អនុវត្តគម្រោងលេខ ៥ (អភិវឌ្ឍន៍ការអប់រំ និងបណ្តុះបណ្តាល សំដៅលើកកំពស់គុណភាពធនធានមនុស្ស) ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់ដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ រហូតមកដល់បច្ចុប្បន្ន ខេត្ត Dak Lak ត្រូវបានបែងចែកថវិកាប្រមាណ ១៧៣ ពាន់លានដុង ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិទ្យាល័យជនជាតិភាគតិច  និងវិទ្យាល័យអន្ដេវាសិកដ្ឋានជនជាតិភាគតិចចំនួន ១៨ និងទិញសម្ភារៈបរិក្ខារដើម្បីបំពេញតម្រូវការបង្រៀន និងការរៀនសូត្រ ចិញ្ចឹមបីបាច់ និងថែទាំសិស្ស។ អាស្រ័យហេតុនេះ ការងារអប់រំនិងបណ្តុះបណ្តាលនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំនៃខេត្ត Dak Lak បានអភិវឌ្ឍបន្តិចម្តងៗក្នុងរយៈពេលថ្មីៗនេះ ដោយទទួលបានលទ្ធផលវិជ្ជមាន។

សាលាវិទ្យាល័យអន្ដេវេសិកដ្ឋានជនជាតិភាគតិចស្រុក Cu M'gar មានសិស្សជាង ១៥០ នាក់ មកពីក្រុមជនជាតិជាច្រើន។ ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំ ក្រៅពីការសិក្សា សាលាបានរៀបចំឱ្យសិស្សានុសិស្សចូលរួមក្នុងការប្រកួតប្រជែងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសការចាប់ផ្តើមអាជីវកម្ម (Star Up) ថ្នាក់ស្រុក និងថ្នាក់ខេត្ត និងសកម្មភាពមានប្រយោជន៍ផ្សេងៗទៀត។ អាស្រ័យហេតុនេះ ជួយសិស្សលើកកម្ពស់ស្មារតី និងច្នៃប្រឌិតក្នុងការរៀនសូត្រ និងអភិវឌ្ឍជំនាញ​ទន់។

leftcenterrightdel
គ្រូបង្រៀន និងសិស្សានុសិស្សនៅសាលា Cu M'gar ស្រុក Cư M’gar  ទស្សនាសៀវភៅកំប្លែងពីរភាសា (វៀតណាម-Ede) អំពីវប្បធម៌ជនជាតិ Ede ដែលបង្កើតឡើងដោយសិស្សរបស់សាលា

ក្នុងឆ្នាំសិក្សា២០២៣-២០២៤ សាលាមានផលិតផលវិទ្យាសាស្ត្រចំនួនពីរដែលទទួលបានជ័យលាភីលេខ១ និងរង្វាន់ទី​ ២ នៅថ្នាក់ស្រុក។ ក្រៅពីការអនុវត្ដភារកិច្ចដូចអនុវិទ្យាល័យដទៃទៀត សាលា Cu M'gar ស្រុក Cu M'gar ក៏ផ្តោតសំខាន់លើការអប់រំលើខ្លឹមសារនៃការអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ជនជាតិភាគតិច។ សាលាបានបង្កើតក្លឹបឧបករណ៍តន្ត្រីប្រពៃណី និងបង្រៀនឲ្យសិស្សពីរបៀបលេងឧបករណ៍ភ្លេង។ ជារៀងរាល់សប្តាហ៍ សាលារៀបចំសកម្មភាពក្រៅកម្មវិធីសិក្សា ដើម្បីណែនាំទំនៀមទម្លាប់បណ្ដាជនជាតិ ជួយសិស្សានុសិស្សលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សវប្បធម៌ជនជាតិរបស់ពួកគេ។

ក្នុងនាមជាសាលាមួយសម្រាប់សិស្សជនជាតិភាគតិចក្នុងខេត្ត Dak Lak នាពេលថ្មីៗនេះ វិទ្យាល័យអន្ដេវាសិកដ្ឋានជនជាតិ N'Trang Long (ទីក្រុង Buon Ma Thuot) បានអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវគោលនយោបាយឧបត្ថម្ភជាច្រើនដូចជាជួយឧបត្ថម្ភម្ហូបអាហារ និងកន្លែងស្នាក់នៅ និងការធ្វើដំណើរសម្រាប់សិស្សជនជាតិភាគតិច។ ក្នុងឆ្នាំសិក្សា ២០២៤- ២០២៥ សាលាមានថ្នាក់ចំនួន ១៨  ថ្នាក់ ដែលមានសិស្សចំនួន ៥៥៤ នាក់ នៃជនជាតិភាគតិចចំនួន ២១  ដែលកំពុងរស់នៅក្នុងខេត្ត។ ជាពិសេស វិទ្យាល័យ N'Trang Long តែងតែយកចិត្តទុកដាក់លើការផ្លាស់ថ្មីនូវវិធីបង្រៀន និងកម្មវិធីសិក្សា អាស្រ័យហេតុនេះគុណភាពនៃការអប់រំត្រូវបានកែលម្អពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ អត្រាសិស្សបញ្ចប់វិទ្យាល័យរបស់សាលាឈានដល់ ១០០%, មុខវិជ្ជាប្រឡងបញ្ចប់ការសិក្សាជាច្រើនមានពិន្ទុខ្ពស់ក្នុងលំដាប់កំពូល ៥ និងលំដាប់កំពូល ១០ នៃខេត្ត; សិស្សជាច្រើនប្រឡងជាប់នៅសាកលវិទ្យាល័យ និង​មហាវិទ្យាល័យ។ លើសពីនេះ សិស្សានុសិស្សជាច្រើនរបស់សាលាបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពចលនានៃវិស័យអប់រំ និងទទួលបានលទ្ធផលវិជ្ជមាន។

លោកគ្រូ Bui Xuan Le នាយកវិទ្យាល័យ  N'Trang Long បានចែករំលែកថា៖ “ការលើកកម្ពស់គុណភាពអប់រំគឺជាកិច្ចការសំខាន់ សាលាលើកកម្ពស់ការកែលម្អវិធីង្រៀន និងកម្មវិធីសិក្សា ហើយទន្ទឹមនឹងនោះ ផ្តោតលើការស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់វិស័យអប់រំ ជាពិសេសសម្រាប់សាលាអន្ដេវាសិកដ្ឋានជនជាតិ ពោលគឺបង្កើនការអប់រំវប្បធម៌ជនជាតិសម្រាប់សិស្ស។ គោលដៅរបស់សាលាគឺអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីអប់រំថ្មី ដោយខិតខំធ្វើឱ្យអត្រានៃសិស្សមានលទ្ធផលសិក្សាល្អ និងអាកប្បកិរិយាល្អក្នុងឆ្នាំសិក្សាបន្ទាប់ ឱ្យសម្រេចបានលើសពីឆ្នាំសិក្សាមុន។ សម្រាប់សិស្សថ្នាក់ទី ១២ រក្សាអត្រាបញ្ចប់ការសិក្សា ១០០% ... "។

យោងតាមស្ថិតិបច្ចុប្បន្ន ខេត្ត Dak Lak មានសាលាចំនួន ១,០១៣ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់វិទ្យាល័យ ក្នុងនោះ សាលាអន្ដេវាសិកដ្ឋានថ្នាក់ស្រុកចំនួន ១៥ សាលា និងសាលាអន្ដេវាសិកដ្ឋានថ្នាក់ខេត្ដចំនួន ២ សាលា និងវិទ្យាល័យជនជាតិចំនួន ៦ ថ្នាក់ស្រុក។ សាលាទាំងនេះបាននិងកំពុងលើកកម្ពស់តួនាទីសំខាន់ក្នុងការអប់រំ និងបណ្តុះបណ្តាលដល់កូនៗរបស់បងប្អូនជនជាតិភាគតិច រួមចំណែកបង្កើតធនធានកម្មាភិបាល និងលើកកំពស់គុណភាពធនធានមនុស្សសម្រាប់តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។

សំណេះសំណាលជាមួយយើង លោក Do Tuong Hiep អនុប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Dak Lak ឲ្យដឹងថា៖ "ការអនុវត្តគោលនយោបាយវិនិយោគ និងយកចិត្ដទុកដាក់ដល់ការអភិវឌ្ឍន៍វិស័យអប់រំជនជាតិដែលខេត្ត Dak Lak អនុវត្ដនាពេលថ្មីៗនេះ បានជួយលទ្ធផលសិក្សារបស់សិស្សនិងនិស្សិតជាជនជាតិភាគតិចក្នុងខេត្តខ្ពស់ជាងឆ្នាំមុន។ នេះបញ្ជាក់ថា គុណភាពនៃការអប់រំនៅតំបន់ជនជាតិភាគតិចបាននិងកំពុងរីកចម្រើនយ៉ាងខ្លាំងទាំងទំហំនិងគុណភាព បង្កើតមូលដ្ឋានសម្រាប់កាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងបណ្ដាជនជាតិ និងទូទាំងប្រទេស..."៕

បកប្រែដោយ Pham Diep