អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងអំពីទំហំនៃការចូលរួមរបស់វិស័យកសិកម្ម និងបរិស្ថាននៅក្នុងពិព័រណ៍នេះបានទេ?
លោក Phung Duc Tien អនុរដ្ឋមន្ត្រី៖ ពិព័រណ៍នេះគឺជាព្រឹត្តិការណ៍នយោបាយ-វប្បធម៌ទ្រង់ទ្រាយធំ បញ្ជាក់ពីដំណើរប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់បក្ស។ ទន្ទឹមនឹងនោះ លើកតម្កើងសមិទ្ធិផលដ៏ទូលំទូលាយលើគ្រប់វិស័យ ផ្សព្វផ្សាយជំនឿ និងសេចក្តីប្រាថ្នាដើម្បីអភិវឌ្ឍប្រទេសជាតិវិបុលភាព និងសុភមង្គល។ នេះក៏ជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមមួយផ្លាស់ថ្មី ធ្វើសមាហរណកម្ម និងអភិវឌ្ឍប្រកបដោយចីរភាព ទៅកាន់មិត្តអន្តរជាតិ។
    |
 |
លោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន |
ស្ថិតនៅលើផ្ទៃដីទំហំជិត ១,៧០០ ម៉ែត្រការ៉េពិព័រណ៍មានតំបន់តាំងបង្ហាញពីររួមមាន៖ តំបន់តាំងបង្ហាញសមិទ្ធិផលនៃវិស័យ ក្រោមប្រធានបទ “៨០ឆ្នាំនៃការអភិវឌ្ឍកសិកម្ម និងបរិស្ថាន ដើម្បីវិបុលភាពជាតិ និងអនាគតប្រកបដោយចីរភាព” តំបន់តាំងបង្ហាញសិប្បកម្ម និងផលិតផល OCOP ក្រោមប្រធានបទ “លក្ខណៈវិសេសវិសាលនៃសិប្បកម្មវិចិត្រសិល្បៈវៀតណាមក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចបៃតង”។ គួរកត់សម្គាល់ថា ជាង ៩០% នៃសម្ភារៈក្នុងការរចនាត្រូវបានកែច្នៃឡើងវិញ ហើយមិនប៉ះពាល់ដល់បរិស្ថាន។
អ្នកយកព័ត៌មាន៖ តើអ្វីជាចំណុចសំខាន់នៃវិស័យនៅឯការតាំងពិព័រណ៍?
លោក Phung Duc Tien អនុរដ្ឋមន្ត្រី៖ នេះគឺជារូបភាពដ៏ទូលំទូលាយនៃដំណើរ ៨០ ឆ្នាំរបស់វិស័យនេះ។ ពីកសិកម្មឱនថយវៀតណាមបានប្រែក្លាយពីការខ្វះស្បៀងមកជាធានាសន្តិសុខស្បៀង និងស្ថិតក្នុងចំណោមក្រុមឈានមុខគេលើពិភពលោកក្នុងវិស័យអង្ករ កាហ្វេ គ្រាប់ស្វាយចន្ទី ម្រេច ជលផល គ្រឿងសង្ហារិមឈើ ផ្លែឈើជាច្រើនប្រភេទ។ល។ ចំណុចលេចធ្លោនៃពិព័រណ៍ផ្តោតលើខ្លឹមសារចំនួន ៣៖ ទី១ សមិទ្ធិផលលេចធ្លោក្នុងសន្តិសុខស្បៀង និងការនាំចេញ។ ទីពីរ ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល កសិកម្មបៃតង ការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ទី៣ ការរួមចំណែកក្នុងការកសាងជនបទថ្មី អភិវឌ្ឍន៍ភូមិសិប្បកម្ម លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។
កន្លែងតាំងពិព័រណ៍បង្កើតឡើងវិញនូវសមិទ្ធិផល និងការតម្រង់ទិសសម្រាប់ការគ្រប់គ្រង និងការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៃធនធានដីធ្លី ទឹក រ៉ែ និងបរិស្ថាន ស្របតាមសសរស្តម្ភទាំង៣ នៃសេដ្ឋកិច្ច-សង្គម-បរិស្ថាន ប្រកបដោយនិរន្តរភាព។ សមិទ្ធិផលត្រូវបានបង្ហាញយ៉ាងរស់រវើកតាមរយៈឯកសារ វត្ថុតាង បច្ចេកវិទ្យាឌីជីថលពហុវិមាត្រ បច្ចេវិទ្យានិម្មិតជាក់ស្តែង (VR) អន្តរកម្មតាមអ៊ីនធឺណិត ជាមួយនឹងប្រធានបទចំនួន ៥ ដែលបង្ហាញពីជម្រៅប្រវត្តិសាស្ត្រ សមិទ្ធិផលបច្ចុប្បន្ន និងចក្ខុវិស័យនាពេលអនាគត។ ឧស្សាហកម្មនេះក៏នឹងជំរុញការណែនាំដោយផ្ទាល់ និងការផ្សាយបន្តផ្ទាល់នៅលើបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយកសិផល និងផលិតផល OCOP ទៅកាន់ទស្សនិកជនយ៉ាងទូលំទូលាយក្នុង និងក្រៅប្រទេស។
    |
 |
ណែនាំអំពីអង្ករប្រចាំតំបន់របស់ខេត្ត Dien Bien ដល់អតិថិជន |
អ្នកយកព័ត៌មាន៖ ទាក់ទងនឹងការអនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថល តើវិស័យកសិកម្ម និងបរិស្ថាននឹងបង្ហាញផលិតផលអ្វីខ្លះ?
លោក Phung Duc Tien អនុរដ្ឋមន្ត្រី៖ យើងកំណត់ថា វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថលជាកម្លាំងចលករសំខាន់ក្នុងការលើកកម្ពស់ផលិតភាព គុណភាព និងតម្លៃបន្ថែម។ នៅឯការតាំងពិព័រណ៍ អ្នកទស្សនានឹងទទួលបាននូវបទពិសោធន៍នៃកម្មវិធីបច្ចេកវិទ្យាខ្ពស់៖ ដ្រូនសម្រាប់បាញ់ថ្នាំសម្លាប់សត្វល្អិត និងការសាបព្រួសគ្រាប់ពូជ ប្រព័ន្ធស្រោចស្រពឆ្លាតវៃ ភ្ជួររាស់ដោយខ្លួនឯង អន្ទាក់សត្វល្អិតឆ្លាតវៃ វេទិកាបញ្ជាក់ប្រភពដើម QR និង blockchain ទម្រង់ផលិតកម្មស្រូវគុណភាពខ្ពស់ ។ល។
នៅក្នុងវិស័យបរិស្ថាននឹងមានដំណោះស្រាយត្រួតពិនិត្យមើល ដោយស្វ័យប្រវត្តិសម្រាប់ទឹកសំណល់ ខ្យល់ ឧតុនិយម សម្ភារៈសំណង់កែច្នៃពីអនុកសិផល បច្ចេកវិទ្យាប្រព្រឹត្តកម្មការបំពុល ទម្រង់សេដ្ឋកិច្ចវិលជុំក្នុងកសិកម្មកាបូនទាប។ ដោយហេតុនោះ យើងចង់បញ្ជាក់ថាវិស័យកសិកម្ម និងបរិស្ថានវៀតណាមកំពុងផ្លាស់ថ្មីយ៉ាងសកម្ម អភិវឌ្ឍបៃតង និងប្រកបដោយនិរន្តរភាព ត្រៀមខ្លួនជាស្រេចដើម្បីធ្វើសមាហរណកម្ម ជាមួយនឹងយុគសម័យឌីជីថល។
អ្នកយកព័ត៌មាន៖ តើការតាំងពិព័រណ៍តាមអ៊ីនធឺណិតត្រូវបានអនុវត្តដូចម្តេច?
លោក Phung Duc Tien អនុរដ្ឋមន្ត្រី៖ យើងខ្ញុំរៀបចំទាំងដោយផ្ទាល់ និងតាមអ៊ីនធឺណិតស្របគ្នា ស្របតាមនិន្នាការនៃការធ្វើបរិវត្តកម្មឌីជីថល ជួយប្រជាជនក្នុងប្រទេស និងមិត្តអន្តរជាតិងាយស្រួលទទួលបានសមិទ្ធិផលនៃឧស្សាហកម្មនេះ។ ការតាំងពិព័រណ៍អនឡាញត្រូវបានរចនាឡើងជា "កន្លែងឌីជីថលបើកចំហ" ជាមួយនឹងបច្ចេកវិទ្យា 3D, VR/AR, ការអធិប្បាយ និងអន្តរកម្មទំនើប។ អ្នកទស្សនាអាចស្វែងយល់ពីដំណើរអភិវឌ្ឍន៍រយៈពេល ៨០ ឆ្នាំរបស់ឧស្សាហកម្មនេះ តាមរយៈរូបភាព ឯកសារ វីដេអូយ៉ាងរស់រវើក ជាមួយនឹងជំនួយការស្វែងរក និងជំនួយការនិម្មិត។ លើសពីនេះ លំហអនឡាញអំពីសិប្បកម្មវិចិត្រសិល្បៈ និងផលិតផល OCOP រួមទាំងតំបន់រងចំនួន ៥ ពី "ដំណើរទេសចរណ៍បេតិកភណ្ឌ" ទៅ "ពាណិជ្ជកម្មឈានដល់ពិភពលោក" នឹងលើកតម្កើងតម្លៃវប្បធម៌-សេដ្ឋកិច្ចជនបទ ទន្ទឹមនឹងនោះ ពង្រីកការផ្សព្វផ្សាយ ការតភ្ជាប់ និងការធ្វើសមាហរណកម្មអន្តរជាតិ។
អ្នកយកព័ត៌មាន៖ តើអ្វីទៅជាសារដែលឧស្សាហកម្មចង់បង្ហាញតាមរយៈការតាំងពិព័រណ៍នេះ?
លោក Phung Duc Tien អនុរដ្ឋមន្ត្រី៖ យើងខ្ញុំចង់ផ្សព្វផ្សាយសារអំពីអនាគតបៃតង ទំនើប និងនិរន្តរភាព។ វិស័យកសិកម្ម និងបរិស្ថានរក្សាគោលដៅអភិវឌ្ឍន៍ឆ្ពោះទៅរកសេដ្ឋកិច្ចវិលជុំ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ អនុវត្តយ៉ាងខ្លាំងក្លានូវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល លើកកំពស់តម្លៃ និងការប្រកួតប្រជែងនៃកសិផលវៀតណាម។ ទន្ទឹមនឹងនោះ ឆ្ពោះទៅរកការកសាងជនបទប្រកបដោយវិបុលភាព ថែរក្សាវប្បធម៌ ការពារបរិស្ថាន ដើម្បីជំនាន់ក្រោយ។
អ្នកយកព័ត៌មាន៖ សូមអរគុណលោក!
បកប្រែដោយ Huyen Trang