បច្ចេកវិជ្ជា “Make in Vietnam” បញ្ជាក់ពីតួនាទីរបស់វៀតណាមនៅលើផែនទីពិភពលោក
កប.អនឡាញ - ផលិតផលបច្ចេកវិជ្ជា “Make in Vietnam” ដែលត្រូវបានផលិតក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ កំពុងបញ្ជាក់ពីសមត្ថភាពរបស់វៀតណាមក្នុងការច្នៃប្រឌិត និងលើកកំពស់តួនាទីរបស់វៀតណាមនៅលើផែនទីបច្ចេកវិជ្ជាសកល។ សមិទ្ធិផលនៃផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលកំពុងបង្កើតសន្ទុះសម្រាប់ប្រទេសវៀតណាមចូលទៅក្នុងយុគសម័យថ្មី។
សមិទ្ធិផលក្នុងការធ្វើជាម្ចាស់បច្ចេកវិទ្យា
ពិព័រណ៍សមិទ្ធិផលជាតិ “៨០ឆ្នាំនៃដំណើរឯករាជ្យ-សេរីភាព-សុភមង្គល” កំពុងទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុង និងក្រៅប្រទេសយ៉ាងច្រើនកុះករមកទស្សនា។ ស្ដង់តាំងពិព័រណ៍ដែលទាក់ទាញប្រជាជន ភាគច្រើនគឺការតាំងបង្ហាញផលិតផលបច្ចេកវិជ្ជាថ្មីៗរបស់ក្រសួង ស្ថាប័ន និងធុរកិច្ច ចាប់ពីមនុស្សយន្ត យន្តហោះគ្មានមនុស្សបើក ដល់ពិភពពិតនិម្មិត (Virtual Reality)…
    |
 |
បច្ចេកវិទ្យា UAV ត្រូវបានតាំងបង្ហាញនៅក្នុងពិព័រណ៍សមិទ្ធិផលជាតិ (រូបថត៖ baotintuc.vn) |
នៅឯការតាំងពិព័រណ៌ ទស្សនិកជនជាច្រើនបានប្រមូលផ្តុំជុំវិញមនុស្សយន្តរបស់ VinMotion ដែលមានកម្ពស់ជិត ១.៧ ម៉ែត្រ អាចដើរ គ្រវីដៃ និយាយភាសាវៀតណាម ឬបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក Hera ដែលជាយន្តហោះដ្រូនអាចបត់បានឈានមុខគេលើពិភពលោក ដែលត្រូវបានស្រាវជ្រាវ រចនា និងផលិតដោយជនជាតិវៀតណាម ហើយកំពុងត្រូវបានប្រើប្រាស់នៅក្នុងវិស័យការពារជាតិ សន្តិសុខ និងកិច្ចការស៊ីវិល និងត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិកផងដែរ...
ទស្សនិកជនភាគច្រើនយល់ស្របថា ពិព័រណ៍នេះបង្ហាញពីលទ្ធផលនៃដំណើរអភិវឌ្ឍន៍ក្នុងរយៈពេលវែងរបស់វៀតណាម ពីប្រទេសកសិកម្មដែលមានការលំបាកជាច្រើន កំពុងខិតខំដើម្បីធ្វើជាម្ចាស់បច្ចេកវិទ្យា។
នៅក្នុងការធ្វើបរិវត្តកម្មឌីជីថលជាតិ កម្មវិធីកំណត់អត្តសញ្ញាណអេឡិចត្រូនិក VneID បានក្លាយជា "គន្លឹះឌីជីថល" សម្រាប់ប្រជាជន។ កម្មវិធីត្រូវបានក្រសួងនគរបាលអនុវត្តពីឆ្នាំ២០២២ ដោយមានសេវាកម្មសាធារណៈតាមអ៊ីនធឺណិតជាច្រើន៖ ការប្រកាសទីលំនៅបណ្តោះអាសន្ន ការទូទាត់វិក្កយបត្រ ការភ្ជាប់ជាមួយពន្ធ និងការធានារ៉ាប់រងសង្គម... កម្មវិធីនេះបានជួយសន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិកនៃប្រទេសវៀតណាមចំណាត់ថ្នាក់ទី៧១ នៅលើពិភពលោកនៅឆ្នាំ២០២៤។
ការកសាងម៉ាកយីហោ “Make in Vietnam”
លោក Huynh Thanh Dat អនុប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបានឲ្យដឹងថា ចាប់តាំងពីអនុវត្តការផ្លាស់ប្ដូរថ្មីនៅឆ្នាំ ១៩៨៦ មក បក្សកុម្មុយនិស្តវៀតណាមតែងតែចាត់ទុកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ដើម្បីជំរុញការអភិវឌ្ឍ។ ចាប់ពីឆ្នាំ២០០០ ដល់បច្ចុប្បន្ន ប្រព័ន្ធច្បាប់ឯកទេសត្រូវបានកសាង៖ ច្បាប់ស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា ច្បាប់ស្តីពីបច្ចេកវិទ្យាខ្ពស់...
    |
 |
សព្វាវុធជាមួយបច្ចេកវិជ្ជាថ្មីៗនៅទីតាំងតាំងពិព័រណ៍របស់ក្រសួងការពារប្រទេសនៅឯពិព័រណ៍សមិទ្ធិផលជាតិ (រូបថត៖ baotintuc.vn) |
ដើម្បីលើកទឹកចិត្តធុរកិច្ច ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានរៀបចំពានរង្វាន់ប្រចាំឆ្នាំ “ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Viet Nam” ចាប់តាំងពីឆ្នាំ ២០២០។ លោក Nguyen Khac Lich ប្រធាននាយកដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន (ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា) បានឲ្យដឹងថា៖ ឆ្នាំ២០២៥ គឺជាឆ្នាំដែលពានរង្វាន់ត្រូវបានរៀបចំលើកទី៦ ហើយជាលើកទី១ ដែលប្រគល់រង្វាន់ដល់ផលិតផលបច្ចេកវិទ្យាឌីជីថលក្នុងបញ្ជីផលិតផលបច្ចេកវិទ្យាឌីជីថលល្អចំនួន១១ ដែលទើបអនុម័តដោយរដ្ឋាភិបាល។
ផលិតផលបច្ចេកវិជ្ជា "Make in Vietnam" កំពុងកសាងរូបភាពនៃប្រទេសវៀតណាមដែលមានភាពស្វាហាប់ ច្នៃប្រឌិត ត្រៀមខ្លួនរួចជាស្រេចសម្រាប់សមាហរណកម្ម។ កិច្ចសហការរវាងគោលនយោបាយ ធុរកិច្ច និងសហគមន៍វិទ្យាសាស្ត្របានបង្កើតឱកាស និងកម្លាំងថ្មីសម្រាប់ប្រទេសប្រែ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្លាយទៅជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមឈានចូលយុគសម័យច្នៃប្រឌិត និងចំណេះដឹង៕
បកប្រែដោយ Thuy Anh