កម្លាំងចលករសម្រាប់ប្រជាជនរួចផុតពីភាពក្រីក្រ
កប.អនឡាញ - នាពេលកន្លងមកនេះ ខេត្ត Soc Trang បានផ្តោតលើការជម្រុញការអនុវត្តគម្រោង និងអនុគម្រោងទាំងឡាយ ដើម្បីជួយគាំទ្រការផ្លាស់ប្តូរមុខរបរ និងបង្កើតការងារធ្វើសម្រាប់ជនរួមជាតិខ្មែរ ក្នុងកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ (កម្មវិធីលេខ១៧១៩)។ តាមរយៈនោះ ជួយប្រជាជនមានឱកាសកាន់តែច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ហើយមានស្ថិរភាពក្នុងជីវភាពរស់នៅ។
ឃុំ Vinh Tan (ទីរួមខេត្ត Vinh Chau) ជាឃុំជាប់មាត់សមុទ្រដែលមានជនរួមជាតិខ្មែរជាច្រើនរស់នៅ (ស្រូបសមាមាត្រជាង ៦៨%)។ ការអនុវត្តកម្មវិធីលេខ១៧១៩ បានជួយឲ្យជីវភាពរស់នៅរបស់ជនរួមជាតិមានភាពប្រសើរឡើង។ ពីមុន គ្រួសាររបស់លោក Ly Hoang Son នៅភូមិ Tra Von A ឃុំ Vinh Tan ខ្វះដើមទុន និងគ្មានបទពិសោធន៍ក្នុងផលិតកម្ម ដូច្នេះហើយគ្រួសារមានភាពក្រីក្រ។ នៅឆ្នាំ ២០២២ លោក Son ទទួលបានការឧបត្ថម្ភហិរញ្ញវត្ថុពីអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តគំរូដាំបន្លែសុវត្ថិភាព។ ដោយសារមានដើមទុនវិនិយោគលើការសាងសង់ផ្ទះសំណាញ់សម្រាប់ដាំបន្លែ និងមានការណែនាំបច្ចេកទេសពីកម្មាភិបាល រហូតមកដល់ពេលនេះ គ្រួសាររបស់លោក Son បានរួចផុតពីភាពក្រីក្រ សាងសង់ផ្ទះធំទូលាយ ហើយកូនៗអាចទៅរៀនបាន។
មិនត្រឹមតែគ្រួសាររបស់លោក Son ប៉ុណ្ណោះទេ នៅឃុំ Vinh Chau មានគ្រួសាររាប់រយគ្រួសារទទួលបានអត្ថប្រយោជន៍ពីកម្មវិធីលេខ១៧១៩។ លោក Tran Tri Van អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្ត Vinh Chau បានឲ្យដឹងថា នាពេលកន្លងមក ដោយអនុវត្តកម្មវិធីលេខ១៧១៩ ឃុំ Vinh Chau បានផ្ដល់ថវិកាជាង ៤.១ ពាន់លានដុងដល់ឃុំ និងសង្កាត់ដើម្បីអនុវត្តគំរូចិញ្ចឹមជ្រូក ពពែ គោ ក្តាម បង្គា... ចំនួន១៥ តាមរយៈនោះ គ្រួសារក្រីក្រ និងគ្រួសារជិតបន្ទាត់ក្រីក្រដែលជាជនជាតិខ្មែរចំនួន ៣៥២ គ្រួសារ បានអភិវឌ្ឍសេដ្ឋកិច្ច និងមានស្ថិរភាពក្នុងជីវភាពរស់នៅ។
|
|
លោកស្រី Lam Thi Sa Ly (ស្តាំ) ចូលរួមទម្រង់ត្បាញថូភូមិ Vinh Hoa ឃុំ Vinh Quoi ទីរួមខេត្ត Nga Nam ខេត្ត Soc Trang |
បច្ចុប្បន្ន ភូមិ Vinh Hoa ឃុំ Vinh Quoi (ទីរួមខេត្ត Nga Nam) មានគ្រួសារចំនួន ២៥០ គ្រួសារ ភាគច្រើនជាជនជាតិខ្មែរ។ ដើម្បីជួយប្រជាជនឲ្យរួចផុតពីភាពក្រីក្រ អាជ្ញាធរមូលដ្ឋានបានអនុវត្តគំរូត្បាញថូ។ មកដល់បច្ចុប្បន្ន ៩០% គ្រួសារនៅក្នុងភូមិបានចូលរួមគំរូនេះ តាមរយៈនោះ នាំមកនូវប្រាក់ចំណូលជាមធ្យមសម្រាប់ប្រជាជនពី ៧០,០០០ ទៅ ១០០,០០០ ដុង/ម្នាក់/ថ្ងៃ។ ពីមុន គ្រួសាររបស់លោកស្រី Lam Thi Sa Ly មិនមានដីសម្រាប់ផលិតទេ ហើយប្តីប្រពន្ធត្រូវធ្វើការជាកម្មករស៊ីឈ្នួល ដូច្នេះប្រាក់ចំណូលមិនគ្រប់គ្រាន់សម្រាប់ការចំណាយក្នុងជីវភាពរស់នៅ។ ដោយសារចូលរួមគំរូតម្បាញថូ ជីវភាពរស់នៅរបស់គ្រួសារបង Sa Ly ផ្លាស់ប្តូរជាបណ្ដើរៗ។
លោកស្រី Ly Rotha ប្រធានគណៈកម្មាធិការជនជាតិខេត្ត Soc Trang បានឲ្យដឹងថា ដោយអនុវត្តកម្មវិធីលេខ ១៧១៩ ចាប់ពីឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន ខេត្ត Soc Trang បាននិងកំពុងជួយគាំទ្រការផ្លាស់ប្តូរមុខរបរសម្រាប់គ្រួសារជាង ៤,៥០០ ជាមួយទឹកប្រាក់ជាង ៤៥.៦ ពាន់លានដុង ឧបត្ថម្ភដីលំនៅឋានជូនគ្រួសារចំនួន ៣៣៨ គ្រួសារ ផ្ដល់ទឹកស្អាតសម្រាប់គ្រួសារចំនួន ១,២២៣ គ្រួសារ អនុវត្តសំណង់ចំនួន ១១៣ នៅតំបន់ជនជាតិភាគតិច... ខេត្ត Soc Trang ក៏មានមូលដ្ឋានចំនួន ១៩ ចុះបញ្ជីបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ប្រជាជនចំនួន ៤៥,៧០០ នាក់ ដែលភាគច្រើនជាជនជាតិភាគតិច។ ដូច្នេះ គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ខេត្ត Soc Trang មានគ្រួសារជនជាតិភាគតិចក្រីក្រចំនួន ៤,១១៦ គ្រួសារប៉ុណ្ណោះ៕
បកប្រែដោយ Thuy Anh