លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ែបៃហ្សង់
កប.អនឡាញ - នារសៀលថ្ងៃទី៤ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបលោកឧត្តមសេនីយ៍ឯក Zakir Hasanov រដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ែបៃហ្សង់ និងគណៈប្រតិភូក្រសួងការពារជាតិអាស៊ែបៃហ្សង់ ដែលបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ដើម្បីចូលរួមខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម (ថ្ងៃទី២ ខែកញ្ញា)។
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើនូវការសួរសុខទុក្ខពីសំណាក់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមជូនចំពោះលោក Ali Asadov នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសអាស៊ែបៃហ្សង់។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា ប្រជាជនវៀតណាមជានិច្ចកាលដឹងគុណ និងចងចាំជានិច្ចនូវជំនួយដ៏ស្មោះស្ម័គ្រ និងប្រសិទ្ធភាព ដែលប្រជាជនអាស៊ែបៃហ្សង់ ផ្តល់ដល់វៀតណាមក្នុងការតស៊ូដើម្បីបង្រួបបង្រួមជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនាសព្វថ្ងៃនេះ។ លោកសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ របស់លោក To Lam អគ្គលេខាបក្សនៅខែឧសភា ឆ្នាំ២០២៥ និងការចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របានរួមចំណែកពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី បង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោកឧត្តមសេនីយ៍ឯក Zakir Hasanov (រូបថត៖ vnanet.vn) |
ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ ស្របតាមអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងឯកសារដែលបានចុះហត្ថលេខា ហើយស្នើឲ្យប្រទេសទាំងពីរជំរុញការតភ្ជាប់ផ្លូវដែក ការផ្លាស់ប្តូរវប្បធម៌ ជំនួបរវាងប្រជាជននិងប្រជាជន។ល។ លោកមានបំណងថា រដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់ បន្តយកចិត្តទុកដាក់ និងគាំទ្រទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ រួមទាំងការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ស្របតាមផលប្រយោជន៍នៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
លោក Ali Asadov ថ្លែងអំណរគុណចំពោះភាគីវៀតណាមដែលបានអញ្ជើញគណៈប្រតិភូមកចូលរួមពិធីរំលឹកខួប ហើយអបអរសាទរវៀតណាមចំពោះការរៀបចំពិធីប្រកបដោយជោគជ័យ។ លោកចាត់ទុកថា ប្រទេសទាំងពីរមានផលប្រយោជន៍ជាច្រើនសម្រាប់ការបង្កើនការផ្លាស់ប្តូរ ការពិគ្រោះយោបល់ និងការរៀនសូត្រពីគ្នាទៅវិញទៅមក។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសអាស៊ែបៃហ្សង់ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ លោកបានសង្កត់ធ្ងន់ថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានច្រើន ដោយអះអាងថា នឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិយ៉ាងសកម្ម ដូចដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង សំដៅរួមចំណែកយ៉ាងសំខាន់ និងមានប្រសិទ្ធភាពដល់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh