ជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ និងមហាសមុទ្ររវាងវៀតណាម និងសហព័ន្ធរុស្ស៊ី
កប.អនឡាញ - នាថ្ងៃទី ១៦ ខែកញ្ញា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្សបានទទួលជួបលោក Nikolai Patrushev ជំនួយការប្រធានាធិបតីរុស្ស៊ី និងជាប្រធានក្រុមប្រឹក្សាសមុទ្រសហព័ន្ធរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ លោកអគ្គលេខាបក្ស សម្តែងនូវសេចក្តីរីករាយដោយបានទទួលជួបលោក Patrushev ម្តងទៀត ដែលជាមិត្តភ័ក្តិ និងសមមិត្តចាស់យូរហើយ។ ដោយរំលឹកពីចំណាប់អារម្មណ៍ដ៏ល្អៗក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីកាលពីខែឧសភាកន្លងទៅ លោកអគ្គលេខាបក្ស បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមប្រឹក្សាសមុទ្រសហព័ន្ធរុស្ស៊ី គឺជាការបង្ហាញពីប្រសិទ្ធភាព និងទិដ្ឋភាពជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងការបង្កើតកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។
លោក To Lam អគ្គលេខាបក្សបានអះអាងថា វៀតណាមជាប្រទេសជាប់មាត់សមុទ្រ ហើយដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិនាពេលខាងមុខ វៀតណាមត្រូវតែក្លាយទៅជាប្រទេសដែនសមុទ្រដ៏មានឥទ្ធិពល រួមចំណែកយ៉ាងសកម្មដល់សន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។ លោកអគ្គលេខាបក្ស បានស្នើថា សហព័ន្ធរុស្ស៊ី ក្នុងនាមជាប្រទេសមហាអំណាចមួយដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងសកម្មភាពដែនសមុទ្រ គាំទ្រ និងសហប្រតិបត្តិការជាមួយវៀតណាមដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍ទៅវិញទៅមក ស្របតាមទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ វាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យនាពេលថ្មីៗនេះ។ លោក To Lam អគ្គលេខាបក្សបានស្នើថា ក្រុមប្រឹក្សាសមុទ្រសហព័ន្ធរុស្ស៊ី និងលោក Patrushev ផ្ទាល់នឹងគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការស្រាវជ្រាវគោលនយោបាយសមុទ្រ ស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ និងមហាសមុទ្រ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសមុទ្រ ផ្លូវដឹកជញ្ជូនតាមសមុទ្រ ប្រព័ន្ធភស្តុភារ និងការបណ្តុះបណ្តាលធនធានមនុស្ស និងគាំទ្រវៀតណាមក្នុងការគ្រប់គ្រង និងធ្វើអាជីវកម្មលំហសមុទ្រប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ស្របតាមផលប្រយោជន៍របស់ភាគីនីមួយៗដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
    |
 |
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Nikolai Patrushev ជំនួយការប្រធានាធិបតីរុស្ស៊ី និងជាប្រធានក្រុមប្រឹក្សាសមុទ្រសហព័ន្ធរុស្ស៊ី |
លោក Patrushev បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលរបស់ភាគីវៀតណាម ដោយបានផ្ញើជូនលោកអគ្គលេខាបក្ស នូវការសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រពីសំណាក់ លោក V. Putin ប្រធានាធិបតីរុស្ស៊ី។ លោកអះអាងថា រុស្ស៊ីយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ជាដៃគូសំខាន់មួយក្នុងចំណោមដៃគូសំខាន់របស់រុស្ស៊ីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោក Patrushev បានជំរាបជូនលោកអគ្គលេខាបក្សអំពីលទ្ធផលនៃកិច្ចពិភាក្សាប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងជាមួយស្ថាប័ន ក្រសួង ស្ថាប័ននានារបស់វៀតណាម ដើម្បីដាក់ពង្រាយអនុវត្តវិស័យសហប្រតិបត្តិការថ្មីៗ ប៉ុន្តែមានសក្តានុពលក្នុងទំនាក់ទំនងទ្វេភាគី ដោយចាត់ទុកថានេះជាជំហានជាក់ស្តែងក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីការតំរង់ទិសសំខាន់ៗក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជារាល់ការប្តេជ្ញាចិត្តដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចមកកាន់រុស្ស៊ីរបស់លោក To Lam អគ្គលេខាបក្សកាលពីខែឧស្សភា ឆ្នាំ២០២៥។ លោក Patrushev បានអះអាងពីការត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការកសាង និងធ្វើឲ្យល្អឥតខ្ចោះនូវផ្លូវសមុទ្រអន្តរជាតិ រួមទាំងការប្រើប្រាស់កំពង់ផែទឹកជ្រៅរបស់វៀតណាមជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ និងអន្តរជាតិ។
លោកអគ្គលេខាបក្ស បានអះអាងនូវការគាំទ្រចំពោះរុស្ស៊ីក្នុងការលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិក និងស្នើឱ្យរុស្ស៊ីគាំទ្រគោលជំហរ និងទស្សនៈរបស់វៀតណាម និងអាស៊ានទាក់ទងនឹងសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានគោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
* នាថ្ងៃទី ១៦ ខែកញ្ញា នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Patrushev។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោក Patrushev នៅវៀតណាម ដោយចាត់ទុកថា នេះជាសកម្មភាពសំខាន់មួយក្នុងការអនុវត្តជាក់ស្តែងលើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីនាំឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងរុស្ស៊ីឡើងកំពស់ថ្មី និងបានទទួលស្គាល់ការវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម - រុស្ស៊ីនាពេលថ្មីៗនេះ ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗនៅក្នុងប្រទេសនីមួយៗ និងក្នុងទំនាក់ទំនងទ្វេភាគី រួមទាំងរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - រុស្ស៊ី ផងដែរ។
    |
 |
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទទួលជួបលោក Patrushev |
លោកប្រធានរដ្ឋអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមចងចាំជានិច្ចនូវការឧបត្ថម្ភ និងជំនួយដ៏មានតម្លៃរបស់ប្រជាជននៃអតីតសហភាពសូវៀត និងរុស្ស៊ីនាបច្ចុប្បន្នកាល និងបានសង្កត់ធ្ងន់លើគោលនយោបាយការបរទេសជាប់លាប់របស់វៀតណាមក្នុងទំនាក់ទំនងជាមួយរុស្ស៊ី ជាពិសេសក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីនាពេលបច្ចុប្បន្ន។ លោកប្រធានរដ្ឋបានស្នើឱ្យក្រុមប្រឹក្សាសមុទ្រសហព័ន្ធរុស្ស៊ី គាំទ្រការជំរុញកិច្ចសហប្រតិបត្តិការ និងគាំទ្រវៀតណាមក្នុងលំហដែនសមុទ្រ ក៏ដូចជាលើរាល់វិស័យប្រពៃណី និងជាសសរស្តម្ភដូចជា ការពារជាតិ សន្តិសុខ ថាមពល-ប្រេង និងឧស្ម័ន សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការអប់រំ-បណ្តុះបណ្តាល ការដឹកជញ្ជូន ... ស្របតាមផលប្រយោជន៍របស់ភាគីនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមក្នុងតំបន់ និងពិភពលោក។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិភាព និងសុវត្ថិភាពដែនសមុទ្រនៅសមុទ្រខាងកើត ស្នើឱ្យរុស្ស៊ីបន្តបញ្ចេញសំឡេងគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ ១៩៨២ ផងដែរ។
លោក Patrushev បានអះអាងថា រុស្ស៊ីយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ចាត់ទុកវៀតណាមជាដៃគូសំខាន់មួយក្នុងចំណោមដៃគូដ៏សំខាន់របស់រុស្ស៊ីក្នុងតំបន់។ លោក Patrushev បានអះអាងថា ក្រុមប្រឹក្សាសមុទ្រសហព័ន្ធរុស្ស៊ី នឹងបន្តគាំទ្រការពង្រីកបន្ថែមទៀតនូវវិស័យសហប្រតិបត្តិការជាមួយវៀតណាម រួមទាំងកិច្ចសហប្រតិបត្តិការដែនសមុទ្ររវាងប្រទេសទាំងពីរ ផ្តោតលើការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងវិស័យដែនសមុទ្រ។
* នាព្រឹកថ្ងៃទី ១៦ កញ្ញា នៅទីក្រុងហាណូយ គណៈប្រតិភូក្រុមប្រឹក្សាសមុទ្រនៃសហព័ន្ធរុស្ស៊ី ដឹកនាំដោយលោក Patrushev បានអញ្ជើញទៅទស្សនា និងធ្វើការនៅមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី។ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលជួប និងធ្វើការជាមួយគណៈប្រតិភូ៕
បកប្រែដោយ Minh Trung