លោក Pham Hung Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអូស្ត្រាលី បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន​វៀតណាមនៅអូស្ត្រាលីអំពីព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។

អ្នកយកព័ត៌មាន៖ តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃយ៉ាងដូចម្ដេចចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលីទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីរយៈពេលជាងមួយឆ្នាំដែលប្រទេសទាំងពីរតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្នុងឱកាសដែលវៀតណាមប្រារព្ធខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ?

លោក Pham Hung Tam ឯកអគ្គរដ្ឋទូត តបតាមការអញ្ជើញរបស់លោក Luong Cuong ប្រធានរដ្ឋ លោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមបន្ទាប់ពីពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យយ៉ាងសំខាន់ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការនយោបាយបន្ទាប់ពីរយៈពេលជាងមួយឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្រាប់ប្រទេសអូស្ត្រាលី ដំណើរទស្សនកិច្ចនេះបង្ហាញឱ្យឃើញនូវគោលនយោបាយឥតងាករេ និងផ្តល់អាទិភាពខ្ពស់ក្នុងការពង្រីកទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍ រួមទាំងវៀតណាមផងដែរ។

សម្រាប់វៀតណាម ការស្វាគមន៍អគ្គទេសាភិបាលអូស្ត្រាលីមកបំពេញទស្សនកិច្ច រួមចំណែកអនុវត្តគោលនយោបាយ​ការបរទេសរបស់បក្ស រដ្ឋគឺយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប្រទេសនានាក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង ជាពិសេសអូស្ត្រាលីដែលជាប្រទេសដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់ ហើយជាប្រទេសលោកខាងលិចដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម និងបច្ចុប្បន្នមានទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងវិជ្ជមានជាមួយយើង។

leftcenterrightdel
លោក Pham Hung Tam ជួបជាមួយលោកស្រី Sam Mostyn កាលពីថ្ងៃទី ១៥ ខែសីហា នៅវិមានអគ្គទេសាភិបាលអូស្ត្រាលី

អ្នកយកព័ត៌មាន៖ តើលោកស្រីអគ្គទេសាភិបាលអូស្ត្រាលីនឹងមានសកម្មភាពអ្វីខ្លះក្នុងដំណើរទស្សនកិច្ចនេះ? តើលោកឯកអគ្គរដ្ឋទូតមានក្តីរំពឹងយ៉ាងណាអំពីលទ្ធផល ក៏ដូចជាកម្លាំងចលករនៃដំណើរទស្សនកិច្ចសម្រាប់ទំនាក់ទំនង​ទ្វេភាគី?

លោក Pham Hung Tam ឯកអគ្គរដ្ឋទូត ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម លោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី គ្រោងនឹងដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព និងជួបពិភាក្សាជាមួយលោក Luong Cuong ប្រធានរដ្ឋវៀតណាម  និងចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស និងរដ្ឋ ជួបជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាននយោបាយជាតិហូជីមិញ និងចូលរួមវេទិកាវៀតណាម - អូស្ត្រាលី ឆ្នាំ២០២៥ និងសម្ពោធវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម។

លោកស្រីអគ្គទេសាភិបាលក៏គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ និងចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំទីក្រុង និងជួបជាមួយសហគមន៍អូស្ត្រាលីនៅវៀតណាម និងទៅទស្សនាកេរ្តិ៍ដំណែងវប្បធម៌ និងប្រវត្តិសាស្ត្រមួយចំនួន។ ជាពិសេសក្នុងអំឡុងពេលស្នាក់នៅវៀតណាម លោកស្រីអគ្គទេសាភិបាលនឹងអាចជួបជាមួយកម្មាភិបាលនិងយុទ្ធជននៃកងកម្លាំងរក្សាសន្តិភាពវៀតណាម ដោយបង្ហាញពីចំណាប់អារម្មណ៍របស់លោកស្រីក្នុងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិដែលកំពុងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចនេះពិតជានឹងរួមចំណែកក្នុងការបន្តពង្រឹង និងបង្កើនទំនុកចិត្តជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ ទន្ទឹមនឹងនោះ ការយោគយល់គ្នា និងចំណងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តត្រូវបានពូនជ្រំ។

អ្នកយកព័ត៌មាន៖ សូមលោកអាចប្រាប់់យើងបន្ថែមអំពីការរីករាលដាលនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងទំនាក់ទំនង​វៀតណាម - អូស្ត្រាលី ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះបានទេ?

លោក Pham Hung Tam ឯកអគ្គរដ្ឋទូត ចាប់តាំងពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែមីនា ឆ្នាំ២០២៤ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងសសរស្តម្ភទាំងប្រាំមួយបានអភិវឌ្ឍយ៉ាងខ្លាំងក្លានិងទូលំទូលាយ។ នៅខែតុលាឆ្នាំ ២០២៤ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកម្មវិធីសកម្មភាពដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូនេះសម្រាប់ដំណាក់កាល ២០២៤-២០២៧។ រហូតមកទល់ពេលនេះ ភាគីទាំងពីរបានសហការគ្នាអនុវត្ដបាន ៩៦% ក្នុងចំណោមកម្មវិធីសកម្មភាពសរុបចំនួន ១៨០។

ជាពិសេស ភាគីទាំងពីរបានរៀបចំកិច្ចសន្ទនាសន្តិសុខថ្នាក់រដ្ឋមន្ត្រីជាលើកដំបូង បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងភាពជាដៃគូក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទំហំពាណិជ្ជកម្មទ្វេភាគីកាន់តែមានតុល្យភាព ហើយចំនួនភ្ញៀវទេសចរអូស្ត្រាលីមកវៀតណាមបានកើនឡើងរហូតដល់ជិតកន្លះ​លាននាក់ក្នុងឆ្នាំ២០២៤។ អាចនិយាយបានថា ការតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមិនត្រឹមតែបង្ហាញពីទំនុកចិត្ដជាយុទ្ធសាស្ដ្ររវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជួយជំរុញកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងអូស្ត្រាលី។

អ្នកយកព័ត៌មាន៖ ក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូតកាលពីខែកក្កដា​ កន្លងទៅ លោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី បានសម្តែងនូវការចាប់អារម្មណ៍នៅពេលមើលរូបភាពអំពីទឹកដី និងមនុស្សវៀតណាម ហើយចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវីដេអូឃ្លីប "Bac Bling"។  អាចមើលឃើញថា កត្តាវប្បធម៌និងមនុស្សតែងតែជាខ្សែតភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងអូស្ត្រាលី។ បើតាមលោកឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរគួរធ្វើយ៉ាងដូចម្ដេចដើម្បីធ្វើឲ្យខ្សែនោះកាន់តែរឹងមាំ?

លោក Pham Hung Tam ឯកអគ្គរដ្ឋទូត ក្នុងជំនួបជាមួយលោកស្រីអគ្គទេសាភិបាលក្នុងខែកក្កដា ឆ្នាំ២០២៥ ខ្ញុំមានឱកាសចែករំលែកវីដេអូឃ្លីប "Bac Bling" និងពិភាក្សាអំពីភាពស្រដៀងគ្នាក្នុងការខិតខំប្រឹងប្រែងរបស់សិល្បករនៃប្រទេសទាំងពីរដើម្បីនាំតម្លៃវប្បធម៌ប្រពៃណីកាន់តែងាយស្រួលដល់សាធារណជន។

ក្នុងជំនួបបន្ទាប់នាខែសីហា ឆ្នាំ២០២៥ ខ្ញុំបានពិភាក្សាជាមួយលោកស្រីអគ្គទេសាភិបាលអំពីការរួមចំណែករបស់សហគមន៍ជនវៀតណាមនៅអូស្ត្រាលីចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាការអភិវឌ្ឍរបស់អូស្ត្រាលី។ នេះគឺជាសហគមន៍ដ៏ធំមួយដែលមានប្រជាជនប្រហែល ៣៥០,០០០ នាក់ ហើយអ្វីដែលពិសេសនោះគឺនៅក្នុងប្រទេសអូស្ត្រាលី ភាសាវៀតណាមគឺជាភាសាមួយក្នុងចំណោម ៤ ភាសាដែលគេប្រើប្រាស់ច្រើនជាងគេបំផុត (បន្ទាប់ពីភាសាអង់គ្លេស ចិន និងភាសាអារ៉ាប់)។

ដូច្នេះហើយ ភាពស្រដៀងគ្នាអំពីការគោរពតម្លៃវប្បធម៌ប្រពៃណី ក៏ដូចជាសហគមន៍ជនវៀតណាមនៅអូស្ត្រាលីអាចដើរតួជាខ្សែមួយជួយពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ ដើម្បីធ្វើឲ្យខ្សែនេះកាន់តែរឹងមាំ ខ្ញុំគិតថាអ្វីដែលសំខាន់បំផុតគឺការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទិសដៅដែលរដ្ឋាភិបាលទាំងពីរបានព្រមព្រៀងគ្នា តាមរយៈនោះ ជួយលើកកម្ពស់ការយល់ដឹង និងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ ប្រការនេះអាចត្រូវបានធ្វើដោយការ​បង្កើតលក្ខខណ្ឌងាយស្រួលដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងធុរកិច្ចនៃប្រទេសទាំងពីរលើវិស័យវប្បធម៌ ទេសចរណ៍ កីឡា អប់រំ និងការបណ្តុះបណ្តាល។ល។

សម្រាប់យុវជនជំនាន់ក្រោយ ក្រៅពីបង្កើតលក្ខខណ្ឌបន្ថែមសម្រាប់និស្សិតវៀតណាមទៅសិក្សានៅប្រទេស​អូស្ត្រាលី ភាគីទាំងពីរក៏ត្រូវសហការគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី Colombo ថ្មី ដើម្បីនាំនិស្សិតអូស្ត្រាលីមកផ្លាស់ប្តូរបទពិសោធន៍នៅវៀតណាម៕

អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរដ្ឋទូត!

បកប្រែដោយ Pham Diep