អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងអំពីការធ្វើបរិវត្តកម្មឌីជីថលក្នុងផ្នែកការទូតក្នុងរយៈពេលកន្លងមក ដែលប្រព្រឹត្តទៅយ៉ាងដូចម្តេច?
លោក Le Anh Tuan អនុរដ្ឋមន្ត្រី៖ ចាប់តាំងពីដើមឆ្នាំ ២០២៥ ដោយមានការចូលរួម និងដឹកនាំដ៏រឹងមាំនៃប្រព័ន្ធនយោបាយទាំងមូលពីកម្រិតខ្ពស់បំផុត តាមរយៈសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយស្តីពីរបកគំហើញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ និងកិច្ចការបរិវត្តកម្មឌីជីថល ត្រូវបានផ្តល់អាទិភាពខ្ពស់ដោយបក្ស ជាមួយនឹងភារកិច្ចជាបន្តបន្ទាប់ដែលត្រូវអនុវត្តក្នុងរយៈពេលដ៏ខ្លី។
    |
 |
លោក Le Anh Tuan អនុរដ្ឋមន្ត្រីក្រសួងការបរទេស |
ក្រសួងការបរទេស គឺជាស្ថាប័នរបស់រដ្ឋាភិបាលដែលបំពេញមុខងារនៃការគ្រប់គ្រងរដ្ឋអំពីកិច្ចការបរទេស ដែលបានកំណត់ការធ្វើបរិវត្តកម្មឌីជីថលជាកិច្ចការសំខាន់ក្នុងការធ្វើទំនើបកម្មអង្គភាព ផ្លាស់ថ្មីវិធីសាស្រ្តប្រតិបត្តិការ និងបម្រើឱ្យកាន់តែប្រសើរឡើងនូវកិច្ចការបរទេសក្នុងរយៈពេលសមាហរណកម្មអន្តរជាតិដ៏ស៊ីជម្រៅ និងទូលំទូលាយ។ គោលដៅចុងក្រោយគឺការលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តភារកិច្ចរបស់ក្រសួងការបរទេស ឆ្ពោះទៅការបម្រើប្រជាជន និងអង្គភាពអាជីវកម្មឱ្យកាន់តែប្រសើរឡើង។
មកទល់បច្ចុប្បន្ននេះ ក្រសួងការបរទេសសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ជាពិសេសក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក រដ្ឋាភិបាលឌីជីថល កំណែទម្រង់រដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋានទិន្នន័យ។ ជាក់ស្តែង ១០០% នៃនីតិវិធីរដ្ឋបាលត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានសម្រាប់ដោះស្រាយនីតិវិធីរដ្ឋបាលនៅថ្នាក់ក្រសួងដោយតភ្ជាប់ប្រព័ន្ធនេះជាមួយថ្នាក់ជាតិ។ ក្រសួងការបរទេសក៏បានចេញនូវផែនការឆ្លើយតបទៅនឹងចលនា "ការអប់រំឌីជីថលសម្រាប់ប្រជាជនទាំងមូល" ក្នុងផ្នែកការទូត ដាក់ពង្រាយការបណ្តុះបណ្តាលលើផ្នែកទន់ និងវេទិកាឌីជីថលថ្មីដែលនឹងដាក់ឱ្យប្រើប្រាស់ក្រោមគម្រោងសាងសង់រដ្ឋាភិបាលអេឡិចត្រូនិករបស់ក្រសួងការបរទេសនាពេលឆាប់នេះ។
ជាពិសេស កាលពីឆ្នាំ ២០១៥ ក្រសួងការបរទេសបានផ្តួចផ្តើម និងប្រើប្រាស់បណ្តាញសង្គមក្នុងការផ្សព្វផ្សាយព័ត៌មាន ហើយមកទល់បច្ចុប្បន្ននេះ ក្រសួងការបរទេសកំពុងដំណើរការគណនីនៅលើវេទិកាពេញនិយមបំផុតដូចជា Facebook (ជាភាសាវៀតណាម) Twitter (ជាភាសាអង់គ្លេស) រួមចំណែកផ្សព្វផ្សាយព័ត៌មាន ទៅដល់ក្រុមមុខសញ្ញាជាច្រើននៅទីតាំងកាន់តែច្រើន។
អ្នកយកព័ត៌មាន៖ នាពេលខាងមុខ ផ្នែកការទូតនឹងបន្តដាក់ពង្រាយភារកិច្ចធ្វើបរិវត្តកម្មឌីជីថលឆ្ពោះទៅរក “ការទូតទំនើប” យ៉ាងដូចម្តេច?
លោក Le Anh Tuan អនុរដ្ឋមន្ត្រី៖ “ការទូតទំនើប” មិនត្រឹមតែជាការអនុវត្តបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន ដើម្បីបន្ស៊ាំខ្លួន និងពង្រីកសមិទ្ធិផលនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ប៉ុណ្ណោះទេ ថែមទាំងជាដំណើរការផ្លាស់ថ្មីដ៏ទូលំទូលាយ នៅក្នុងក្រសួងការបរទេស ព្រមទាំងនៅស្ថាប័នទាំងអស់ទទួលបន្ទុកកិច្ចការបរទេសក្នុងប្រព័ន្ធនយោបាយទៀតផង។
នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាដែលមានមូលដ្ឋានលើឌីជីថល និងអ៊ីនធឺណែត ដូចជា Internet of Things (IoT) cloud computing បញ្ញាសិប្បនិម្មិត (AI) ឬទិន្នន័យទំហំធំ និងការបង្កើតឡើងនៃបណ្តាញសង្គមដ៏ពេញនិយមដូចជា Twitter, Facebook, Instagram, LinkedIn... រួមជាមួយនឹងនិន្នាការនៃការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលបានផ្តល់ឧបករណ៍ថ្មីសម្រាប់សកម្មភាពការទូតកាន់តែលឿន ទៅកាន់ក្រុមមុខសញ្ញាកាន់តែច្រើន និងជួយស្ថាប័នការទូតអនុវត្តដំណើរការនៃការឆ្លើយតប និងការកែសម្រួលគោលនយោបាយដែលអាចបត់បែនបាន។
ក្រសួងការបរទេសនឹងបង្កើតបទប្បញ្ញត្តិសម្រាប់ការសម្របសម្រួល ការចែករំលែកព័ត៌មាន និងទិន្នន័យឌីជីថលក្នុងទូទាំងវិស័យ រវាងក្រសួងការបរទេស ជាមួយក្រសួង វិស័យ និងមូលដ្ឋាននានា ព្រមទាំងលើកឡើងយន្តការហិរញ្ញវត្ថុ ការវិនិយោគ និងប្រតិបត្តិការនៃប្រព័ន្ធឌីជីថលពិសេសចំពោះវិស័យការទូត បង្កើត និងសុក្រឹតវេទិកាហេដ្ឋារចនាបច្ចេកទេសឌីជីថលដែលមានការតភ្ជាប់ និងមានសុវត្ថិភាពខ្ពស់ បំពេញតាមតម្រូវការនៃដំណើរការឯកសារអេឡិចត្រូនិក តំកល់ទុក និងការពារទិន្នន័យទូទាំងវិស័យនេះ ស្របតាមស្តង់ដារសុវត្ថិភាពជាតិ តភ្ជាប់អង្គភាពនានាក្នុងស្រុក និងភ្នាក់ងារតំណាងនៅឯបរទេស ដើម្បីបម្រើប្រតិបត្តិការ ការស្រាវជ្រាវ ការផ្ដល់ព័ត៌មាន ផ្សព្វផ្សាយអំពីការទូត និងការគ្រប់គ្រងផ្ទៃក្នុង។ លើសពីនេះទៀត ក្រសួងការបរទេសក៏បានបង្កើនការផ្តល់ឧបករណ៍ឌីជីថលទំនើបសម្រាប់កម្មាភិបាលដែលធ្វើការនៅអង្គភាពក្នុងស្រុក និងស្ថាប័នតំណាង។
យើងខ្ញុំក៏សូមផ្តល់អនុសាសន៍ឱ្យសាងសង់ឃ្លាំងទិន្នន័យឌីជីថលលើព័ត៌មានការបរទេស ឯកសារអន្តរជាតិ ឯកសារចរចា កិច្ចសន្យា សន្ធិសញ្ញាអន្តរជាតិដែលវៀតណាមចូលរួម... ដើម្បីបម្រើការវិភាគគោលនយោបាយ និងកំណត់ផែនការយុទ្ធសាស្ត្រ ទាញយកប្រភពទិន្នន័យក្នុង និងក្រៅប្រទេសប្រកបដោយប្រសិទ្ធភាព ស្រាវជ្រាវការអនុវត្ត AI ក្នុងការបូកសរុបព័ត៌មាន កំណត់អត្តសញ្ញាណនិន្នាការសកល ការព្រមានជាមុន ការវិភាគស្ថានភាព ការព្យាករណ៍ជាយុទ្ធសាស្ត្រ និងការគាំទ្រការចេញសេចក្តីសម្រេចចិត្ត។
លើកកំពស់តួនាទីយ៉ាងសកម្មរបស់ក្រសួងការបរទេសក្នុងការធ្វើបរិវត្តកម្មឌីជីថល កសាងផ្នែកការទូតឌីជីថលទំនើប ដើម្បីរួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃកិច្ចការបរទេស ការពារផលប្រយោជន៍ជាតិក្នុងយុគសម័យថ្មី។ ពីភាពក្លាហាន និងបញ្ញា ជាមួយនឹងស្មារតីនៃសាមគ្គីភាព បំណងប្រាថ្នាដើម្បីឈានទៅមុខ និងធ្វើសកម្មភាពយ៉ាងខ្លាំង យើងខ្ញុំនឹងតាំងចិត្តដើម្បីសម្រេចបាននូវគោលដៅនៃការធ្វើបរិវត្តកម្មឌីជីថលក្លាយទៅជាវិធីថ្មីនៃការធ្វើការនៅក្នុងវិស័យនេះ។ អាស្រ័យហេតុនេះ រួមចំណែកអនុវត្តការកសាងផ្នែកការទូតវៀតណាមប្រកបដោយវិជ្ជាជីវៈ ទូលំទូលាយ និងទំនើបនាពេលខាងមុខ។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!
បកប្រែដោយ Huyen Trang