គេហទំព័រ និងទីភ្នាក់ងារព័ត៌មានដូចជា channelnewsasia.com (សិង្ហបុរី), uz.kursiv.media (អ៊ូសបេគីស្ថាន) និងទីភ្នាក់ងារព័ត៌មានលោកខាងលិចមួយចំនួនទៀត នាថ្ងៃទី ៦ ខែតុលា បានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមកំពុងបង្ហាញពីការងើបឡើងវិញគួរឱ្យកត់សម្គាល់ បើទោះបីជាប្រឈមនឹងវិធានការពន្ធគយថ្មីៗរបស់អាជ្ញាធររបស់លោក Donald Trump ប្រធានាធិបតីអាមេរិកក៏ដោយ។

leftcenterrightdel
ការលើកដាក់ទំនិញនាំចេញនៅកំពង់ផែកុងតឺន័រអន្តរជាតិ Hai Phong ទីរួមស្រុក Cat Hai ស្រុក Cat Hai ទីក្រុង Hai Phong (រូបថត៖ vnanet.vn)

លទ្ធផលនេះលើសពីការរំពឹងទុក ស្របតាមគោលដៅដ៏មានមហិច្ឆតារបស់រដ្ឋាភិបាលក្នុងកំណើន ៨.២-៨.៥% នៅឆ្នាំនេះ និងខ្ពស់ជាងការព្យាករណ៍ពីអង្គការហិរញ្ញវត្ថុអន្តរជាតិដូចជាធនាគារពិភពលោក (WB ដែលព្យាករណ៍ថាមានការកើនឡើង ៦.៦%) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF ព្យាករណ៍ថាមានការកើនឡើង ៦.៥%)។

យោងតាមប្រភពព័ត៌មានជាច្រើន វិស័យមួយចំនួនបានបន្តជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាម រួមមាន៖ ការវិនិយោគផ្ទាល់ពីបរទេស (សម្រេចបាន ១៨.៨ ពាន់លានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ); ផលិតកម្មឧស្សាហកម្ម (កើនឡើង ៩.១% ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ); ទេសចរណ៍ (ភ្ញៀវទេសចរអន្តរជាតិកើនឡើង ២១.៥%); ការលក់រាយ (កើនឡើង ១១.៣%); ខណៈពេលដែលអតិផរណានៅតែស្ថិតក្នុងការគ្រប់គ្រង។

ទិន្នន័យសេដ្ឋកិច្ចវិជ្ជមានបានបង្កើតកម្លាំងចលករសម្រាប់ទីផ្សារភាគហ៊ុនដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគលើមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច។

ប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរនៅកម្ពុជាក៏ចាប់អារម្មណ៍នឹងតួរលេខរបស់វៀតណាមដែរ ដោយចាត់ទុកថា តាមទស្សនៈបច្ចេកទេស កំណើនសេដ្ឋកិច្ចរបស់វៀតណាមនាពេលបច្ចុប្បន្នគឺជាលទ្ធផលនៃស្ថិរភាពនយោបាយដ៏យូរអង្វែង និងសមិទ្ធិផលនៃការអនុវត្តគោលនយោបាយកំណែទម្រង់សេដ្ឋកិច្ចក្នុងរយៈពេលជិត ៤០ ឆ្នាំ។

គេហទំព័រ finimize.com របស់អង់គ្លេស បានសន្និដ្ឋានថា សេដ្ឋកិច្ចរបស់វៀតណាមនាំមុខនិន្នាការកំណើននៅក្នុងតំបន់អាស៊ី ក្នុងបរិបទដែលប្រទេសមួយចំនួនទៀតក្នុងតំបន់ដូចជាអូស្ត្រាលី និងថៃ នៅតែជួបបញ្ហាអតិផរណា និងអារម្មណ៍អ្នកប្រើប្រាស់ប្រុងប្រយ័ត្ន។ ជោគជ័យរបស់វៀតណាមបង្ហាញយ៉ាងច្បាស់អំពីអត្ថប្រយោជន៍នៃទំនាក់ទំនងដ៏ជិតស្និទ្ធរវាងគោលនយោបាយ និងសកម្មភាពពាណិជ្ជកម្ម។

យោងតាមគេហទំព័រព័ត៌មាននេះ សេដ្ឋកិច្ចរបស់វៀតណាមបានកើនឡើងលើសពីការរំពឹងទុកក្នុងដំណាក់កាល ២០២៤-២០២៥ បើទោះបីជារូបិយប័ណ្ណក្នុងស្រុកធ្លាក់ចុះបន្តិចក៏ដោយ និងស្ថិតក្នុងក្រុមឈានមុខគេនៅក្នុងតំបន់ទាក់ទងនឹងអត្រាកំណើន GDP ក៏ដូចជាការគ្រប់គ្រងអតិផរណាល្អ។

គេហទំព័រព័ត៌មានបានឲ្យដឹងថា ទោះបីជាប្រាក់ដុងបានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ ២៦,៣៦៤ ដុង/ដុល្លារអាមេរិក ក៏ដោយ ក៏សេដ្ឋកិច្ចមិនមានសញ្ញានៃការបង្អែរបង្អង់នោះទេ។

កំណើនរបស់វៀតណាមបង្ហាញពីភាពធន់នៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើន។ ប្រសិទ្ធភាពនៃការផលិត និងការនាំចេញយ៉ាងខ្លាំងក្លាបានជួយវៀតណាមឆ្លងកាត់ការប្រែប្រួលរូបិយប័ណ្ណ និងអស្ថិរភាពរបស់ពិភពលោក។ ខ្សែសង្វាក់ផ្គត់ផ្គង់បន្តផ្លាស់ប្តូរទៅវៀតណាម។

ជាមួយនឹងភាពអត់ការងារធ្វើទាប និងការចំណាយរបស់អ្នកប្រើប្រាស់មានស្ថិរភាព វៀតណាមកំពុងបង្ហាញថាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនអាចរក្សាសន្ទុះកំណើន ទោះបីជារូបិយប័ណ្ណស្ថិតនៅក្រោមសម្ពាធក៏ដោយ៕

បកប្រែដោយ Huyen Trang