នាពេលកន្លងមក គ្រប់ថ្នាក់ និងគ្រប់ផ្នែកក្នុងខេត្តតែងតែយកចិត្តទុកដាក់ ថែទាំ និងលើកកំពស់គុណភាពនៃការអប់រំ រួមទាំង ការអប់រំនៅតាមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។

លោក Thach Tha Lai នាយករងមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Tra Vinh បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាលត្រូវបានអនុវត្តយ៉ាងពេញលេញ និងទាន់ពេលវេលាដោយបណ្តាស្ថាប័ន គ្រួសារ និងអាជ្ញាធរមូលដ្ឋាន។ ខេត្តបានផ្តោតទៅលើការវិនិយោគលើបរិក្ខារ និងឧបករណ៍បង្រៀន អនុវត្តគោលនយោបាយគាំទ្រសម្រាប់គ្រូបង្រៀន និងកម្មាភិបាលគ្រប់គ្រងអប់រំដែលធ្វើការនៅតំបន់ជនជាតិភាគតិច ឧបត្ថម្ភថវិកាសម្រាប់ការសិក្សា អាហារ និងការស្នាក់នៅសម្រាប់សិស្សជនជាតិភាគតិច។

leftcenterrightdel
ព្រះសង្ឃមួយអង្គនៅវត្ត Thlot (ឃុំ Hip Hoa ស្រុក Cau Ngang) បង្រៀនភាសាខ្មែរដល់កុមារ

ជាពិសេស ដោយអនុវត្តគម្រោងលេខ៥ (អភិវឌ្ឍន៍ការអប់រំ និងបណ្តុះបណ្តាលដើម្បីលើកកំពស់គុណភាពធនធានមនុស្ស) ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ខេត្ត Tra Vinh បានបែងចែកថវិកាជាង ៤៨ ពាន់លានដុង ក្នុងឆ្នាំ ២០២៤ ដើម្បីសាងសង់ និងជួសជុលសាលារៀន ថ្នាក់រៀន និងជួយដល់គ្រូបង្រៀន និងសិស្សានុសិស្សនៅតំបន់ជនជាតិភាគតិច ដោយហេតុនេះ សិស្សានុសិស្សជាច្រើនមានឱកាសទៅសាលារៀន។ លោកស្រី Kim My Hoa នៅឃុំ Ham Giang (ស្រុក Tra Cu) បានឲ្យដឹងថា៖ "ជនរួមជាតិខ្មែរមានសេចក្តីសោមនស្សរីករាយណាស់ ព្រោះកូនៗរបស់យើងទទួលបានការយកចិត្តទុកដាក់ និងការជួយគាំទ្រពីតំបន់ សាលារៀន និងផ្នែកអប់រំ។ ដោយសារគ្រួសារខ្ញុំជាគ្រួសារជិតបន្ទាត់ក្រីក្រ បើមិនមានការលើកលែង ឬកាត់ថ្លៃសិក្សាទេ វាប្រហែលជាពិបាកសម្រាប់កូនខ្ញុំពីរនាក់ក្នុងការទៅសាលា"។

ទន្ទឹមនឹងសាលារៀន គ្រឹះស្ថានសាសនានៅខេត្ត Tra Vinh ក៏បានបើកថ្នាក់រៀនជាច្រើនដើម្បីបង្រៀនភាសាខ្មែរផងដែរ។ ថ្នាក់រៀនទាំងនេះមានសម្ភារៈបរិក្ខារដែលបំពេញបានតម្រូវការសិក្សារបស់សិស្ស។ គ្រូបង្រៀននៅក្នុងថ្នាក់ទាំងនេះគឺជាព្រះសង្ឃ អាចារ្យដែលទទួលបានរបបឧបត្ថម្ភគោលនយោបាយពីអាជ្ញាធរមូលដ្ឋាន។

យោងតាមលោក Nguyen Quynh Thien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tra Vinh ថា នាពេលខាងមុខ ខេត្តនឹងបន្តអនុវត្តគោលការណ៍ គោលនយោបាយផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍វិស័យអប់រំនៅតំបន់ជនជាតិភាគតិច ដោយផ្តល់អាទិភាពលើការជួសជុលសាលារៀន និងថ្នាក់រៀននៅតំបន់មានស្ថានភាពលំបាក លើកកំពស់គុណភាពគ្រូបង្រៀន និងកម្មាភិបាលគ្រប់គ្រងអប់រំ... ដើម្បីបំពេញតាមតម្រូវការលើកកម្ពស់គុណភាពនៃការអប់រំក្នុងស្ថានភាពថ្មី៕

បកប្រែដោយ Thuy Anh