សក្ខីកម្មនៃចំណងមិត្តភាពវៀតណាម-សហព័ន្ធរុស្ស៊ី
កប.អនឡាញ - នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជន លោក Gennady Stepanovich Bezdetko ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម បានសម្តែងការចាប់អារម្មណ៍ចំពោះពិធីខួបលើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងបញ្ជាក់ថា ការចូលរួមដង្ហែក្បួនព្យុហយាត្រាក្នុងពិធីនេះរបស់គណៈប្រតិភូយោធារុស្ស៊ី បានបង្ហាញពីចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។
អ្នកយកព័ត៌មាន៖ សូមលោកឯកអគ្គរដ្ឋទូត ប្រាប់អំពីអត្ថន័យនៃការចូលរួមដង្ហែក្បួនព្យុហយាត្រានៃគណៈប្រតិភូកងទ័ពប្រេជាជនវៀតណាមក្នុងពិធីរំលឹកខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏មហិមានាថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ នៅទីក្រុងមូស្គូ និងការចូលរួមដង្ហែក្បួនព្យុហយាត្រានៃផែនយោធិនរុស្ស៊ី ក្នុងពិធីរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាមនាថ្ងៃទី ២ ខែកញ្ញា?
លោក Gennady Stepanovich Bezdetko ឯកអគ្គរដ្ឋទូត៖ យើងចាត់ទុកការចូលរួមរបស់យោធិនវៀតណាមក្នុងពិធីរំលឹកខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏មហិមា នាថ្ងៃទី៩ ខែឧសភា ដែលជាថ្ងៃពិសេសនិងពិសិដ្ឋសម្រាប់យើង ជានិមិត្តរូបដ៏រស់រវើកនៃចំណងមិត្តភាព និងសាមគ្គីភាព ការចងចាំ និងការពារការពិតនៃប្រវត្តិសាស្ត្រ។ បន្ទាប់ពី ៤ ខែ ផែនយោធិនរុស្ស៊ី បានចូលរួមជាមួយនាយទាហាន និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាមក្នុងការដង្ហែក្បួនព្យុហយាត្រានៅទីលាន Ba Dinh នៅទីក្រុងហាណូយ។
    |
 |
លោក Gennady Stepanovich Bezdetko ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម (រូបថត៖ ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម) |
ដូចនៅទីក្រុងមូស្គូពីមុននោះ លើកនេះនៅរដ្ឋធានីនៃប្រទេសវៀតណាម យោធិនរុស្ស៊ីត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅតាមដងផ្លូវ ក៏ដូចជានៅលើបណ្តាញសង្គម។ វីដេអូដែលថតពីការហ្វឹកហាត់ និងការផ្សាយបន្តផ្ទាល់នៃពិធី ទទួលបានការជ្រោមជ្រែងពីប្រជាជនវៀតណាម។ នេះគឺជាការបង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហព័ន្ធរុស្ស៊ី និងវៀតណាម។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់មិត្តវៀតណាម។
អ្នកយកព័ត៌មាន៖ តើលោកឯកអគ្គរដ្ឋទូតអាចចែករំលែកអារម្មណ៍របស់ខ្លួនអំពីពិធីខួបលើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានទេ?
លោក Gennady Stepanovich Bezdetko ឯកអគ្គរដ្ឋទូត៖ យើងឃើញថា វៀតណាមបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរៀបចំពិធីខួបអនុស្សាវរីយ៍នៅទូទាំងប្រទេស ជាពិសេសនៅរដ្ឋធានី។ ការរៀបចំព្រឹត្តិការណ៍ដែលមានទំហំបែបនេះមិនមែនជាកិច្ចការដែលងាយស្រួលនោះទេ។ វៀតណាមក៏បានអនុវត្តវិធានការការពារសន្តិសុខយ៉ាងទូលំទូលាយផងដែរ។ ការអបអរសាទរ និងក្តីរំភើបចិត្តរបស់ប្រជាជនវៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អសម្រាប់យើង។ ជាថ្មីម្តងទៀត សូមអបអរសាទរដោយស្មោះបំផុតជាមួយវៀតណាម!
ការចូលរួមរបស់ភ្ញៀវអន្តរជាតិក្នុងពិធីរំលឹកខួបនេះក៏មានអត្ថន័យផងដែរ ព្រោះនេះជាឱកាសដើម្បីពង្រឹងទំនាក់ទំនង និងកសាង “ស្ពានមិត្តភាព” រវាងប្រទេសនានា។ គណៈប្រតិភូរុស្ស៊ីដែលចូលរួមក្នុងពិធីរំលឹកខួបនេះដឹកនាំដោយលោក Vladimir Vladimirovich Yakushev អនុប្រធានទី១ នៃក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា)។ ការរំពឹងទុកជាវិជ្ជមានសម្រាប់ដំណើរទស្សនកិច្ចនេះត្រូវបានបំពេញយ៉ាងពេញលេញ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះភាពរួសរាយរាក់ទាក់របស់វៀតណាម!
អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរដ្ឋទូត!
បកប្រែដោយ Thuy Anh