ក្រុមបេសកកម្មកងឆ្មាំសមុទ្រវៀតណាមជួបសម្តែងការគួរសមជាមួយមេបញ្ជាការតំបន់ភាគខាងលិច កម្លាំងការពារឆ្នេរសមុទ្រឥណ្ឌា
កប.អនឡាញ - បន្តដំណើរទស្សនកិច្ច និងផ្លាស់ប្តូរជាមួយកម្លាំងការពារឆ្នេរសមុទ្រឥណ្ឌា នាព្រឹកថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុង Kochi (រដ្ឋ Kerala ប្រទេសឥណ្ឌា) ក្រុមបេសកកម្មកងឆ្មាំសមុទ្រវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Minh Khanh មេបញ្ជាការរង នាយសេនាធិការនៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ៣ បានចូលជួបសម្តែងការគួរសមជាមួយលោកឧត្តមសេនីយ៍ទោ Bhisham Sharma មេបញ្ជាការតំបន់ភាគខាងលិច កម្លាំងការពារឆ្នេរសមុទ្រឥណ្ឌា។
ទទួលស្វាគមន៍ក្រុមបេសកកម្មកងឆ្មាំសមុទ្រវៀតណាមមកបំពេញទស្សនកិច្ច និងផ្លាស់ប្ដូរជាមួយកម្លាំងការពារឆ្នេរសមុទ្រឥណ្ឌា លោកឧត្តមសេនីយ៍ទោ Bhisham Sharma បានសម្ដែងនូវក្តីសប្បាយរីករាយចំពោះការចូលចតជាលើកដំបូងរបស់នាវាល្បាតឆ្មាំសមុទ្រវៀតណាមនៅកំពង់ផែ Kochi កម្លាំងការពារឆ្នេរសមុទ្រឥណ្ឌា។ ដំណើរទស្សនកិច្ចរបស់នាវាកងឆ្មាំសមុទ្រលេខ៨០០៥ នៅទីក្រុង Kochi លើកនេះបានរួមចំណែកពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងទាំងពីរ ហើយក៏រួមចំណែកជម្រុញចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងអនុវត្តការប្តេជ្ញាចិត្តរបស់កងកម្លាំងអនុវត្តច្បាប់សមុទ្រនៃប្រទេសទាំងពីរ។
|
|
លោកឧត្តមសេនីយ៍ទោ Bhisham Sharma លោកវរសេនីយ៍ឯក Nguyen Minh Khanh និងប្រតិភូនៃភាគីទាំងពីរ |
តាងនាមក្រុមបេសកកម្មកងឆ្មាំសមុទ្រវៀតណាម លោកវរសេនីយ៍ឯក Nguyen Minh Khanh បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់កក្តៅរបស់កងកម្លាំងការពារឆ្មាំសមុទ្រឥណ្ឌា ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចនិងការផ្លាស់ប្តូរលើកនេះនឹងរួមចំណែកពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការ ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងកម្លាំងទាំងពីរនាពេលខាងមុខ។
នាព្រឹកថ្ងៃដដែល ក្រុមបេសកកម្មកងឆ្មាំសមុទ្រវៀតណាមបានចូលរួមការប្រកួតកីឡាបាល់ទះជាមួយតំបន់លេខ៤ កម្លាំងការពារឆ្នេរសមុទ្រឥណ្ឌា៕
បកប្រែដោយ Thuy Anh