ប្រតិភូជាតិ និងអន្តរជាតិជាង ៦,០០០ នាក់នឹងចូលរួមពិធីបើកការតាំងពិព័រណ៍សមិទ្ធិផលជាតិរយៈពេល ៨០ ឆ្នាំ
កប.អនឡាញ - ប្រតិភូជាតិ និងអន្តរជាតិប្រមាណ ៦,០០០ នាក់ នឹងចូលរួមពិធីបើក ហើយរួមជាមួយនឹងប្រជានរាប់សែននាក់ គ្រោងនឹងមកទស្សនាពិព័រណ៍សមិទ្ធិផលជាតិរយៈពេល ៨០ឆ្នាំ នៃដំណើរ ឯករាជ្យភាព - សេរីភាព - សុភមង្គល ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍វៀតណាម ក៏ដូចជាចូលរួមក្នុងពិធីរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ទី២ ខែកញ្ញា (២ កញ្ញា ១៩៤៥ / ២ កញ្ញា ២០២៥)។
នេះជាព័ត៌មានដែលក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានប្រកាសក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី ២២ ខែសីហា នៅទីក្រុងហាណូយ។
យោងតាមក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ពិព័រណ៍សមិទ្ធិផលជាតិរយៈពេល ៨០ឆ្នាំនៃដំណើរឯករាជ្យភាព - សេរីភាព - សុភមង្គល បានបើកជាផ្លូវការនៅវេលាម៉ោង ៨៖៣០នាទី ព្រឹក ថ្ងៃទី២៨ ខែសីហា ហើយនឹងអូសបន្លាយរហូតដល់ថ្ងៃទី៥ ខែកញ្ញា នៅមជ្ឈមណ្ឌលពិព័រណ៍វៀតណាម។ ចូលរួមក្នុងពិព័រណ៍នេះមានស្តង់ចំនួន ៣៤ ដែលមានលក្ខណៈវិសេសវិសាលរបស់ខេត្ត ក្រុងចំនួន ៣៤ និងបណ្តាក្រសួង ស្ថាប័ន និងសាខាមជ្ឈិម ដោយឧទ្ទេសនាមអំពីសមិទ្ធិផលអភិវឌ្ឍន៍របស់ប្រទេសជាតិលើគ្រប់វិស័យ។
    |
 |
ទិដ្ឋភាពនៃមណ្ឌលតាំងពិព័រណ៍ |
លោក Ta Quang Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសង្កត់ធ្ងន់ថា៖ “គួរនិយាយថា នេះជាការតាំងពិព័រណ៍ដែលយើងអាចផ្សព្វផ្សាយបានយ៉ាងច្រើនអំពីរូបភាពមនុស្ស និងប្រទេសវៀតណាម ក៏ដូចជាសមិទ្ធិផលរបស់វៀតណាមដល់មិត្តភក្កិអន្តរជាតិ និងប្រជាជនទូទាំងប្រទេស ក្នុងឱកាសថ្ងៃទី ២ ខែកញ្ញា។ នេះជាចំណុចប្រសព្វ ជាគោលដៅដែលនឹងទាក់ទាញប្រជាជនយ៉ាងច្រើនកុះករ មកទីនេះដើម្បីទស្សនាការតាំងពិព័រណ៍ តាមនោះ រីកសាយភាយពីសមិទ្ធិផលរបស់ប្រទេសយើង”។
ទាក់ទងនឹងពិធីដង្ហែក្បួនព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ទី២ កញ្ញា លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសបានឲ្យដឹងថា ចំណុចពិសេសនៃពិធីរំលឹកខួបឆ្នាំនេះ គឺផែនតំណាងជនវៀតណាមនៅឯបរទេសនឹងវិលត្រឡប់មកប្រទេសវិញដើម្បីចូលរួមដង្ហែក្បួនព្យុហយាត្រានៅទីលាន Ba Dinh ដោយមានអាណិកជនវៀតណាមចំនួន ៥០ នាក់ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេស និងតំបន់ដែនដីចំនួន ១៨៕
បកប្រែដោយ Huyen Trang