ខួបលើកទី ៨០ នៃការបង្កើតទីភ្នាក់ងារសារព័ត៌មានវៀតណាម៖ ជានិមិត្តរូបដ៏រស់រវើកនៃសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា
កប.អនឡាញ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម តែងតែត្រូវបានចាត់ទុកថាជាទីភ្នាក់ងារផ្តល់ប្រភពព័ត៌មានផ្លូវការ និងគួរឱ្យទុកចិត្ត និងជាស្ពានដ៏សំខាន់មួយរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជា។
នេះគឺជាការវាយតម្លៃដែលមន្ត្រី អ្នកប្រាជ្ញ និងសហការីកម្ពុជាជាច្រើនបានចែករំលែកជាមួយអ្នកសារព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មាននៅទីក្រុងភ្នំពេញ ក្នុងឱកាសខួបលើកទី ៨០ នៃទិវាប្រពៃណីរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ១៩៤៥ / ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥)។
បន្ទាប់ពី ៨០ ឆ្នាំ នៃការរួមដំណើរជាមួយបុព្វហេតុកសាង ការពារ និងអភិវឌ្ឍន៍ប្រទេស ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានអះអាងតួនាទីរបស់ខ្លួនជាប្រភពព័ត៌មានសំខាន់ ដែលជា "ធនាគារព័ត៌មាន" ដែលអាចទុកចិត្តបានរបស់វៀតណាម និងមិត្តអន្តរជាតិ។ ក្នុងដំណើរនេះ ទីភ្នាក់ងារសារព័ត៌មាន បានភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសកម្ពុជា ជាពិសេសតាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។
    |
 |
សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ vnanet.vn) |
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន នៅទីក្រុងភ្នំពេញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ជាង ៨០ ឆ្នាំមកនេះ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានអភិវឌ្ឍឥតឈប់ឈរ ក្លាយជាសំឡេងដ៏គួរឱ្យទុកចិត្ត និងមានកិត្យានុភាពរបស់វៀតណាម ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ អប់រំ និងតភ្ជាប់ប្រជាជនវៀតណាមផងដែរ។ លោកបានសង្កត់ធ្ងន់ថា៖ "ជាពិសេសទំនាក់ទំនងជិតស្និទ្ធ និងយូរអង្វែងរវាងទីភ្នាក់ងារសារព័ត៌មានវៀតណាម និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានក្លាយជានិមិត្តសញ្ញាដ៏រស់រវើកនៃចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសយើងទាំងពីរ"។
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវជំនឿថា នាពេលខាងមុខទីភ្នាក់ងារសារព័ត៌មានវៀតណាម នឹងបន្តអភិវឌ្ឍកាន់តែខ្លាំងថែមទៀត ដោយផ្តល់ព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលាដល់សាធារណជន។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មានជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា រួមចំណែកជំរុញ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម។ ផ្ញើសារអបអរសាទរជូនចំពោះទីភ្នាក់ងារ សារព័ត៌មានវៀតណាមក្នុងឱកាសគម្រប់ខួប ៨០ ឆ្នាំ សម្តេច ហេង សំរិន បានបញ្ជាក់ថា៖ "ខ្ញុំសូមជូនពរទីភ្នាក់ងារសារព័ត៌មានវៀតណាមឲ្យកាន់តែរីកចម្រើនខ្លាំងឡើង និងបន្តជាមោទនភាពរបស់ប្រជាជនវៀតណាម"!
    |
 |
លោកបណ្ឌិត អេង កុកថាយ រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងភ្នំពេញ (រូបថត៖ vnanet.vn) |
លោកបណ្ឌិត អេង កុកថាយ រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងដំណើរអភិវឌ្ឍន៍រយៈពេល ៨០ ឆ្នាំរបស់ខ្លួន ក៏ដូចជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា ក្នុងដំណើរជិតកន្លះសតវត្សកន្លងមក។
ក្នុងជំនួបសន្ទនាជាមួយអ្នកសារព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងភ្នំពេញនាពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់កម្ពុជាបានសម្តែងនូវជំនឿថាទីភ្នាក់ងារសារព័ត៌មាននឹងបន្តទទួលបានសមិទ្ធផលជាច្រើន បន្តផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងវិជ្ជមានអំពីដំណើរការអភិវឌ្ឍរបស់ប្រទេស និងប្រជាជនវៀតណាម ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានអំពីសហគមន៍អន្តរជាតិជូនប្រជាជនវៀតណាមផងដែរ។
លោកបណ្ឌិត អេង កុកថាយ រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជូនពរទីភ្នាក់ងារសារព័ត៌មានវៀតណាម “បន្តសម្រេចបានសមិទ្ធផលកាន់តែច្រើនក្នុងបេសកកម្មផ្សព្វផ្សាយព័ត៌មានក្នុងយុគសម័យថ្មីរបស់វៀតណាម ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការល្អរវាងទីភ្នាក់ងារសារព័ត៌មានវៀតណាម និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា នាពេលខាងមុខ!”៕
បកប្រែដោយ Duy Hoan