ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានស្នើឱ្យបង្កើនការជឿទុកចិត្តផ្នែកនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់។  

ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ និងតាមរយៈគម្រោងសហប្រតិបត្តិការ និងការវិនិយោគ Telemor ប្រកបដោយជោគជ័យ លោកនាយករដ្ឋមន្ត្រីវៀតណាម រំពឹងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគនឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ លោកស្នើឱ្យភាគីទាំងពីរជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម គាំពារវិនិយោគ ពលកម្ម លើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផលិតកម្មស្រូវ ប្រេង និងឧស្ម័ន សេវាឌីជីថល។ល។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Bendito dos Santos Freitas រដ្ឋមន្ត្រីក្រសួងការបរទេស​ និងសហប្រតិបត្តិការទីម័រខាងកើត

លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានស្នើឱ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀតដូចជា ការពារជាតិ សន្តិសុខ ទូរគមនាគមន៍ អប់រំនិងបណ្តុះបណ្តាល ថាមពលស្អាត បច្ចេកវិទ្យាខ្ពស់។ល។ ឆ្លៀតយកប្រកបដោយប្រសិទ្ធភាពនូវនិន្នាការថ្មីដូចជា សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល ថាមពលស្អាត នវានុវត្ដន៍ បញ្ញាឆ្លាតវៃ  និងជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន តាមរយៈការអភិវឌ្ឍទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌។

លោករដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការទីម័រខាងកើតបានសង្កត់ធ្ងន់ថា ប្រជាជនទីម័រខាងកើតចងចាំជានិច្ចថាវៀតណាមជាប្រទេសដំបូងគេដែលទទួលស្គាល់ឯករាជ្យរបស់ទីម័រខាងកើតក្នុងឆ្នាំ១៩៧៥ ហើយចាត់ទុកវៀតណាមជាគំរូល្អដើម្បីរៀនសូត្របទពិសោធន៍ និងមានបំណងចង់បន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។ លោករដ្ឋមន្ត្រី Bendito dos Santos Freitas​ សង្ឃឹមថា វៀតណាមនឹងបន្តសហប្រតិបត្ដិការជាមួយទីម័រខាងកើតក្នុងដំណើរការផ្លាស់ប្តូរ និងធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍកសិកម្ម ជលផល ទេសចរណ៍ កែច្នៃម្ហូបអាហារជាដើម ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។

ពិភាក្សាលើបញ្ហាអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានឯកភាពគ្នាបន្តសហការ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តជួយគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងរាល់សកម្មភាពរបស់អាស៊ាន ហើយជឿជាក់ថា ការចូលជាសមាជិករបស់ទីម័រខាងកើតនឹងបើកទំព័រថ្មីសម្រាប់អាស៊ាន និងជាកម្លាំងចលករសម្រាប់អាស៊ានអភិវឌ្ឍន៍កាន់តែរឹងមាំ និងសាមគ្គី។

លោក Pham Minh Chinh​ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យទីម័រខាងកើតក្នុងនាមជាសមាជិក UNCLOS 1982 និងត្រៀមចូលជាសមាជិកផ្លូវការរបស់អាស៊ានបន្តគាំទ្រគោលជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត និងរួមគ្នាខិតខំដើម្បីសម្រេចបាន COC ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS 1982 រួមចំណែកកសាងសមុទ្រខាងកើតទៅជាដែនសមុទ្រសន្ដិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

* នាថ្ងៃទី ១៦ កញ្ញា នៅទីក្រុងហាណូយ លោក Le Hoai Trung លេខាមជ្ឈិមបក្ស រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Bendito dos Santos Freitas រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត៕

បកប្រែដោយ Pham Diep