គ្រួសារលោក Hoang Van Sy (ជនជាតិ Nung) ជាគ្រួសារក្រីក្រនៅភូមិ Tan Do ឃុំ Hoa Binh។ កាលពីមុន ដោយសារលោកមិនមានថវិកាដើម្បីសាងសង់អាងផ្ទុកទឹក លោក Sy ត្រូវដំឡើងបំពង់នាំទឹកពីជ្រោះមកផ្ទះដើម្បីបំរើការប្រើប្រាស់ប្រចាំថ្ងៃ។ ដោយអនុវត្តគម្រោងទី១ (ការដោះស្រាយកង្វះខាតដីលំនៅឋាន ដីសម្រាប់ផលិតកម្ម និងទឹកស្អាត) តាមកម្មវិធីលេខ ១៧១៩ នៅឆ្នាំ២០២៣ លោក Sy ទទួលបានបាសាំងទឹក ១ ធុង ដែលមិនត្រឹមតែរួមចំណែកដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ក្នុងជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយគ្រួសារទទួលបានទឹកស្អាតសម្រាប់បំរើការប្រើប្រាស់ប្រចាំថ្ងៃ។

បច្ចុប្បន្ន ភូមិ Bai Vang ឃុំ Hop Tien មានគ្រួសារជាង ១២០ គ្រួសារ ដោយមានប្រជាជនជាង ៤០០ នាក់ ក្នុងនោះ ៥០% ជាជនជាតិភាគតិច។ ពីមុន ភូមិក៏បានសាងសង់សំណង់ទឹកស្អាតដែរ ប៉ុន្តែក្រោយពីប្រើក្នុងរយៈពេលយូរ បំពង់ទឹកជាច្រើនត្រូវខូចខាត។ ដោយទទួលការយកចិត្តទុកដាក់ពីរដ្ឋ អ្នកភូមិ Bai Vang ត្រូវបានឧបត្ថម្ភគម្រោងទឹកស្អាតមួយដែលមានតម្លៃជិត ១.៧ ពាន់លានដុង។ បន្ទាប់ពីដាក់ឲ្យដំណើរការ គម្រោងនេះជួយគ្រួសារនៅភូមិ Bai Vang មានទឹកស្អាតដើម្បីប្រើប្រាស់។

leftcenterrightdel
តំបន់ជនជាតិភាគតិចនៅស្រុក Dong Hy មានការផ្លាស់ប្តូរជាច្រើន (រូបថត៖ dongy.thainguyen.gov.vn)

ទន្ទឹមនឹងការផ្ដល់ទឹកស្អាតសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ស្រុក Dong Hy ក៏យកចិត្តទុកដាក់ជាពិសេសដល់ការឧបត្ថម្ភលំនៅដ្ឋាន និងដីធ្លីជូនប្រជាពលរដ្ឋផងដែរ។ ដោយអនុវត្តគោលនយោបាយនេះ គ្រួសារជនជាតិភាគតិចក្រីក្រ និងជិតបន្ទាត់ក្រីក្រជាច្រើននៅស្រុក Dong Hy មានផ្ទះរឹងមាំ។ គ្រួសារលោកស្រី Dong Thi Dung នៅភូមិ Dat ឃុំ Van Lang គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយឧបត្ថម្ភលំនៅដ្ឋានក្នុងកម្មវិធីលេខ១៧១៩។ គ្រួសារលោកស្រី Dung មានស្ថានភាពលំបាកខ្លាំង។ ផ្ទះលោកស្រី រងការខូចខាតជាច្រើនឆ្នាំមកហើយ។ នៅចុងឆ្នាំ២០២៣ គ្រួសាររបស់លោកស្រី Dung ទទួលបានថវិកាចំនួន ៤៦ លានដុងពីរដ្ឋ រួមជាមួយនឹងប្រាក់កម្ចីពីធនាគារគោលនយោបាយសង្គម និងសាច់ញាតិ ដូច្នេះហើយលោកស្រីអាចសាងសង់ផ្ទះដោយមានតម្លៃប្រហែល ១៨០ លានដុង។

Dong Hy ជាស្រុកមួយដែលមានជនរួមជាតិភាគតិចរស់នៅជាច្រើន ហើយអត្រាគ្រួសារក្រីក្រគឺខ្ពស់ណាស់។ ការអនុវត្តកម្មវិធីលេខ ១៧១៩ បានជួយជនរួមជាតិភាគតិចនៅមូលដ្ឋានមានស្ថិរភាពក្នុងជីវភាពរស់នៅ។ តាមរយៈការត្រួតពិនិត្យ ស្រុកទាំងមូលមានគ្រួសារជនជាតិភាគតិចក្រីក្រចំនួន ១៥០ គ្រួសារដែលមានតម្រូវការសាងសង់ផ្ទះថ្មី។ មកទល់នឹងពេលនេះ គ្រួសារចំនួន ៣៦ គ្រួសារ ទទួលបានប្រាក់ជំនួយសម្រាប់ការសាងសង់ផ្ទះ ជាមួយនឹងថវិកាចំណាយសរុបជាង ១.៦៥ ពាន់លានដុង។ ទន្ទឹមនឹងនោះ ស្រុកក៏បានជួយឧបត្ថម្ភថវិកាសាងសង់គម្រោងផ្គត់ផ្គង់ទឹកស្អាតជូនគ្រួសារចំនួន ១,០៥៨ គ្រួសារ ហើយវិនិយោគលើការសាងសង់ និងដាក់ឲ្យប្រើប្រាស់នូវគម្រោងទឹកស្អាតក្នុងស្រុកចំនួន ៥ នៅតាមភូមិមានស្ថានភាពលំបាក...

ដោយទទួលបានការយកចិត្តទុកដាក់ដោយទាន់ពេលវេលាពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នាពេលខាងមុខ កម្មវិធីនិងគម្រោងសម្រាប់តំបន់ជនជាតិភាគតិចនឹងបន្តត្រូវបានអនុវត្តយ៉ាងឆាប់រហ័សដោយស្រុក Dong Hy ជួយលើកស្ទួយជីវភាពរស់នៅរបស់ជនរួមជាតិនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ៕

បកប្រែដោយ Thuy Anh