បើយោងតាម លោក អ៊ុច លាង ឲ្យដឹងថា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ត្រូវបានបង្កើតឡើង ជាផ្លូវការ តាមរយៈការប្រកាសនៅទីលាន Ba Dinh នៅទីក្រុងហាណូយ របស់លោកប្រធានហូជីមិញ បន្ទាប់ពីទទួលជោគជ័យនៃបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥។

នៅពេលបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមក្នុងឆ្នាំ១៩៤៥ នោះ សេដ្ឋកិច្ចវៀតណាមជួបការលំបាក និងទន់ខ្សោយយ៉ាងខ្លាំង ដោយសារប្រទេសជាតិបានឆ្លងកាត់ភ្លក់ភ្លើងសង្គ្រាមជាច្រើន ទសវត្សរ៍។

ក្រោយសន្តិភាពត្រូវបានស្ដារឡើងវិញ ប្រជាជនទូទាំងប្រទេសបានចូលមកដល់សម័យកសាង សង្គមនិយមទូទាំងប្រទេសដោយភាពរីករាយ។ ទោះជាយ៉ាងណាក៏ដោយ ផលវិបាកធ្ងន់ធ្ងរនៃសង្រ្គាម ក៏ដូចជា គោលនយោបាយបិទខ្ទប់ និងការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅ បានធ្វើឱ្យប្រទេសវៀតណាម មានការលំបាកយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។

ដោយប្រឈមមុខនឹងស្ថានភាពទាំងនោះ នៅឆ្នាំ១៩៨៦  បក្សកុំម្មុយនីសវៀតណាម បានអនុវត្ត យ៉ាងក្លាហាននូវគោលនយោបាយកំណែទម្រង់ ទៅជាសេដ្ឋកិច្ចទីផ្សារ តាមទិសដៅសង្គមនិយម បើកទូលាយ និងធ្វើសមាហរណកម្មអន្តរជាតិ។ អាស្រ័យហេតុនេះ ធនធានសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ត្រូវបានប្រើប្រាស់អស់ពីលទ្ធភាព បានជំរុញសេដ្ឋកិច្ចវៀតណាមឱ្យបានរួចផុតពី វិបត្តិបន្តិចម្តងៗ កាន់តែមានស្ថិរភាព និងអភិវឌ្ឍន៍ជាបន្តបន្ទាប់។

leftcenterrightdel
លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រធានសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម

បន្ទាប់ពី៨០ឆ្នាំនៃការកសាងនិងការពារប្រទេស និងជិត៤០ឆ្នាំក្រោយការអនុវត្ត គោលនយោបាយកំណែទម្រង់សេដ្ឋកិច្ច ដោយបានឆ្លងកាត់ការតស៊ូជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា រួមទាំងសង្គ្រាមរាប់ទសវត្សរ៍មក ថ្ងៃនេះវៀតណាម បានស្ទុះងើបឡើងយ៉ាងលឿន ក្លាយទៅជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង មាន GDP ធំជាងគេស្ថិតក្នុងលំដាប់ទី៤ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលំដាប់ទី៣៣លើពិភពលោក ហើយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈានចូលដំណាក់កាលនៃការអភិវឌ្ឍថ្មី ដោយបក្ស ប្រជាជន និងកងទ័ពវៀតណាមទាំងមូល បានប្តេជ្ញាចិត្តដាក់ចេញ នូវចក្ខុវិស័យ ក្នុងការកសាងប្រទេសវៀតណាមឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៤៥។

កាលពី៨០ឆ្នាំមុន ប្រទេសវៀតណាម ជាប្រទេសដែលត្រូវបានហែកហួរដោយសង្រ្គាម តែពេលនេះបានក្លាយជាប្រទេសដែលបានរួមចំណែកយ៉ាងសកម្ម និងជាវិជ្ជមានក្នុងសហគមន៍អន្តរជាតិ។ នេះបានបង្ហាញពីតួនាទី និងជំហររបស់វៀតណាម កាន់តែមានភាពសំខាន់និងលេចធ្លោបន្ថែមទៀត នៅលើឆាកអន្តរជាតិ ក៏ដូចជាក្នុងបរិបទនៃការប្រកាន់យកនយោបាយពហុភាគីនិយមនាពេលបច្ចុប្បន្ន។

លោក អ៊ុច លាង សង្កត់ធ្ងន់ថា យើងសង្កេតឃើញថាប្រទេសវៀតណាមបានធ្វើសមាហរណកម្មអន្តរជាតិកាន់តែមានភាពស៊ីជំរៅ និងប្រកបដោយប្រសិទ្ធភាព ដោយសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងបានបង្កើតទិដ្ឋភាពគោលនយោបាយការបរទេសបើកចំហរថ្មី អំណោយផលសម្រាប់សន្តិសុខនិងការអភិវឌ្ឍ បានលើកកម្ពស់បន្ថែមទៀតនូវជំហរ និងតួនាទីរបស់ប្រទេសវៀតណាមនៅលើឆាកអន្តរជាតិ ដែលបានបង្ហាញពីតួនាទីសំខាន់របស់ខ្លួនក្នុងការត្រួសត្រាយផ្លូវដើម្បីបង្កើត និងរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និង ការកៀងគរធនធានពីខាងក្រៅសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

គិតមកទល់សព្វថ្ងៃនេះ វៀតណាមភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេស និងដែនដីចំនួន ១៩៤ ក្នុងនោះមានប្រទេសដែលមានទំនាក់ទំនងពិសេសចំនួន៣ គឺ កម្ពុជា ឡាវ និងគុយបា មាន ប្រទេសដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដៃគូយុទ្ធសាស្ត្រ និងដៃគូគ្រប់ជ្រុងជ្រោយ សរុបចំនួន ៣៨  រួមទាំងមហាអំណាចធំៗទាំងអស់ និងសមាជិកអចិន្ត្រៃយ៍ទាំងប្រាំ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ វៀតណាមក៏ជាសមាជិកសកម្មនៃអង្គការអន្តរជាតិ និងតំបន់ជាង៧០។ បក្សកុម្មុយនីស្តវៀតណាម បានភ្ជាប់ទំនាក់ទំនងជាមួយគណបក្សនយោបាយចំនួន២៥៩ នៅទូទាំង ១១៩ ប្រទេស។ វៀតណាមបាននិងកំពុងបំពេញតួនាទីយ៉ាងល្អក្នុងនាមជាមិត្ត និងដៃគូគួរឱ្យទុកចិត្តក្នុងសហគមន៍អន្តរជាតិ។ មានគំនិតផ្តួចផ្តើម និងសំណើជាច្រើន ដែលប្រទេសវៀតណាមបានចូលរួម យ៉ាងសកម្ម ជាពិសេសក្នុងការចូលរួមក្នុងសកម្មភាពរបស់អាស៊ាន អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ជាច្រើនទៀត។

តួយ៉ាង៖ វៀតណាមបានជាប់ឆ្នោតក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ,​ វៀតណាមបានបញ្ជូនទាហានទៅចូលរួមរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ, វៀតណាមបានបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់ប្រទេសមីយ៉ាន់មា ដើម្បីជួយសង្គោះជនរងគ្រោះ ដោយរញ្ជួយដី, វៀតណាមក៏បានប្រកាស ត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងការជួយ ប្រទេសកម្ពុជា និងថៃ ក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងសហប្រតិ បត្តិការក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពរបស់អាស៊ាន ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ភាគីទាំងពីរ និងក្នុងតំបន់។

និយាយអំពីចំណាប់អារម្មណ៍របស់ខ្លូន​ចំពោះប្រជាជនវៀតណាម លោកបានបញ្ជាក់ថា "ខ្ញុំពិតជាយល់ថា ជាប្រជាជនដែលមានភាពរួសរាយរាក់ទាក់ ប្រជាជនដែលមានគោលដៅខ្ពស់ ជាធនធានមនុស្សដ៏មាន សក្តានុពល ដែលអាចរត់យ៉ាងលឿនជាមួយបក្ស រដ្ឋ រដ្ឋាភិបាល ដើម្បីភាពរីកច្រើន ថ្កុមថ្កើងរបស់ប្រទេសជាតិ"។

ចំណែកប្រទេសវៀតណាម ឬថ្នាក់ដឹកនាំវៀតណាមវិញ ដោយមានគោលនយោបាយ និង ទស្សន៖ “យកប្រជាជនជាស្នូល និងជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិ ដោយមិនទុកនរណា ម្នាក់ចោល” ក្នុងដំណើរការអភិវឌ្ឍន៍ជាតិ បក្ស និងរដ្ឋ វៀតណាមតែងតែយកចិត្តទុកដាក់លើ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ការពារ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់ប្រជាជន។

ការយកប្រជាជនជាស្នូល ជាគោលនយោបាយដែលឆ្លុះបញ្ចាំងអំពី ភាពវ័យឆ្លាតរបស់ប្រមុខដឹកនាំវៀតណាម។ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានភាពរីកចម្រើន និងប្រកបដោយ ភាពសុខដុមរមនា គឺជាការអភិវឌ្ឍដែលមានភាពសមស្របទៅតាមតម្រូវការ និងសេចក្តីប្រាថ្នារបស់ ប្រជាជន ដើម្បីបម្រើផលប្រយោជន៍ប្រជាជន ហើយមានប្រមុខដឹកនាំជាអ្នកកាច់ចង្កូត។

អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរលោក លោក អ៊ុច លាងឲ្យដឹងថា  ៥៨ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២ គឺប្រទេសទាំងពីរបានឆ្លងកាត់ ការសាកល្បង ការហាត់ពត់លត់ដំគ្រប់ទិដ្ឋភាពនយោបាយ គ្រប់សម័យកាល ក្រកៀកស្មាគ្នាប្រយុទ្ធដើមអធិបត្រយ្យភាព បូរណភាពទឹកដី ហើយកសាងបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំ បូករួមនិងគោលនយោបាយការបរទេស របស់ប្រទេសទាំងពីរមានភាព ប្រហាក់ប្រហែលគ្នាទៀតនោះ បានបង្កើតជាសម្ទុះជំរុញឱ្យទំនាក់ទំនង មិត្តភាពជាប្រពៃណី ដ៏យូរអង្វែងរវាង កម្ពុជានិងវៀតណាម កាន់តែរឹងមាំ និងស្និទិស្នាលបន្ថែមទៀត។

ចាប់តាំងពីឆ្នាំ២០០៥មក ប្រទេសទាំងពីរបានបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង ឱ្យកាន់តែ មានភាព ស្អិតរមួតបន្ថែមទៀត ដោយភាគីទាំងពីរ បានព្រមព្រៀងគ្នាអភិវឌ្ឍន៍ ទំនាក់ទំនងទ្វេភាគី ដោយ ផ្អែកលើបាវចនា "ភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង"។ ផ្អែកលើ មូលដ្ឋាននេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការអភិវឌ្ឍយ៉ាង ទូលំទូលាយ នៅលើគ្រប់វិស័យ ហើយបានបោះជំហានទៅមុខយ៉ាងស្វាហាប់ និងស៊ីជម្រៅបន្តិចម្តងៗ ឆ្ពោះទៅរកកិច្ចព្រមព្រៀងយុទ្ធសាស្ត្ររយពេលវែងថ្នាក់ជាតិ និងបានឡើងដល់កម្រិតកំពូលថ្មីមួយ កាន់តែរីកចម្រើន កាន់តែច្បាស់លាស់ កាន់តែស៊ីជម្រៅ កាន់តែមានប្រសិទ្ធភាព ជាលំដាប់ លើគ្រប់វិស័យ និងបានក្លាយជា ទ្រព្យសម្បត្តិរួមរបស់ប្រជាជាតិនៃប្រទេសទាំងពីរ ដែលមិនអាចកាត់ថ្លៃបាន និងធានាបានស្ថេរភាពយូរអង្វែង មិនអាចរង្គោះរង្គើរបានឡើយ បើទោះបីជាស្ថានភាពនយោបាយនៅ ក្នុងតំបន់ និងពិភពលោកបច្ចុប្បន្ន មានភាពប្រែប្រួលខុសប្រក្រតីក្តី។ ប្រទេសយើងទាំងពីរ នឹងនៅតែបន្ត ប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យក្លាយជាប្រទេសអភិឌ្ឍន៍ នៅឆ្នាំ២០៥០ របស់កម្ពុជា និងចក្ខុវិស័យឆ្នាំ២០៤៥ ក្លាយជាប្រទេសអភិឌ្ឍន៍របស់វៀតណាម។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជា ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៥ សម្រេចបាន ៧.0២៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦.៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ។ក្នុងនោះ វៀតណាមបាននាំចេញមកកម្ពុជា ៣.២៣៩ ពាន់លានដុល្លារ កើនឡើង ៥.១% និងវៀតណាមនាំចូលពីកម្ពុជា ៣.៧៨៤ ពាន់លានដុល្លារ កើនឡើង ២៨.១% ក្នុងរយៈពេលដូចគ្នានាឆ្នាំ២០២៤។

គិតមកទល់នឹងពេលនេះ វៀតណាមគឺជាអ្នកវិនិយោគធំជាងគេទី៥ នៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីសរុបជាង ២.៩៤ ពាន់លានដុល្លារអាមេរិក (២១៥ គម្រោង)។ សកម្មភាពវិនិយោគ និងធុរកិច្ចរបស់សហគ្រាសវៀតណាម បានរួមចំណែកយ៉ាងសំខាន់ក្នុង ការចូលរួម អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដោយបានជួយរកទីផ្សារការងារជូន កម្មករ រួមចំណែករក្សាបានស្ថរិភាពសន្តិសុខ សង្គមនៅតាមមូលដ្ឋាន ក្នុងនោះរួមមានសហគ្រាស វៀតណាមមួយចំនួន ដូចជា Metfone, BIDC, Angkor Milk, Thaco Agri ជាដើម។  ជាប់ចំណាត់ ថ្នាក់លេខ១ ក្នុងអាស៊ាន និងជាប្រទេស មួយក្នុងចំណោមប្រទេសកំពូលទាំង៥ ដែលបានមកបណ្តាក់ទុន វិនិយោគផ្ទាល់ពីបរទេស (FDI) ធំជាងគេនៅកម្ពុជា។ ជាពិសេស កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេស និងដែនដី ចំនួន៧៩ ដែលវៀតណាមបានវិនិយោគនៅបរទេស។ សកម្មភាព វិនិយោគរបស់វៀតណាមនៅ កម្ពុជាមានវត្តមាននៅក្នុងខេត្ត-ក្រុងចំនួន១៨ ក្នុងចំណោមខេត្ត-ក្រុងទាំង ២៥ ដោយផ្តោតលើវិស័យ សំខាន់ៗដូចជា កសិកម្ម ទូរគមនាគមន៍ ធនាគារ សេវាកម្មហិរញ្ញវត្ថុ ឧស្សាហកម្មកែច្នៃ និងកែច្នៃ ចំណីអាហារ រ៉ែ អាកាសចរណ៍ ទេសចរណ៍ ជាដើម។ ទាំងនេះបានរួមចំណែកដល់ការបង្កើនប្រាក់ ចំណូល ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតការងារធ្វើជូនដល់ពលករ កម្ពុជាមួយចំនួនធំ។ ប្រទេសទាំងពីរតែងតែរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដូចជាវេទិកាធុរកិច្ចកម្ពុជា-វៀតណាម សន្និសីទជំរុញការវិនិយោគកម្ពុជា-វៀតណាម ពិព័រណ៍ទេសចរណ៍ ការបើកតំបន់សេដ្ឋកិច្ចតាមព្រំដែន ជាដើម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។

ដូច្នេះ ទន្ទឹមនឹងការពង្រឹងនិងពង្រីកទំនាក់ទំនងកម្រិតខ្ពស់ និងវិនិយោគ បន្ថែមទៀត ប្រទេសទាំងពីរត្រូវតែយកចិត្តទុកដាក់ ជាពិសេសលើការជំរុញសកម្មភាពការទូតគ្រប់វិស័យ ជាពិសេសការទូតប្រជាជននិងប្រជាជន ដោយមើលឃើញថា នេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីភ្ជាប់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ៕

បកប្រែដោយ Duy Hoan