ឆ្ពោះទៅគោលដៅនៃទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោក Luong Cuong ប្រធានរដ្ឋ និងលោកស្រី Sam Mostyn អគ្គទេសាភិបាល បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សាការងារជាមួយគ្នា។
    |
 |
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី ត្រួតពលកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម |
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពបន្តផ្លាស់ប្តូរគណៈប្រតិភូ ការជួបជុំថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ តាមរយៈគ្រប់បណ្តាញរបស់បក្ស រដ្ឋ និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា។ ភាគីទាំងពីរបានចាត់ទុកថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ គឺជាសសរស្តម្ភដ៏សំខាន់មួយ។ អូស្ត្រាលីនឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការបណ្ដុះបណ្ដាលនាយទាហាន និងគាំទ្រវៀតណាមក្នុងការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
    |
 |
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី |
លោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី បានវាយតំលៃខ្ពស់ចំពោះសហគមន៍អាណិកជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅអូស្ត្រាលី ព្រមទាំងសង្កត់ធ្ងន់ថា ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរបានឯកភាពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សំដៅឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក និងបង្កើនការវិនិយោគទ្វេភាគីទ្វេរដងក្នុងប៉ុន្មានឆ្នាំខាងមុខ បង្កើនការជ្រៀតចូលទីផ្សារសម្រាប់ប្រទេសនីមួយៗជាមួយនឹងផលិតផលដែលជាប្រៀបខ្លាំងរបស់ភាគីនីមួយៗ។
ភាគីទាំងពីរបានលើកទឹកចិត្តដល់មូលដ្ឋានគ្រឹះស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រនៃប្រទេសទាំងពីរ សហប្រតិបត្តិការលើគម្រោងស្រាវជ្រាវរួម ជាពិសេសលើវិស័យបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតសម្ភារៈថ្មីៗ។ល។
ភាគីទាំងពីរបានឯកភាពសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់។ អូស្ត្រាលីគាំទ្រគោលជំហររបស់វៀតណាម និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងការធានាសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ។
ពង្រឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ
នារសៀលថ្ងៃទី១០ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួប លោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ ឱ្យកាន់តែមានភាពជឿជាក់ និងយុទ្ធសាស្ត្រ ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការអប់រំ បណ្តុះបណ្តាល និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការវប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-អូស្ត្រាលី។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យភាគីទាំងពីរជំរុញវិធានការឆ្ពោះទៅគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគី ២០ ពាន់លានដុល្លារអាមេរិក និងបង្កើនការវិនិយោគទ្វេភាគីក្នុងរយៈពេលពី ២ ទៅ៣ ឆ្នាំខាងមុខ ពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសក្តានុពលដូចជា៖ រ៉ែ និងរ៉ែសំខាន់ៗ ដីកម្រ ថាមពលកកើតឡើងវិញ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យអូស្ត្រាលី ជួយវៀតណាមក្នុងការកសាងមូលដ្ឋានទិន្នន័យជាតិអំពីចំនួនប្រជាជន និងមជ្ឈមណ្ឌលទិន្នន័យជាតិវៀតណាម គាំទ្រការបណ្តុះបណ្តាលសមត្ថភាពសម្រាប់កម្មាភិបាលវៀតណាម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍អាណិកជនវៀតណាមជាង ៣០០,០០០ នាក់នៅអូស្ត្រាលី។
រីឯលោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី បានចែករំលែកថា អូស្ត្រាលីមានបំណងចង់បង្កើនឱកាសវិនិយោគនៅវៀតណាម តាមរយៈការិយាល័យជំរុញការវិនិយោគដែលបានបង្កើតឡើងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ លោកស្រី Sam Mostyn បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខអ៊ីនធឺណិត ព្រមទាំងគាំទ្រវៀតណាមក្នុងតួនាទីជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខារបស់អង្គការសហប្រជាជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (ខែតុលា ឆ្នាំ ២០២៥)។ លោកស្រី Sam Mostyn មានបំណងចង់ពង្រឹងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព ព្រមទាំងសង្កត់ធ្ងន់ថា វៀតណាមជាដៃគូមួយក្នុងចំណោមដៃគូដ៏សំខាន់បំផុតរបស់អូស្ត្រាលីក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគី
នារសៀលថ្ងៃទី១០ ខែកញ្ញា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានមានជំនួបជាមួយលោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី |
ក្នុងជំនួបនេះ លោក Tran Thanh Man ប្រធានរដ្ឋសភាបានស្នើឲ្យប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការសភា តាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ការជួបជុំថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ កិច្ចសហប្រតិបត្តិការ ការជួបប្រាស្រ័យ និងការចែករំលែកបទពិសោធន៍រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ជាពិសេសរវាងគណៈកម្មាធិការរបស់រដ្ឋសភា ក្រុមសមាជិកសភាមិត្តភាព ក្រុមសមាជិកសភាស្ត្រី និងសមាជិកសភាវ័យក្មេង មិនត្រឹមតែលើបញ្ហាច្បាប់ និងស្ថាប័នប៉ុណ្ណោះទេ ថែមទាំងលើការឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី ក៏ដូចជាបញ្ហាសកល ដូចជា៖ បរិវត្តកម្មឌីជីថល កំណើនបៃតង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បន្តសហប្រតិបត្តិការ សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគី។
លោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី បានឯកភាព និងវាយតម្លៃខ្ពស់ចំពោះសំណើរបស់លោក Tran Thanh Man ប្រធានរដ្ឋសភា ព្រមទាំងបញ្ជាក់ថា អូស្ត្រាលីសន្យាបន្តសហប្រតិបត្តិការ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរឱ្យអភិវឌ្ឍកាន់តែជាក់ស្តែង និងរឹងមាំថែមទៀត។ លោកស្រី Sam Mostyn បានសង្កត់ធ្ងន់ថា អូស្ត្រាលីបន្តយកចិត្តទុកដាក់ចំពោះការជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស បន្តផ្តល់ ODA និងជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីជួយវៀតណាមសម្រេចបាននូវគោលដៅកំណើនរបស់ខ្លួន។ លោកស្រី Sam Mostyn ព្រមព្រៀងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការលើសមភាពយេនឌ័រ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long៕
បកប្រែដោយ Huyen Trang