នាថ្ងៃទី ១៥ ខែកញ្ញា នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (ហាណូយ) បានប្រព្រឹត្តទៅពិធីបិទការតាំងពិព័រណ៍សមិទ្ធិផលជាតិក្នុងឱកាសខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ ក្រោមប្រធានបទ “៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល”។ អញ្ជើញចូលរួមពិធីបិទមានលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម រួមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា ថ្នាក់ដឹកនាំក្រសួង ស្ថានប័ន និងមូលដ្ឋានមួយចំនួន។
ក្នុងពិធីបើកនៅថ្ងៃទី ២៨ ខែសីហា ពិព័រណ៍នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ២ ខែកញ្ញា ដោយមានការចូលរួមពីក្រសួង ស្ថាប័នមជ្ឈិម មូលដ្ឋាន សហគ្រាស សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗជាច្រើន ដែលមានស្តង់តាំងពិព័រណ៍ជាង ២៣០ ស្តង់។ ពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនាជាង ១០ លាននាក់មកទស្សនា។ ក្នុងនោះ នៅថ្ងៃទី១៣ ខែកញ្ញា ពិព័រណ៍ទទួលអ្នកទស្សនាជាង ១.៣ លាននាក់។
មានប្រសាសន៍ក្នុងពិធិ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា ពិព័រណ៍បានបង្ហាញពីការឯកភាព គំនិតច្នៃប្រឌិត និងការខិតខំប្រឹងប្រែងរបស់ប្រទេសជាតិទាំងមូលក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ រួមចំណែកលើកកម្ពស់ភាពរឹងមាំនៃមហាសាមគ្គីជាតិ ទន្ទឹមនឹងនោះ រួមចំណែកផ្សព្វផ្សាយ និងអប់រំអំពីប្រពៃណីស្នេហាជាតិ ពង្រឹងជំនឿទុកចិត្តរបស់ប្រជាជន និងជាឱកាសសំខាន់ដើម្បីលើកតម្កើងរូបភាពវៀតណាមប្រកបដោយភាពស្វាហាប់ ច្នៃប្រឌិត ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយសហគមន៍អន្តរជាតិ។
ក្នុងឱកាសនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបក្ស និងរដ្ឋ បានប្រគល់ប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីជូនអង្គភាព និងបុគ្គលមួយចំនួន រួមទាំងក្រសួងការពារប្រទេសដែលមានស្នាដៃល្អក្នុងការងាររៀបចំ និងចូលរួមការតាំងពិព័រណ៍៕
បកប្រែដោយ Duy Hoan
Type the code from the image