាស្រ័យ។
យោងតាមលោកនាយឧត្តមសេនីយ៍ Phan Van Giang ការរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រ គឺជាសេចក្តីប្រាថ្នា និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ក្នុងតំបន់ និងជុំវិញពិភពលោក។ វៀតណាមបានអះអាងនូវគោលជំហរជាប់លាប់របស់ខ្លួនចំពោះសារៈសំខាន់នៃសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។ រាល់វិវាទ និងការខ្វែងគំនិតគ្នាត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។ លើសពីនេះ វៀតណាមចង់ឱ្យកងកម្លាំងអនុវត្តច្បាប់លើសមុទ្រនៃប្រទេសផ្សេងៗសម្របសម្រួលដើម្បីជួយអ្នកនេសាទគ្នាទៅវិញទៅមកដែលរងគ្រោះនៅសមុទ្រ និងមានសកម្មភាពមនុស្សធ៌មចំពោះអ្នកនេសាទដែលរំលោភបំពានដែនសមុទ្ររបស់គ្នាទៅវិញទៅមក សមស្របជាមួយទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសនានា។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងឆ្មាំសមុទ្រវៀតណាមក្នុងការបំពេញភារកិច្ចអនុវត្តច្បាប់នៅសមុទ្រ និងក្នុងកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសជាមួយកងកម្លាំងអនុវត្តច្បាប់លើសមុទ្រនៃប្រទេសដែលមានវត្តមាននៅក្នុងកម្មវិធីជួបប្រាស្រ័យនេះ។
|
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថតរូបជាមួយប្រតិភូទាំងឡាយ |
តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃកងកម្លាំងអនុវត្តច្បាប់លើសមុទ្រ នៃប្រទេសនានាដែលតែងតែសហការ ជួយគាំទ្រ និងចែករំលែកបទពិសោធន៍ជាមួយកងឆ្មាំសមុទ្រវៀតណាម។
នាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា កងកម្លាំងអនុវត្តច្បាប់លើសមុទ្រនៃប្រទេសក្នុងតំបន់ និងជាពិសេសប្រទេសដែលមានតំបន់សមុទ្រជាប់នឹងវៀតណាម នឹងបន្តសម្របសម្រួលជាមួយកងឆ្មាំសមុទ្រវៀតណាម ចែករំលែកបទពិសោធន៍ ចែករំលែកព័ត៌មាន ធ្វើសកម្មភាពយាមល្បាតរួម និងសហការក្នុងការអនុវត្តសកម្មភាពអនុវត្តច្បាប់នៅសមុទ្រ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យស្វែងរក និងជួយសង្គ្រោះ។
ថ្លែងអំណរគុណចំពោះលោកនាយឧត្តមសេនីយ៍ Phan Van Giang ដែលបានចំណាយពេលទទួលជួបគណៈប្រតិភូ លោកឧត្តមនាវីទោ Songrit Chatngern អគ្គលេខាធិការរងនៃមជ្ឈមណ្ឌលបញ្ជាការសមុទ្រថៃ/Thai-MECC បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងស្ថានប័នអនុវត្តច្បាប់លើសមុទ្រនៃប្រទេសនានាក្នុងតំបន់។ ជាពិសេសបណ្តាប្រទេសជិតខាង ទន្ទឹមនឹងនោះវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំកម្មវិធីជួបប្រាស្រ័យរបស់កងឆ្មាំសមុទ្រវៀតណាម ដោយជឿជាក់ថាកម្មវិធីនឹងនាំមកនូវឱកាសសហប្រតិបត្តិការថ្មី។
យោងតាមលោកឧត្តមនាវីទោ Songrit Chatngern កិច្ចសហប្រតិបត្តិការអន្តរជាតិមិនត្រឹមតែជាគោលដៅប៉ុណ្ណោះទេ ថែមទាំងជាតម្រូវការទូទៅនៅក្នុងពិភពលោកដែលតភ្ជាប់គ្នានាពេលបច្ចុប្បន្ននេះ។ ការដែលកងកម្លាំងនានាសហការជាមួយគ្នានោះ វាមិនត្រឹមតែជួយលើកកម្ពស់ប្រសិទ្ធភាពនៃបេសកកម្មដោយឡែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងរណសិរ្សរួបរួមដ៏រឹងមាំមួយដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសន្តិភាពនៅសមុទ្រទៀតផង។
បកប្រែដោយ Duy Hoan