អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបក្នុងការបណ្តុះបណ្តាលនាយទាហានវៀតណាម-កម្ពុជា
កប.អនឡាញ - នាថ្ងៃទី ១៥ ខែកញ្ញា សាលានាយទាហានកងទ័ពជើងគោកលេខ២ (សកលវិទ្យាល័យ Nguyen Hue នៅខេត្ត Dong Nai ប្រទេសវៀតណាម) បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦។
មានប្រសាសន៍ក្នុងពិធី លោកឧត្តមសេនីយ៍ទោ Luong Dinh Lanh នាយកសាលានាយទាហានទ័ពជើងគោកលេខ២ បានឲ្យដឹងថា បន្ទាប់ពីរយៈពេល ៦៤ ឆ្នាំនៃការកសាង ការប្រយុទ្ធ និងការរីកចម្រើន សាលាបានបណ្តុះបណ្តាលនាយទាហានជាង ៧ ម៉ឺននាក់សម្រាប់កងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ។ សិក្ខាកាមជាច្រើនបានក្លាយជាឧត្តមសេនីយ៍ និងកម្មាភិបាលស្នូលទាំងក្នុង និងក្រៅជួរកងទ័ព។
    |
 |
សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងត្រូវបានបណ្តុះបណ្តាលនៅសាលា (រូបថត៖ vnanet.vn) |
ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាបានប្តេជ្ញាបន្តផ្លាស់ថ្មីនូវខ្លឹមសារ និងវិធីសាស្រ្តបង្រៀន អនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេច សារាចររបស់ថ្នាក់លើ ជាពិសេសទិសដៅរបស់ការិយាល័យនយោបាយស្តីពីរបកគំហើញក្នុងការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល។
នៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់សាលាក្នុងរយៈពេល ៦៤ ឆ្នាំកន្លងមក។ លោកបានស្នើឱ្យគណៈនាយកសាលាបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេច និងសារាចររបស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ជំរុញការផ្លាស់ថ្មីនូវវិធីសាស្រ្តអប់រំ និងការគ្រប់គ្រងសាលារៀនតាមបែបវិទ្យាសាស្ត្រ និងទំនើប។
    |
 |
លោកឧត្តមសេនីយ៍ឯក Vo Minh Luong មានប្រសាសន៍នៅក្នុងពិធីបើកបវេសនកាលនៅសាលានាយទាហានកងទ័ពជើងគោកលេខ២ (រូបថត៖ vnanet.vn) |
លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ក៏បានស្នើឱ្យមានការផ្លាស់ថ្មីនូវកម្មវិធី ខ្លឹមសារ និងវិធីសាស្រ្តបណ្តុះបណ្តាលក្នុងទិសដៅអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប ដើម្បីបម្រើដល់ការបណ្តុះបណ្តាលនាយទាហាន។ល។
ចំពោះសិក្ខាកាម លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានស្នើឱ្យកំណត់ឱ្យបានច្បាស់លាស់នូវកិត្តិយស និងទំនួលខុសត្រូវនៅពេលសិក្សា និងហ្វឹកហ្វឺនក្នុងបរិយាកាសដ៏មានកិត្យានុភាព ហាត់ពត់លត់ដំដោយឥតឈប់ឈរ លើកកំពស់ភាពក្លាហាន គុណសម្បត្តិ និងសមត្ថភាព ដើម្បីបំពេញតម្រូវការរបស់កងទ័ពក្នុងសម័យកាលថ្មី។
ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ឯក Vo Minh Luong ក៏បានសង្កត់ធ្ងន់ថា សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ សិក្សាឱ្យបានហ្មត់ចត់ ពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីបំពេញតាមតម្រូវការនៃបេសកកម្ម និងរួមចំណែកកសាងទំនាក់ទំនងមិត្តភាពប្រកបដោយនិរន្តរភាពរវាងវៀតណាម និងកម្ពុជា៕
បកប្រែដោយ Huyen Trang