ពិធីបើកកម្មវិធីផ្លាស់ប្ដូរមិត្តភាពវៀតណាម-អាមេរិក
កប.អនឡាញ - នាយប់ថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុងហូជីមិញ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បេសកកម្មការទូតអាមេរិកប្រចាំនៅវៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានសហការរៀបចំពិធីបើកកម្មវិធីផ្លាស់ប្ដូរមិត្តភាពវៀតណាម - អាមេរិក ក្នុងឱកកាសរំលឹកខួបលើកទី ៣០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម និងអាមេរិក (១៩៩៥ - ២០២៥)។
ក្នុងសុន្ទរកថាបើក លោក Dong Huy Cuong អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានរំលឹកឡើងវិញនូវទំនាក់ទំនងរវាងវៀតណាម និងអាមេរិក ដោយចាត់ទុកថា ក្នុងដំណើរការអភិវឌ្ឍទំនាក់ទំនងវៀតណាម - អាមេរិក កិច្ចសហប្រតិបត្តិការវប្បធម៌ - អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន គឺជាមូលដ្ឋានប្រកបដោយរឹងមាំដើម្បីលើកកម្ពស់ការយល់ដឹង ទំនុកចិត្ត និងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ហើយជាសសរស្តម្ភសំខាន់មួយក្នុងក្របខ័ណ្ឌនៃទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព”។
ក្នុងប៉ុន្មានឆ្នាំកន្លងមក សម្ព័ន្ធអង្គការមិត្តភាពវៀតណាម សមាគមវៀតណាម-អាមេរិក និងអង្គការមិត្តភាពវៀតណាម-អាមេរិកនៅតាមមូលដ្ឋាននៃប្រទេសទាំងពីរបានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ មិត្តភាពរវាងប្រជាជនវៀតណាមជាមួយដៃគូអាមេរិក។ កម្មវិធីផ្លាស់ប្ដូរមិត្តភាពនាថ្ងៃនេះនៅទីក្រុងហូជីមិញមានភាពទាក់ទាញ និងផ្សព្វផ្សាយសារសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រទេសទាំងពីរ។
    |
 |
ស្ដង់តាំងបង្ហាញម្ហូបអាហារអាមេរិក (រូបថត៖ vnanet.vn) |
លោកស្រី Melissa A. Brown អគ្គកុងស៊ុលអាមេរិកប្រចាំទីក្រុងហូជីមិញបានចាត់ទុកថា កម្មវិធីផ្លាស់ប្តូរមិត្តភាពបានបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងភាពជាដៃគូ និងទំនាក់ទំនងការទូតប្រជាជន រវាងអាមេរិកនិងវៀតណាម។
យោងតាមលោកស្រីអគ្គកុងស៊ុលអាមេរិក ទំនាក់ទំនងការទូតប្រជាជនរវាងប្រទេសទាំងពីរគឺជាស្នូលនៃទំនាក់ទំនងអាមេរិក-វៀតណាម។ កម្មវិធីនេះបង្ហាញថា ទំនាក់ទំនងភាពជាដៃគូរវាងប្រទេសទាំងពីរមិនត្រឹមតែជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ ដើម្បីកសាងអនាគតល្អជាង។
នៅក្នុងកម្មវិធី ប្រជាជនរាប់ពាន់នាក់ដែលភាគច្រើនជានិស្សិត និងយុវជននៅទីក្រុងហូជីមិញបានមកទស្សនា និងចូលរួមសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងកីឡា ល្បែងប្រជាប្រិយនៃប្រទេសទាំងពីរ ហើយទទួលទានម្ហូបអាមេរិក ចូលរួមសកម្មភាពបង្ហាញពីសមិទ្ធិផលក្នុងការអភិវឌ្ឍនៃទំនាក់ទំនងការទូតវៀតណាម-អាមេរិក...
កម្មវិធីផ្លាស់ប្តូរមិត្តភាពវៀតណាម - អាមេរិក មានគោលបំណងផ្សព្វផ្សាយអំពីវប្បធម៌ និងចំណងមិត្តភាពរវាងប្រជាជនវៀតណាម និងប្រជាជនអាមេរិក និងអំពីស្មារតីសុខដុមរមនា ការផ្សះផ្សា កិច្ចសហប្រតិបត្តិការ ដើម្បីឆ្ពោះទៅអនាគត ដោយអះអាងថា ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងទំនាក់ទំនងទ្វេភាគី ព្រមទាំង បង្កើតកម្លាំងចលករសម្រាប់ជម្រុញឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងវៀតណាម - អាមេរិក៕
បកប្រែដោយ Thuy Anh