លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមជានិច្ចកាលគោរព និងរក្សាទំនាក់ទំនងមិត្តភាពពិសេសរវាងវៀតណាម និងគុយបា ដែលជាទំនាក់ទំនងគំរូក្នុងទំនាក់ទំនងអន្តរជាតិ ដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរជាច្រើនជំនាន់។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Miguel Díaz-Canel Bermúdez លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា

លោក Miguel Díaz-Canel Bermúdez បានសម្តែងនូវការចាប់អារម្មណ៍ចំពោះសមិទ្ធិផលសេដ្ឋកិច្ច សង្គម និងកិច្ចការបរទេសរបស់វៀតណាមនាពេលកន្លងមកនេះ ក៏ដូចជាបរិយាកាសដ៏អង់អាច ក្លាហាន និងមោះមុតក្នុងពិធីអបអរសាទរដ៏ធំសម្បើមរបស់វៀតណាម ហើយចាត់ទុកថា លទ្ធផលទាំងនេះបានលើកទឹកចិត្តសម្រាប់បុព្វហេតុបដិវត្តន៍របស់ប្រជាជនគុយបា។ លោក Miguel Díaz-Canel Bermúdez បានបញ្ជាក់ពីគោលបំណងប្រាថ្នារបស់បក្ស រដ្ឋ និងប្រជាជនគុយបា ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លោកក៏ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាមដែលជួយគុយបាក្នុងការជំនះការលំបាកដែលទាក់ទងនឹងការហ៊ុមព័ទ្ធ និងបរិបទអន្តរជាតិដែលមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបន្តជួយគាំទ្រគុយបាដើម្បីធានាសន្តិសុខស្បៀងនៅគុយបា ក៏ដូចជាវិស័យថាមពល និងជីវបច្ចេកវិទ្យា។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់របស់ភាគីទាំងពីរ។ លោកក៏បានលើកឡើងវិធានការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ក្នុងស្មារតីចែករំលែក និងរួមដំណើរជាមួយគ្នាដើម្បីការអភិវឌ្ឍរួម។

ភាគីទាំងពីរបានឯកភាពបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ហើយឯកភាពលើកកំពស់ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី សកម្មភាពសហប្រតិបត្តិការវប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនក្នុង “ឆ្នាំមិត្តភាពវៀតណាម - គុយបា ឆ្នាំ២០២៥” និងឆ្នាំបន្តបន្ទាប់។ ភាគីទាំងពីរបានពង្រឹងកិច្ចសហការ ការផ្លាស់ប្តូរ និងការជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា យន្តការពហុភាគី និងអង្គការអន្តរជាតិដែលប្រទេសទាំងពីរជាសមាជិក។ ភាគីទាំងពីរព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសង្គម-នយោបាយ និងមូលដ្ឋាននៃប្រទេសទាំងពីរ បង្កើនការផ្ដល់ព័ត៌មាន ការផ្សព្វផ្សាយ ការបណ្តុះបណ្តាល និងការអប់រំសម្រាប់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរអំពីប្រពៃណីទំនាក់ទំនងពិសេស គំរូ និងភាពស្មោះត្រង់រវាងប្រជាជាតិទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តផ្តល់អាទិភាពដល់ការបង្កើតលក្ខខណ្ឌអំណោយផល និងលើកទឹកចិត្តដល់ការពង្រីកការចូលរួមរបស់អង្គការ និងធុរកិច្ចនៃប្រទេសទាំងពីរក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសលើវិស័យសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដែលបានព្រមព្រៀងដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាការពង្រីកវិស័យសក្តានុពលផ្សេងៗទៀត។

*នារសៀលថ្ងៃទី២ ខែកញ្ញា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Miguel Díaz-Canel Bermúdez លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា បានជួបសំណេះសំណាលជាមួយធុរកិច្ចវៀតណាម ដើម្បីពិភាក្សា និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។

*សូមរំលឹកថា នាថ្ងៃត្រង់ ថ្ងៃទី២ ខែកញ្ញា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបសន្ទនាជាមួយលោក Miguel Díaz-Canel Bermúdez លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា។ លោក Tran Thanh Man ប្រធានរដ្ឋសភា បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំង និងប្តេជ្ញាពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពពិសេសលើគ្រប់វិស័យរវាងវៀតណាម និងគុយបា។ លោកប្រធានរដ្ឋសភាបានអះអាងថា វៀតណាមជានិច្ចកាលរួមដំណើរ និងជួយគាំទ្របុព្វហេតុបដិវត្តន៍របស់ប្រជាជនគុយបា។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមនិងលោក Miguel Díaz-Canel Bermúdez លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា ជាមួយបណ្តាប្រតិភូ

លោក Tran Thanh Man ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាគុយបាក្នុងការបង្កើនដំណើរទស្សនកិច្ច និងជំនួបជាន់ខ្ពស់ រៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាវៀតណាម-គុយបា ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន និងរវាងក្រុមសមាជិកសភាមិត្តភាពទាំងពីរ ហើយបង្កើនការចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ កិច្ចសហការប្រកបដោយប្រសិទ្ធភាពនៅសហភាពអន្តរសភា (IPU) និងវេទិកាសភាពហុភាគី ...

លោក Miguel Díaz-Canel Bermúdez លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា បានវាយតំលៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីនាពេលថ្មីៗនេះ។ លោក Miguel Díaz-Canel Bermúdez បានសម្តែងនូវមនោសញ្ចេតនា និងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការជួយគាំទ្ររបស់វៀតណាម ហើយថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមដែលបានរៀបចំកម្មវិធីជួយគាំទ្រប្រជាជនគុយបាក្នុងឱកាសរំលឹកខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត ដោយចាត់ទុកថានេះជាការបង្ហាញពីប្រពៃណីសាមគ្គីភាព មិត្តភាព ភាពបរិសុទ្ធ និងស្មោះត្រង់រវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh