នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់វៀតណាមរបស់លោកស្រី Sam Mostyn អគ្គទេសាភិបាលបន្ទាប់ពីចូលកាន់តំណែង។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អូស្ត្រាលីបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ប្រទេសទាំងពីរមានការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រខ្ពស់ និងចែករំលែកចក្ខុវិស័យ និងទស្សនៈរួមលើបញ្ហាតំបន់ និងអន្តរជាតិជាច្រើន។

អូស្ត្រាលីផ្តល់អាទិភាពខ្ពស់លើការជំរុញកិច្ចសហប្រតិបត្តិការទូលំទូលាយជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយវៀតណាមជាដៃគូសំខាន់របស់អូស្ត្រាលីដែលមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់។ កាលពី ៥២ ឆ្នាំមុន ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ឆ្លងកាត់រយៈពេលជាងកន្លះសតវត្សកន្លងទៅនេះ វៀតណាមនិងអូស្ត្រាលី បានកសាងទំនាក់ទំនងដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ ដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ និងការយោគយល់គ្នាទៅវិញទៅមក។ ភាគីទាំងពីររក្សាជាប្រចាំនូវការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ព្រមទាំងយន្តការសហប្រតិបត្តិការនិងកិច្ចសន្ទនា។ ក្នុងចំណោមយន្តការសហប្រតិបត្តិការទ្វេភាគីជាង ២០ នាពេលបច្ចុប្បន្ននេះ ដូចជា កិច្ចប្រជុំប្រចាំឆ្នាំរបស់នាយករដ្ឋមន្ត្រីទាំងពីរ រដ្ឋមន្ត្រីការបរទេសទាំងពីរ រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីភាពជាដៃគូសេដ្ឋកិច្ច និងសហប្រតិបត្តិការរវាងមូលដ្ឋាននានា។

leftcenterrightdel
បង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-អូស្ត្រាលី

ទន្ទឹមនឹងទំនាក់ទំនងនយោបាយ-ការទូតដ៏ល្អ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ក៏បានអភិវឌ្ឍយ៉ាងខ្លាំងក្លា ក្លាយជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងទ្វេភាគី។ ទោះបីជាស្ថិតនៅក្នុងតំបន់ពីរផ្សេងគ្នាក៏ដោយ ទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងអូស្ត្រាលីកាន់តែរឹតបន្ដឹង ដោយប្រទេសទាំងពីរជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ក៏ដូចជាកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន - អូស្ត្រាលី - នូវែលសេឡង់។

លើសពីនេះ ការតម្កើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែមីនា ឆ្នាំ២០២៤ បានបើកឱកាសសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងអូស្ត្រាលី ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៤ សម្រេចបាន ១៤.១ ពាន់លានដុល្លារអាមេរិក កើនឡើង ២,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ បច្ចុប្បន្ននេះ អូស្ត្រាលីជាដៃគូពាណិជ្ជកម្មធំទី ៧ របស់វៀតណាម ហើយវៀតណាមជាដៃគូធំទី ១០ របស់អូស្ត្រាលី។ គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥ អូស្ត្រាលីមានគម្រោងវិនិយោគចំនួន ៨៦៤ នៅប្រទេសវៀតណាមដែលមានទុនវិនិយោគសរុបចំនួន ៣,៣៨ ពាន់លានដុល្លារអាមេរិក។ វៀតណាមមានគម្រោងវិនិយោគចំនួន ៩៣ នៅប្រទេសអូស្ត្រាលី ដែលមានទុនវិនិយោគសរុបជាង ៥៥១ លានដុល្លារអាមេរិក។

ជាពិសេស អូស្ត្រាលីគឺជាដៃគូមួយក្នុងចំណោមដៃគូទ្វេភាគីដែលផ្តល់ ODA ដ៏ធំបំផុតដល់វៀតណាម។ កាលពីខែមីនាកន្លងទៅ អូស្ត្រាលីបានប្រកាស បង្កើន ODA ដល់វៀតណាមនៅកម្រិតខ្ពស់បំផុតចំនួន ៩៦.៦ លានដុល្លារអូស្ត្រាលី។

ក្នុងទំនាក់ទំនងវៀតណាម-អូស្ត្រាលីទាំងមូល កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខគឺជាសសរស្តម្ភសំខាន់។ ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ការចែករំលែកព័ត៌មាន កិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការប្រយុទ្ធប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់... គួរកត់សម្គាល់ថា អូស្ត្រាលីគឺជាដៃគូដ៏សំខាន់មួយរបស់វៀតណាមក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាខែមីនា ឆ្នាំ ២០២៤។

កងទ័ពជើងអាកាសអូស្ត្រាលីបានជួយដឹកជញ្ជូនបុគ្គលិក និងសំភារៈបរិក្ខាពេទ្យរបស់កងពេទ្យកម្រិត ២ របស់វៀតណាមទៅកាន់ស្ថានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការអនុវត្តច្បាប់ ភាគីទាំងពីរបានលើកតម្កើងពីកិច្ចសន្ទនាសន្តិសុខដល់ថ្នាក់រដ្ឋមន្ត្រីនៅខែតុលា ឆ្នាំ២០២៤។

លើសពីនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំ និងបណ្តុះបណ្តាល ការងារ ការផ្លាស់ប្តូរវប្បធម៌ ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនជាដើម ក៏ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែង វៀតណាមនិងអូស្ត្រាលីនៅមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យដែលវៀតណាមកំពុងផ្តល់អាទិភាព ហើយអូស្ត្រាលីមានចំណុចខ្លាំងដូចជា៖ បច្ចេកវិទ្យាខ្ពស់ នវានុវត្តន៍ ថាមពលស្អាត ការរុករករ៉ែ ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ សេវាកម្ម ទេសចរណ៍ កសិកម្មបច្ចេកវិទ្យាខ្ពស់។

ដោយឈរលើសមិទ្ធិផលដែលសម្រេចបាននាពេលកន្លងមក ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី និងស្វាមី គឺជាឱកាសសម្រាប់ភាគីទាំងពីរបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ។ យើងខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី Sam Mostyn អគ្គទេសាភិបាល និងស្វាមី នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បង្កើតកម្លាំងចលករថ្មីដើម្បីរួមចំណែកជំរុញ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អូស្ត្រាលី ដើម្បីផលប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក៕

បកប្រែដោយ​ Pham Diep