គោលនយោបាយទិដ្ឋាការពង្រីកបាន "ទាក់ទាញ" ភ្ញៀវទេសចរអន្តរជាតិមកវៀតណាម
កប.អនឡាញ - គោលនយោបាយទិដ្ឋាការអំណោយផលកំពុងបើកឱកាសសម្រាប់វៀតណាម ទាក់ទាញភ្ញៀវទេសចរមកពីកូរ៉េខាងត្បូង និងតៃវ៉ាន់ ហើយក្លាយជាគោលដៅកីឡាវាយកូនហ្គោលឈានមុខគេនៅអាស៊ី។
ការពង្រីកការលើកលែងទិដ្ឋាការរបស់រដ្ឋាភិបាលវៀតណាម ការពន្យាររយៈពេលស្នាក់នៅ និងការអនុវត្តគោលនយោបាយ e-visa បានផ្តល់ភាពងាយស្រួល ដោយមិនត្រឹមតែជួយបង្កើនចំនួនភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីករយៈពេលស្នាក់នៅ លើកទឹកចិត្តភ្ញៀវទេសចរឱ្យត្រលប់មកវិញច្រើនដង។ នេះជាមតិយោបល់របស់ប្រតិភូដែលចូលរួមសិក្ខាសាលាស្តីពីគោលនយោបាយទិដ្ឋាការសម្រាប់កូរ៉េខាងត្បូង និងតៃវ៉ាន់ (ចិន) ដែលរៀបចំដោយសមាគមទេសចរណ៍ទីក្រុងហូជីមិញ សម្របសម្រួលជាមួយសមាគមទេសចរណ៍ និងសមាគមកីឡាវាយកូនហ្គោល នាថ្ងៃទី២៣ សីហា នៅទីក្រុងហូជីមិញ។
    |
 |
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ My Phuong/VNA) |
កិច្ចពិភាក្សានោះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងវៀតណាម និងទីផ្សារសំខាន់ពីរគឺកូរ៉េខាងត្បូង និងតៃវ៉ាន់ (ចិន)។ នេះក៏ជាឱកាសសម្រាប់សហគ្រាសទេសចរណ៍ជួបប្រាស្រ័យដោយផ្ទាល់ជាមួយតំណាងស្ថានអគ្គកុងស៊ុលកូរ៉េខាងត្បូងប្រចាំទីក្រុងហូជីមិញ និងការិយាល័យសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិ (តៃវ៉ាន់-ចិន) នៅទីក្រុងហូជីមិញ។ នេះគឺជាបណ្តាញផ្តល់ព័ត៌មានផ្លូវការ ធ្វើបច្ចុប្បន្នភាពគោលនយោបាយទិដ្ឋាការឲ្យបានត្រឹមត្រូវ និងរហ័ស ក៏ដូចជាដោះស្រាយបញ្ហាកើតឡើងក្នុងអំឡុងពេលបំពេញនីតិវិធីជូនភ្ញៀវទេសចរ។
ក្នុងកិច្ចពិភាក្សានោះ តំណាងសមាគមទេសចរណ៍ទីក្រុងហូជីមិញក៏បានលើកឡើងដែរថា ទីផ្សារសម្រាប់កីឡាករវាយកូនហ្គោលអន្តរជាតិ មកប្រទេសវៀតណាមមានការកើនឡើងជាលំដាប់ ដែលក្នុងនោះច្រើនជាងគេគឺភ្ញៀវមកពីប្រទេសកូរ៉េខាងត្បូង និងតៃវ៉ាន់ (ចិន)។ តាមការស្ថិតិបង្ហាញថា ជាមធ្យមក្នុងមួយឆ្នាំៗ ចំនួនភ្ញៀវទេសចរណ៍កូរ៉េខាងត្បូង និងតៃប៉ិ (តៃវ៉ាន់-ចិន) ដែលមកប្រទេសវៀតណាម វាយកូនហ្គោលបានកើនឡើងពី ១០-១៥% ។ ហើយកត្តាសំខាន់មួយក្នុងការជំរុញការអភិវឌ្ឍន៍ផ្នែកទេសចរណ៍កីឡាវាយកូនហ្គោលគឺគោលនយោបាយទិដ្ឋាការ។ ប្រតិភូដែលចូលរួមកិច្ចពិភាក្សានោះ បានអត្ថាធិប្បាយថា ប្រសិនបើគោលការណ៍ទិដ្ឋាការអំណោយផលបន្តរក្សា និងពង្រីកនោះ វៀតណាមនឹងក្លាយទៅជាគោលដៅនាំមុខគេនៅអាស៊ីសម្រាប់ភ្ញៀវទេសចរវាយកូនហ្គោលមកពីកូរ៉េខាងត្បូង និងតៃវ៉ាន់ (ចិន)៕
បកប្រែដោយ Duy Hoan