ស្ថានទូត និងធុរកិច្ចវៀតណាមនៅកម្ពុជា ពិនិត្យសុខភាពដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ
កប.អនឡាញ - នាថ្ងៃទី៩ ខែសីហា ក្រុមហ៊ុន Viettel Cambodia (Metfone) សហការជាមួយសមាគមធុរកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងសមាគមជនខ្មែរដើមកំណើតវៀតណាម បានរៀបចំកម្មវិធីពិនិត្យសុខភាព ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងប្រគល់អំណោយដល់អាណិកជនវៀតណាម និងប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅរាជធានីភ្នំពេញ។
ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ ក្រុមគិលានុបដ្ឋាយិកា និងគ្រូពេទ្យចំនួន ៣៥ នាក់ មកពីមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៃសមាគមធុរកិច្ចវៀតណាមនៅកម្ពុជា ដូចជាមន្ទីរពេទ្យជោរៃ ភ្នំពេញ មន្ទីរពេទ្យពហុព្យាបាលលេខ១១៥ មន្ទីរពេទ្យមេគង្គជាដើម... បានផ្ដល់យោបល់ និងពិនិត្យសុខភាពដល់អាណិកជនវៀតណាម និងប្រជាពលរដ្ឋកម្ពុជាជាង ៦០០ នាក់ ដែលជាកម្មករមានចំណូលទាប និងមនុស្សចាស់នៅរាជធានីភ្នំពេញ។
    |
 |
ការធ្វើតេស្តឈាមសម្រាប់អ្នកជំងឺ (រូបថត៖ vov.vn) |
ក្នុងកម្មវិធីនេះ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ធុរកិច្ចវៀតណាមនៅកម្ពុជាក្នុងការថែទាំសុខភាពសហគមន៍។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា នេះជាសកម្មភាពដ៏មានអត្ថន័យក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ព្រមទាំង រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា។
លោក អ៊ុន វុត្ថា សមាជិកក្រុមប្រឹក្សាសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានចែករំលែកថា "ខ្ញុំសូមថ្លែងអំណរគុណចំពោះសមាគមខ្មែរ-វៀតណាមនៅកម្ពុជា គ្រូពេទ្យ និងសប្បុរសជនដែលបានផ្តល់អំណោយ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ... ជូនប្រជាជនកម្ពុជា។ វៀតណាមជាមិត្តដ៏កម្ររបស់កម្ពុជា។ ខ្ញុំសូមអរគុណ។ កម្ពុជា-វៀតណាមជាបងប្អូន"។
លោក Nguyen Hoang Trung អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានចែករំលែកថា អស់រយៈពេលជាច្រើនឆ្នាំ មិត្តហ្វូនបានរៀបចំសកម្មភាពសហគមន៍នៅទូទាំងប្រទេសកម្ពុជា៖ ផ្តល់អំណោយដល់ប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល ផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ ផ្តល់សេវាអ៊ីនធឺណិតឥតគិតថ្លៃដល់សាលារៀនជាច្រើននៅតំបន់ជួបការលំបាក។ល។ កម្មវិធីលើកនេះបញ្ជាក់ពីបាវចនា "អភិវឌ្ឍជាមួយសហគមន៍ បម្រើសេវាចេញពីបេះដូង" ដែលក្រុមហ៊ុនអនុវត្តក្នុងដំណើរប្រតិបត្តិការក្នុងប្រទេសកម្ពុជា៕
បកប្រែដោយ Thuy Anh