“ក្នុងដំណើរ ៨០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី សេដ្ឋកិច្ចវៀតណាមសម្រេចបានសមិទ្ធិផលធំៗ ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍយ៉ាងលឿនបំផុតនៅអាស៊ីអាគ្នេយ៍” - នោះគឺជាការសន្និដ្ឋានរបស់លោកសាស្ត្រាចារ្យ Carl Thayer អ្នកជំនាញស្រាវជ្រាវអំពីវៀតណាមនៅវិទ្យាស្ថានការពារជាតិអូស្ត្រាលី សាកលវិទ្យាល័យ New South Wales ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមប្រចាំនៅអូស្ត្រាលី ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥)។

យោងតាមលោកសាស្ត្រាចារ្យ Carl Thayer ពីសម័យ “ផ្លាស់ប្ដូរថ្មី” ដល់បច្ចុប្បន្ន វៀតណាមសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់។ ទោះបីជារងការប៉ះពាល់ដោយជំងឺរាតត្បាត COVID-19 ក៏ដោយ ក៏សេដ្ឋកិច្ចវៀតណាមបានស្ដារឡើងវិញយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ២០២៣ វៀតណាមមានអត្រាកំណើន GDP តិចតួចគឺ ៥.៣%។ នៅឆ្នាំ២០២៤ តួលេខនេះគឺជិត ៧.១%។ វៀតណាមមានគោលបំណងសម្រេចបានអត្រាកំណើនប្រហែល ៨% នៅឆ្នាំ២០២៥ ហើយនឹងបង្កើនអត្រាកំណើនឡើងពីរខ្ទង់ក្នុងឆ្នាំបន្ទាប់។

លោក Carl Thayer ជឿជាក់ថា វៀតណាមអាចសម្រេចបាននូវគោលដៅនេះ ប្រសិនបើយកចិត្តទុកដាក់បន្ថែមលើការទាញយកប្រយោជន៍ពីការវិនិយោគពីបរទេស និងការនាំចេញ ដែលត្រូវបានចាត់ទុកថាជាកម្លាំងចលករសម្រាប់ការជំរុញកំណើននៃសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍នេះ។

យោងតាមលោកសាស្ត្រាចារ្យ Carl Thayer វៀតណាមទទួលបានជោគជ័យក្នុងការផ្តោតលើការនាំចេញ ដូចជាសម្លៀកបំពាក់ ទូរសព្ទដៃជាដើម។ ប៉ុន្តែក្នុងបរិបទដែលប្រទេសផ្សេងទៀតមានវឌ្ឍនភាពស្រដៀងគ្នានេះ វៀតណាមបានចាត់វិធានការដែលពង្រឹងភាពខ្លាំងក្នុងការប្រកួតប្រជែង។ អ្នកវិទ្យាសាស្ត្រ និងវិស្វករវៀតណាមបានចាប់ផ្តើមកែសម្រួល និងផ្លាស់ប្ដូរថ្មីនូវបច្ចេកវិទ្យា ព្រមទាំងសហការជាមួយសហគ្រិនបរទេស ដើម្បីជួយគាំទ្រការបណ្តុះបណ្តាលធនធានមនុស្ស។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

វៀតណាមក៏កំពុងផ្តោតលើការបង្កើនសមត្ថភាពប្រកួតប្រជែង ធ្វើពិពិធកម្មសេដ្ឋកិច្ច អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជម្រុញនវានុវត្តន៍ និងការពារបរិស្ថាន ដោយមានគោលដៅផ្លាស់ប្តូរពីសេដ្ឋកិច្ចផ្អែកលើប្រាក់ពលកម្មថោក ក្លាយជាផ្នែកដែលមានតម្លៃបន្ថែមខ្ពស់ និងបច្ចេកវិទ្យាទំនើប។ លោកសាស្ត្រាចារ្យ Carl Thayer បានអះអាងថា វៀតណាមបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ដំណើរនេះ។

ទន្ទឹមនឹងនោះ យោងតាមលោកសាស្ត្រាចារ្យ Carl Thayer ក្នុងនាមជាសមាជិកដ៏សំខាន់ និងមានការទទួលខុសត្រូវនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វៀតណាមអាចជួយជំរុញកំណើននៃប្លុកក្នុងតំបន់នេះ ដោយមានធនធានកាន់តែសម្បូរបែប។

អំពីយថាទស្សន៍នៃសេដ្ឋកិច្ចវៀតណាមនាពេលខាងមុខ លោកសាស្ត្រាចារ្យ Carl Thayer បានចាត់ទុកថា ទោះបីជាវៀតណាមសម្រេចបាននូវអត្រាកំណើនខ្ពស់ក៏ដោយ ក៏គួរតែយកចិត្តទុកដាក់ចំពោះអស្ថិរភាពនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មនាពេលបច្ចុប្បន្ននៅលើពិភពលោក ព្រោះថា ប្រទេសវៀតណាមនៅតែពឹងផ្អែកលើសេដ្ឋកិច្ចពិភពលោក។

លោកសាស្ត្រាចារ្យ Carl Thayer បានទទួលស្គាល់ថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក វៀតណាមបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ខ្លួន ប៉ុន្តែក្នុងរយៈពេលវែង វៀតណាមចាំបាច់ត្រូវធ្វើពិពិធកម្ម និងស្វែងរកទីផ្សារថ្មី ហើយមានភាពបត់បែន និងប្រយ័ត្នប្រយែងក្នុងការប្រឈមមុខនឹងការផ្លាស់ប្តូរគោលនយោបាយយ៉ាងឆាប់ៗនៅលើពិភពលោក៕

បកប្រែដោយ Thuy Anh