ពង្រឹងកិច្ចសហប្រតិបត្តិការសភារវាងរដ្ឋសភាវៀតណាម និងដាណឺម៉ាក
កប.អនឡាញ - ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែកញ្ញា លោក Nguyen Khac Dinh អនុប្រធានរដ្ឋសភាវៀតណាម បានទៅបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រដាណឺម៉ាក។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Nguyen Khac Dinh អនុប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោក Soren Gade ប្រធានរដ្ឋសភា និង លោក Karsten Honge អនុប្រធានរដ្ឋសភា ព្រមទាំងជួបធ្វើការជាមួយ លោក Steffen Larsen ប្រធានគណៈកម្មាធិការច្បាប់ លោក Lars Weiss អភិបាលក្រុង Copenhagen និង លោកស្រី Louise Schack Elholm ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃរដ្ឋសភា ហើយបានប្រជុំពិភាក្សាជាមួយសហភាពឧស្សាហកម្មដាណឺម៉ាក (DI) និងសាជីវកម្មដាណឺម៉ាកធំៗមួយចំនួន។
    |
 |
លោក Nguyen Khac Dinh អនុប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោក Soren Gade ប្រធានរដ្ឋសភា |
ក្នុងជំនួប និងពិភាក្សាជាមួយថ្នាក់ដឹកនាំរដ្ឋសភាដាណឺម៉ាក លោក Nguyen Khac Dinh អនុប្រធានរដ្ឋសភាវៀតណាម បានស្នើឲ្យរដ្ឋសភានៃប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំ គណៈកម្មាធិការជំនាញ បង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ក្នុងការបង្កើតច្បាប់ ជំរុញ និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ពិចារណាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ និងបង្កើតក្រុមសមាជិកសភាមិត្តភាព វៀតណាម-ដាណឺម៉ាក និងដាណឺម៉ាក-វៀតណាម ក្នុងរដ្ឋសភានៃប្រទេសនីមួយៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសភានិយាយដោយឡែក ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ សំដៅនាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី។ លោក Nguyen Khac Dinh អនុប្រធានរដ្ឋសភា បានពាំនាំការអញ្ជើញរបស់ លោក Tran Thanh Man ប្រធានរដ្ឋសភា ជូនចំពោះ លោក Soren Gade ប្រធានរដ្ឋសភាដាណឺម៉ាក អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។ លោក Soren Gade ប្រធានរដ្ឋសភា បានទទួលយកការអញ្ជើញដោយរីករាយ ហើយបានសន្យាថានឹងរៀបចំនៅពេលសមស្រប។
ក្នុងជំនួបពិភាក្សាជាមួយភាគីដាណឺម៉ាក លោក Nguyen Khac Dinh អនុប្រធានរដ្ឋសភា បានអះអាងថា វៀតណាមគាំទ្រយ៉ាងខ្លាំងក្លាចំពោះគម្រោងវិនិយោគរបស់ដាណឺម៉ាកនៅវៀតណាម ហើយប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនទាំងអស់។ លោកបានស្នើឲ្យភាគីដាណឺម៉ាក ក្នុងនាមជាសមាជិកសកម្ម និងជាប្រធានប្តូរវេនសហភាពអឺរ៉ុប (EU) ក្នុងឆមាសទីពីរនៃឆ្នាំ ២០២៥ បន្តជួយជំរុញប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលនៅសេសសល់ ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងគណៈកម្មការអឺរ៉ុប ដើម្បីដក "កាតលឿង" របស់ IUU សម្រាប់ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមនាពេលឆាប់ៗ។
ភាគីដាណឺម៉ាកបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសមាហរណកម្មអន្តរជាតិ ព្រមទាំងទំនាក់ទំនងមិត្តភាពយូរអង្វែង និរន្តរភាពដែលកំពុងអភិវឌ្ឍយ៉ាងវិជ្ជមាន និងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងដៃគូយុទ្ធសាស្ត្រលើកំណើនបៃតងរវាងប្រទេសទាំងពីរ។ ភាគីដាណឺម៉ាកចាត់ទុកដំណើរទស្សនកិច្ចនេះ ជាជំហានជាក់ស្តែងមួយ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងរដ្ឋសភាទាំងពីរ។
បកប្រែដោយ Duy Hoan