វៀតណាមលើកកម្ពស់តួនាទីក្នុងកិច្ចសហប្រតិបត្តិការអាស៊ានលើការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ
កប.អនឡាញ - នាថ្ងៃទី ១៥ ខែសីហា នៅទីក្រុងហាណូយ នាយកដ្ឋានគ្រប់គ្រងទំនប់ទឹកនិងបង្ការគ្រោះមហន្តរាយ (ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម) សហការជាមួយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ក្នុងគ្រោះមហន្តរាយ (មជ្ឈមណ្ឌល AHA) គម្រោង EU-SAHA - សហភាពអឺរ៉ុបបានរៀបចំកម្មវិធី "One ASEAN One Response Roadshow" (អាស៊ានមួយ ការឆ្លើយតបមួយ)។
កម្មវិធី “One ASEAN One Response Roadshow” គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំឡើងដោយមជ្ឈមណ្ឌល AHA និងបណ្តាប្រទេសអាស៊ាន ក្នុងគោលបំណងបង្កើនការយល់ដឹង និងការគាំទ្ររបស់ប្រទេសសមាជិកអាស៊ានចំពោះចក្ខុវិស័យ និងក្របខ័ណ្ឌសម្រាប់សកម្មភាពរួមក្នុងការគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់។
    |
 |
លោក Pham Duc Luan ប្រធាននាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និងបង្ការគ្រោះមហន្តរាយធម្មជាតិ ថ្លែងក្នុងកម្មវិធី |
កម្មវិធីនេះមានការចូលរួមពីតំណាងក្រសួង និងស្ថាប័នរបស់វៀតណាម ព្រមទាំងគណៈប្រតិភូមកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៃបណ្ដាប្រទេសអាស៊ាន មជ្ឈមណ្ឌល AHA លេខាធិការដ្ឋានអាស៊ាន អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល។
ថ្លែងក្នុងកម្មវិធីនេះ លោក Pham Duc Luan ប្រធាននាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និងបង្ការគ្រោះមហន្តរាយធម្មជាតិ បានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយគ្រោះធម្មជាតិ ដោយសារការប្រែប្រួលអាកាសធាតុ។
ជារៀងរាល់ឆ្នាំ គ្រោះធម្មជាតិដូចជាខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត ការបាក់ដី ការជ្រៀតចូលនៃទឹកប្រៃ បានបណ្តាលឱ្យមានការខាតបង់យ៉ាងធំធេងសម្រាប់អាយុជីវិត និងទ្រព្យសម្បត្តិ រំខានដល់សកម្មភាពសេដ្ឋកិច្ច និងសង្គម និងប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់។
    |
 |
លោក Julien Guerrier ឯកអគ្គរដ្ឋទូត EU ប្រចាំនៅវៀតណាមថ្លែងក្នុងព្រឹត្ដិការណ៍ |
លោក Julien Guerrier ឯកអគ្គរដ្ឋទូត EU ប្រចាំនៅវៀតណាម បានអះអាងថា EU តែងតែត្រៀមខ្លួនជាស្រេច គាំទ្រយន្តការសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយរបស់អាស៊ាន ដែលវៀតណាមជាសមាជិកសកម្មមួយ។
យោងតាមលោក Sithu Pe Thein នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល AHA គ្រោះមហន្តរាយធំៗដូចជា រលកយក្សស៊ូណាមិមហាសមុទ្រឥណ្ឌា (២០០៤) ព្យុះ Nargis (២០០៨) និងព្យុះ Haiyan (២០១៣) គឺជាកម្លាំងចលករសម្រាប់ជំរុញអាស៊ានកសាងយន្តការមួយដើម្បីឆ្លើយតបគ្រោះធម្មជាតិ។
ការសន្យា "អាស៊ានមួយ ការឆ្លើយតបមួយ" ត្រូវបានប្រកាសដោយថ្នាក់ដឹកនាំអាស៊ានក្នុងឆ្នាំ ២០១៦ សំដៅបញ្ជាក់ពីស្មារតីសាមគ្គីភាព និងការឯកភាពគ្នាសម្រាប់គ្រោះមហន្តរាយធម្មជាតិ។
នៅក្នុងកម្មវិធីនេះ ប្រតិភូទាំងឡាយបានពិភាក្សាអំពីការបង្ការគ្រោះមហន្តរាយធម្មជាតិនៅវៀតណាម យន្តការសម្របសម្រួលអាស៊ាន និងតួនាទីរបស់មជ្ឈមណ្ឌល AHA ក៏ដូចជាអង្គការអន្តរជាតិក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយក្នុងតំបន់។
Roadshow លើកនេះគឺជាឱកាសដ៏សំខាន់មួយដើម្បីបង្កើនការយល់ដឹង និងការសម្របសម្រួលកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងចំណោមភាគីពាក់ព័ន្ធក្នុងអាស៊ាន៕
បកប្រែដោយ Pham Diep