APEC ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍផ្នែកជលផលប្រកបដោយនិរន្តរភាព និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងហាណូយ សិក្ខាសាលា APEC ស្តីពី “ការអភិវឌ្ឍផ្នែកជលផលប្រកបដោយនិរន្តរភាព បង្កើនការបន្សាំ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ត្រូវបានបើក។ សិក្ខាសាលានេះត្រូវបានរៀបចំដោយក្រសួងការបរទេស ក្រសួងកសិកម្មនិងបរិស្ថានវៀតណាម និងលេខាធិការដ្ឋានអន្តរជាតិ APEC។
នេះគឺជាគំនិតផ្តួចផ្តើមដែលលើកឡើងដោយប្រទេសវៀតណាម និងត្រូវបានអនុម័តនៅឆ្នាំ២០២៣ ក្នុងក្របខ័ណ្ឌនៃក្រុមការងារមហាសមុទ្រ និងនេសាទ (OFWG)។ គំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រ និងកិច្ចសហការពីសេដ្ឋកិច្ចជាសមាជិកចំនួន៨ រួមមាន អូស្ត្រាលី ចិន ឈីលី ជប៉ុន ប៉េរូ តៃប៉ិ (ចិន) ថៃ និងសិង្ហបុរី។
    |
 |
វាគ្មិនមកពីប្រទេសឥណ្ឌូនេស៊ី នូវែលសេឡង់ ម៉ាឡេស៊ី និងវៀតណាម ចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍជលផលប្រកបដោយនិរន្តរភាព (រូបថត៖ baoquocte.vn) |
សិក្ខាសាលានេះមានការចូលរួមពីវាគ្មិន ប្រតិភូជាតិនិងអន្តរជាតិជាង ៧០ នាក់ រួមទាំងតំណាងនៃខឿនសេដ្ឋកិច្ចជាសមាជិក APEC តំណាងអង្គការអន្តរជាតិមួយចំនួនដូចជា អង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី (UN Women) អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO)... ព្រមទាំងតំណាងនៃតំបន់ សមាគម វិទ្យាស្ថានស្រាវជ្រាវ និងធុរកិច្ចមួយចំនួនរបស់វៀតណាម។
ថ្លែងសុន្ទរកថាបើកក្នុងពិធីនេះ លោក Pham Quang Toan អនុប្រធាននាយកដ្ឋានជលផល និងត្រួតពិនិត្យនេសាទ ក្រសួងកសិកម្មនិងបរិស្ថានវៀតណាម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្នែកជលផលសម្រាប់សន្តិសុខស្បៀង ការបង្កើតការងារសម្រាប់ប្រជានេសាទរាប់រយលាននាក់ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់។ វៀតណាមបាននិងកំពុងអនុវត្តគោលនយោបាយជាច្រើនដូចជា ការគ្រប់គ្រងការនេសាទ IUU ការអភិវឌ្ឍវារីវប្បកម្មបច្ចេកវិទ្យាខ្ពស់ ឆ្លាតវៃ និងផែនការសកម្មភាពដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ល។
សិក្ខាសាលាក៏បានពិភាក្សាលើប្រធានបទដូចខាងក្រោម៖ ឱកាស និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍផ្នែកជលផលក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ; ចែករំលែកបទពិសោធន៍និងគំរូពីខឿនសេដ្ឋកិច្ចនានាដែលជាសមាជិក APEC និងអង្គការអន្តរជាតិ; ពង្រឹងកិច្ចសហប្រតិបត្តិការ APEC ក្នុងការអនុវត្តផែនការសកម្មភាព Aotearoa និងចក្ខុវិស័យ APEC Putrajaya 2040 ឆ្ពោះទៅរកការអភិវឌ្ឍការនេសាទប្រកបដោយនិរន្តរភាព៕
បកប្រែដោយ Thuy Anh