សន្និសីទតភ្ជាប់ពាណិជ្ជកម្មវៀតណាម-កម្ពុជា នៅខេត្តស្វាយរៀង
កប.អនឡាញ - នារសៀលថ្ងៃទី២៧ ខែសីហា នាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម) បានសហការជាមួយសភាពាណិជ្ជកម្មខេត្តស្វាយរៀង រៀបចំសន្និសីទតភ្ជាប់ពាណិជ្ជកម្មវៀតណាម-កម្ពុជា (ខេត្តស្វាយរៀង)។
ក្នុងសុន្ទរកថាបើក លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃសន្និសីទ ហើយជឿជាក់ថា នេះជាឱកាសសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់បណ្តាញសម្រាប់ការធ្វើអាជីវកម្មទទួលបានជោគជ័យ។ លោក សុខ រស់ បានបញ្ជាក់ថា មូលដ្ឋាននឹងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីទាក់ទាញអ្នកវិនិយោគថ្មី នាំមកនូវអត្ថប្រយោជន៍ដល់អ្នកវិនិយោគចាស់ ជាពិសេសជួយគាំទ្រអ្នកវិនិយោគវៀតណាមក្នុងការវិនិយោគលើមណ្ឌលឧស្សាហកម្មជាមួយនឹងគោលនយោបាយអនុគ្រោះជាច្រើនរបស់ខេត្តស្វាយរៀង។
ក្នុងសន្និសីទនេះ លោក Bui Quang Hung នាយករងនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មបានឲ្យដឹងថា វិស័យពាណិជ្ជកម្មតាមព្រំដែនរវាងវៀតណាម និងកម្ពុជាមានអត្ថន័យដ៏សំខាន់។ ខេត្តស្វាយរៀងជាច្រកទ្វារពាណិជ្ជកម្មដ៏ស្វាហាប់រវាងប្រទេសទាំងពីរ។ នៅប៉ុន្មានឆ្នាំកន្លងមកនេះ ការផ្លាស់ប្តូរទំនិញ កិច្ចសហប្រតិបត្តិការកសិកម្ម ការធ្វើពាណិជ្ជកម្មតាមព្រំដែន ការវិនិយោគលើវិស័យផលិតកម្ម និងទេសចរណ៍រវាងធុរកិច្ចវៀតណាម និងខេត្តស្វាយរៀង ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។
    |
 |
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម) |
លោក Bui Quang Hung បានចាត់ទុកថា ចាំបាច់ត្រូវដាក់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការថ្មី ដើម្បីជម្រុញឲ្យទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ ភាគីទាំងពីរគប្បីជំរុញពាណិជ្ជកម្ម រៀបចំពិព័រណ៍ផ្សារណាត់ និងវេទិកាធុរកិច្ចប្រចាំឆ្នាំទាំងនៅវៀតណាម និងកម្ពុជា តាមរយៈនោះបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចជួបប្រជុំ សហប្រតិបត្តិការ និងតភ្ជាប់ក្នុងរយៈពេលវែង។ ទន្ទឹមនឹងដំណោះស្រាយបែបប្រពៃណី ចាំបាច់ត្រូវផ្តោតលើការអភិវឌ្ឍពាណិជ្ជកម្មតាមព្រំដែន បង្កើតលក្ខណៈងាយសម្រួលសម្រាប់ការដឹកជញ្ជូនទំនិញ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ logistics ពាណិជ្ជកម្មអេឡិចត្រូនិក និងការធ្វើបរិវត្តកម្មឌីជីថល លើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើអាជីវកម្ម និងស្របតាមនិន្នាការសកលភាវូបនីយកម្មនាបច្ចុប្បន្ន។ ភាគីទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន បង្កើតយន្តការសហប្រតិបត្តិការជាប្រចាំរវាងស្ថាប័នជម្រុញពាណិជ្ជកម្ម និងស្ថាប័នគ្រប់គ្រងពាណិជ្ជកម្ម ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងមានផលប្រយោជន៍ប្រកបដោយតុល្យភាព។
ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ ធុរកិច្ចវៀតណាម និងខេត្តស្វាយរៀងបានជួបប្រជុំ ផ្លាស់ប្តូរព័ត៌មាន អំពីធុរកិច្ច និងផលិតផលដែលសមស្របនឹងតម្រូវការប្រើប្រាស់របស់ទីផ្សារកម្ពុជា។ ព្រឹត្តិការណ៍នេះមិនត្រឹមតែរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព ឆ្ពោះទៅរកការអភិវឌ្ឍទីផ្សារយូរអង្វែង និងនិរន្តរភាព៕
បកប្រែដោយ Thuy Anh