ទីក្រុងហាណូយផ្សព្វផ្សាយទេសចរណ៍នៅប្រទេសឥណ្ឌា
កប.អនឡាញ - នាថ្ងៃទី ៦ ខែកញ្ញា មន្ទីរទេសចរណ៍ទីក្រុងហាណូយបានជូនដំណឹងអំពីកម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅឥណ្ឌាចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែកញ្ញា។
គណៈប្រតិភូនៃមន្ទីរទេសចរណ៍ទីក្រុងហាណូយបានចូលរួមពិព័រណ៍ផ្សារណាត់ទេសចរណ៍អន្តរជាតិ ITB India 2025 នៅទីក្រុង Mumbai និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅឥណ្ឌាដែលរៀបចំដោយនាយកដ្ឋានទេសចរណ៍ជាតិវៀតណាមនៅទីក្រុង Bengaluru។ នេះជាសកម្មភាពសំខាន់ក្នុងកម្មវិធីផ្សព្វផ្សាយរូបភាពទីក្រុងហាណូយ ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទាក់ទាញដល់ទីផ្សារឥណ្ឌា ដែលជាទីផ្សារទេសចរណ៍អន្តរជាតិដ៏មានសក្ដានុពល និងមានកំណើនលឿនបំផុតនាពេលបច្ចុប្បន្ននេះ។
នារសៀលថ្ងៃទី២ ខែកញ្ញា មន្ទីរទេសចរណ៍ហាណូយបានរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍ទីក្រុងហាណូយនៅឯពិព័រណ៍ផ្សារណាត់នេះ ហើយទទួលការយកចិត្តទុកដាក់ពីធុរកិច្ចទេសចរណ៍ឥណ្ឌា។
    |
 |
ស្តង់ផ្សព្វផ្សាយទេសចរណ៍ទីក្រុងហាណូយនៅប្រទេសឥណ្ឌា |
នៅ ITB India 2025 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និសីទ Jio World Convention Centre (ទីក្រុង Mumbai ជាទីក្រុងធំបំផុតរបស់ប្រទេសឥណ្ឌាដែលមានប្រជាជនចំនួន ២៦ លាននាក់) ទីក្រុងហាណូយរៀបចំស្តង់មួយ ដោយមានប្រធានបទ "ហាណូយ - Come to love"។ មណ្ឌលតាំងពិព័រណ៍របស់ទីក្រុងហាណូយបានតាំងបង្ហាញផលិតផលទេសចរណ៍ ដូចជា បេតិកភណ្ឌវប្បធម៌ ម្ហូបអាហារ ភូមិសិប្បកម្ម ទេសចរណ៍ MICE ទេសចរណ៍រមណីយដ្ឋានប្រណិត ទេសចរណ៍នាពេលយប់ និងដំណើរទេសចរណ៍ដែលតភ្ជាប់តំបន់នានា។
បន្ទាប់ពីពិព័រណ៍នេះ គណៈប្រតិភូបានបន្តចូលរួមកម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាម ដែលរៀបចំដោយមន្ទីរទេសចរណ៍ជាតិវៀតណាមនៅទីក្រុង Bengaluru នាថ្ងៃទី ៥ និងទី ៦ ខែកញ្ញា។ នៅទីនេះ ទីក្រុងហាណូយ និងអង្គភាពទេសចរណ៍វៀតណាមបានតាំងបង្ហាញរូបភាព ផលិតផល និងសេវាកម្មទេសចរណ៍ដល់សហគមន៍ធុរកិច្ច និងសារព័ត៌មានឥណ្ឌា ហើយចូលរួមជំនួបជាមួយអាជ្ញាធរមូលដ្ឋាន និងសមាគមទេសចរណ៍មូលដ្ឋាន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រង សហប្រតិបត្តិការក្នុងការអភិវឌ្ឍផលិតផល និងការជម្រុញទេសចរណ៍៕
បកប្រែដោយ Thanh Cong