កិច្ចសហប្រតិបត្តិការវៀតណាម-ឡាវបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា
កប.អនឡាញ - នាព្រឹកថ្ងៃទី ៩ ខែកញ្ញា លោក Le Hoai Trung លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជារដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Thongsavanh Phomvihane សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ។
លោក Thongsavanh Phomvihane បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដ៏សំខាន់ និងលេចធ្លោនៃផ្នែកកិច្ចការបរទេសរបស់វៀតណាម នាពេលកន្លងមកនេះ រួមទាំងការពង្រឹង និងការពង្រីកដោយឥតឈប់ឈរនៃទំនាក់ទំនងពិសេសឡាវ-វៀតណាម។ លោក Thongsavanh Phomvihane បានសង្កត់ធ្ងន់ថា ការអនុវត្តកិច្ចសហប្រតិបត្តិការនាពេលកន្លងមកនេះ ជាពិសេសការដឹកនាំរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ ត្រូវបានអនុវត្តយ៉ាងសកម្ម មានប្រសិទ្ធភាព និងជាក់ស្តែង។
    |
 |
លោក Le Hoai Trung ជួបសន្ទនាតាមទូរស័ព្ទ ជាមួយលោក Thongsavanh Phomvihane (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
ក្នុងជំនួប លោក Le Hoai Trung បានវាយតំលៃថា ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងឡាវ បាននិងកំពុងអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ កាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង។ លោកអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើទំនាក់ទំនងសហប្រតិបត្តិការជាមួយឡាវ។ លោកបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីការបរទេសឡាវ ដើម្បីរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងរវាងក្រសួងការបរទេសទាំងពីរនិយាយដោយឡែក។
រដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ និងរៀបចំឲ្យបានល្អសម្រាប់សកម្មភាពសំខាន់ៗរបស់ប្រទេសនីមួយៗ ក៏ដូចជារវាងប្រទេសទាំងពីរនាពេលខាងមុខ ជាពិសេសគឺការបង្កើតរបកគំហើញក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។ វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ និងជួយគាំទ្រឡាវក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តអនុវត្តល្អនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ ជំរុញប្រកបដោយប្រសិទ្ធភាពនូវយន្តការពិគ្រោះយោបល់ប្រចាំឆ្នាំរវាងថ្នាក់ដឹកនាំ និងស្ថាប័នមានសមត្ថកិច្ចនៃក្រសួងទាំងពីរ ព្រមទាំងជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងតំបន់៕
បកប្រែដោយ Thuy Anh