ពិធីរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ និងបដិវត្តន៍ខែសីហា នៅប្រទេសបារាំង
កប.អនឡាញ - ដោយមានភ្ញៀវជិត ១,០០០ នាក់បានចូលរួម ពិធីរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ បានលើកតម្កើងតួនាទីរបស់វៀតណាមក្នុងនាមជាសមាជិកសកម្មនៃសហគមន៍អន្តរជាតិ រួមចំណែកយ៉ាងសកម្មចំពោះបញ្ហាសំខាន់ៗនាសម័យកាល។
វៀតណាមមិនត្រឹមតែជាដៃគូដែលអាចទុកចិត្តបានប៉ុណ្ណោះទេ ថែមទាំងជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ហើយប្តេជ្ញារួមវិភាគទានកាន់តែច្រើនឡើងដល់ “បទភ្លេងនៃប្រជាជាតិ”។ នោះគឺជាការអះអាងរបស់លោក Dinh Toan Thang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅបារាំង ក្នុងពិធីរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ / ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥) និងបដិវត្តន៍ខែសីហា (ថ្ងៃទី ១៩ ខែសីហាឆ្នាំ ១៩៤៥ / ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥) ដែលត្រូវបានរៀបចំឡើងនាយប់ថ្ងៃទី១២ ខែកញ្ញា នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង។
    |
 |
លោក Dinh Toan Thang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំបារាំង (រូបថត៖ vnanet.vn) |
ក្នុងសុន្ទរកថាបើក លោក Dinh Toan Thang ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ពិធីរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិមិនត្រឹមតែជាឱកាសដើម្បីក្រឡេកមើលអតីតកាលប៉ុណ្ណោះទេ ថែមទាំងជាកិច្ចសន្យាឆ្ពោះទៅកាន់អនាគតទៀតផង។ ដោយហេតុនោះ ដល់ឆ្នាំ ២០៤៥ ក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃទិវាបុណ្យឯករាជ្យជាតិ វៀតណាមមានគោលបំណងក្លាយជាប្រទេសអភិវឌ្ឍន៍ វិបុលភាព និងសុភមង្គល។ នាពេលខាងមុខ វៀតណាមនឹងបន្តអនុវត្តឱ្យបានពេញលេញនូវការទទួលខុសត្រូវអន្តរជាតិរបស់ខ្លួន រួមចំណែកយ៉ាងសកម្មចំពោះបញ្ហាសំខាន់ៗនៃសម័យកាល ព្រមទាំងចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
ពិធីរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ និងបដិវត្តន៍ខែសីហា នៅប្រទេសបារាំង ត្រូវបានបន្តដោយកម្មវិធីសិល្បៈដ៏វិសេសវិសាល។ លើសពីនេះ ភ្ញៀវក៏បានរីករាយជាមួយនឹង ម្ហូបអាហារប្រពៃណីជាច្រើនរបស់ស្រុកកំណើតផងដែរ៕
បកប្រែដោយ Huyen Trang